អានតួអត្ថបទ
កម្ពុជា​-ថៃ

លោកហ៊ុន សែន គ្រោង​លើក​បញ្ហា​សង្គ្រាម​ខ្មែរ​ថៃ​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ក្រោយ

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ហ៊ុន សែន ​នឹង​លើក​យក​បញ្ហា​ផ្ទុះ​អាវុធ​រវាង​កងទ័ព​កម្ពុជា-ថៃ​នៅក្នុង​កិច្ច​ប្រជុំ ​កំពូល​អាស៊ាន​លើក​ក្រោយ​នេះ ប្រសិន​បើ​ការពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ថៃ​នៅ​ពេល​ខាង​មុខ​ត្រូវ​បរាជ័យ​នោះ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​នឹង​ត្រូវ​រៀបចំ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ ជា​ប្រធាន​វិល​ជុំ​ក្នុង​ពេល​បច្ចុប្បន្ន។

លោក ហ៊ុន សែន ធ្វើ​សន្និសីទ​កាសែត ថ្ងៃទី ១៧ កុម្ភៈ ២០១១
លោក ហ៊ុន សែន ធ្វើ​សន្និសីទ​កាសែត ថ្ងៃទី ១៧ កុម្ភៈ ២០១១ © Reuters
ផ្សាយពាណិជ្ជកម្ម
01:59

សេចក្តីរាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

ថ្វីដ្បិត​កាល​បរិច្ឆេទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​ត្រូវ​រៀបចំ​ដោយ​ឥណ្ឌូណេស៊ី​នៅ​មិន​ទាន់​ប្រកាស​អោយ​ដឹង​ក៏​ដោយ ក៏ប៉ុន្តែ​របៀបវារៈ​មួយ​នៃ​កិច្ចពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ត្រូវបាន​ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ រួចហើយ។ លោក ​ហ៊ុន សែន​ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​លើក​យក​បញ្ហា​ផ្ទុះ​អាវុធ​រវាង​កម្ពុជា​ថៃ​ ​ នៅក្នុង​ខែ​កុម្ភៈ កន្លង​ទៅ ​នោះ ដាក់​លើ​តុ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ក្រោយ​នេះ ប្រសិន​បើ​កិច្ចពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ថៃ​ត្រូវ​បរាជ័យ។

            យោង​តាម​ការអញ្ជើញ និង​ការ​រៀបចំ​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នោះ ឥណ្ឌូណេស៊ី​បាន​កំណត់​ពេលវេលា​នៃ​កិច្ចប្រជុំ​សា​ជា​ថ្មី សម្រាប់​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន​កម្ពុជា​ថៃ នៅ​ថ្ងៃ​ទី​៧-៨​ខែ​មេសា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ និង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​នៅក្នុង​ទីក្រុង​បូហ្គោ​ប្រទេស​ឥណ្ឌូណេស៊ី។ ទន្ទឹមគ្នា​នេះ​ផង​ដែរ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​ក៏​បាន​ស្នើ​រៀបចំ​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ថៃ​ផង​ដែរ ដែល​គោលដៅ​គឺ​សំដៅ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជាថៃ​ដូចគ្នា។

            សេចក្តី​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅថ្ងៃនេះ ដែល​គ្រោង​លើក​យក​បញ្ហា​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​ដាក់​លើ​តុ​អាស៊ាន អាច​ជា​ការព្រមាន​ទុក​ជា​មុន​ចំពោះ​រដ្ឋាភិបាល​ក្រុង​បាងកក ខណៈពេល​ដែល​ក្រុង​បាងកក​កំពុង​តែ​ខ្លាច មិនចង់​អោយ​ជម្លោះ​កម្ពុជា​ត្រូវបាន​ផ្សព្វផ្សាយ​ជា​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ក្តី និង​អង្គការ​សហប្រជាជាតិ​ក្តី។

            នៅពេល​ដែល​ទីក្រុង​បាងកក​នៅតែ​ទន្ទេញ​ជាប់​មាត់​ថា​ចង់​ដោះស្រាយ​ជម្លោះ​ដោយ​ទ្វេ​ភាគី​ជាមួយ​កម្ពុជា នៅលើ​សង្វៀន​ថៃ ឬ​កម្ពុជា​ក៏​បាន​នោះ លោក​ ហ៊ុន សែន កាល​ពីព្រឹកមិញ​នេះ​ក៏​បាន​ឆ្លើយ​តប​សា​​ជា​ថ្មី​ម្តង​ទៀត ថា​កម្ពុជា​នឹង​មិនផ្លាស់ប្តូរ​ជំហរ​នោះឡើយ។ ពោលគឺ ដោយ​មិន​បំបាក់​មុខ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​អាស៊ាន​ដែល​បាន​អន្តរាគម​លូក​ដៃ​ក្នុង​សំណុំ​រឿង​នេះ​ហើយ​នោះ ការ​ដោះស្រាយ​ជម្លោះ​កម្ពុជា​-ថៃ ត្រូវ​តែ​ប្រព្រឹត្ត​ទៅ​លើ​ប្រទេស​ទី​៣៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ