អានតួអត្ថបទ
បារាំង

អគ្គនាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ត្រូវ​តុលាការ​ពិសេស​បារាំង​កោះ​ហៅ

លោកស្រី​Christine Lagarde អគ្គនាយិការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI ត្រូវ​បាន​តុលាការ​យុត្តិធម៌​បារាំង (La Cour de Justice de la République) ចេញដីកាកោះ ហៅ​មកសាកសួរ​ជុំវិញ​រឿងចម្រូងចម្រាស់​មួយ​ដែល​លោកស្រី​ធ្លាប់​អន្តរាគម រហូត​ធ្វើ​ឲ្យ​រដ្ឋបារាំង​ខាត បង់​លុយ ៤០០​លាន​អឺរ៉ូ​ទៅ​អ្នកជំនួញ​បារាំង​ម្នាក់​ឈ្មោះ Bernard Tapis។

លោកស្រី​Christine Lagardeអគ្គនាយិកា​មូលនិធីរូបិយវត្ថុ​អន្តរជាតិ​ត្រុវ​តុលាការ​កោះសួរ​ពីរឿងកេងបន្លំលុយរដ្ឋ
លោកស្រី​Christine Lagardeអគ្គនាយិកា​មូលនិធីរូបិយវត្ថុ​អន្តរជាតិ​ត្រុវ​តុលាការ​កោះសួរ​ពីរឿងកេងបន្លំលុយរដ្ឋ ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​សវនការ​រយៈពេល ១២​ម៉ោង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ លោកស្រី​ Christine Lagarde ប្រធាន​អគ្គនាយិកា​FMI ត្រូវ​គេកោះហៅ នៅព្រឹកថ្ងៃ​សុក្រ​នេះម្តងទៀត នៅ តុលាការ​យុត្តិធម៌​បារាំង​ក្នុង​ក្រុង​ប៉ារីស។ តុលាការ​យុត្តិធម៌​បារំាង នេះ​ជា​ជា​តុលាការ​ពិសេស ដែល​បង្កើតឡើង​នៅឆ្នាំ ១៩៩៣ មាន​នាទី​ជំនុំជម្រះ​លើ​អតីតមេដឹក ឬ​រដ្ឋមន្រ្តី ដែល​ធ្លាប់​ប្រព្រឹត្ត​បទល្មើស ឬ​ធ្វើការងារ​មិន​ត្រឹមត្រូវ នៅក្នុង​តំណែង​របស់ខ្លួន។

ក្នុង​ករណី​របស់​​លោកស្រី​ Christine Lagarde តុលាការ​ពិសេស​ចង់​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោកស្រី​ Christine Lagarde  ក្នុង​ពេល​លោកស្រី​ធ្វើ​ជា​រដ្ឋមន្រ្តី​សេដ្ឋកិច្ច ក្នុង​អាណត្តិ​ប្រធានាធិបតី​មុន ហ៊ាន​សម្រេចចិត្ត ជ្រើសរើស​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​មហាសេដ្ឋី Bernad Tapie និង​ធនាគារ​រដ្ឋ​បារាំង Le Credit lionais។

គួររំលឹកថា ធនាគារ​រដ្ឋបារាំង​ត្រូវ​បាន​លោក​Bernard Tapie ប្តឹង​ទាមទារ​ជម្ងឺចិត្ត តាំងពី​ឆ្នាំ ១៩៩៣ ក្នុង​រឿង​ទិញ​ក្រុមហ៊ុន​Adidas របស់​គាត់ ក្នុង​តម្លៃ​បោកប្រាស់។ បណ្តឹង​ក្តីក្តាំ​បាន​បន្ត​រហូតមក ដោយ​មិន​អាច​ដោះស្រាយ​បាន​នៅតុលាការ​ដំបូង ឬ​តុលាការ​ឧទ្ធរណ៍​បារាំង។

ប៉ុន្តែ នៅពេល​ចូលកាន់​តំណែង​ជា​រដ្ឋមន្រ្តី​សេដ្ឋកិច្ច ក្នុង​អាណត្តិ​លោក​ប្រធានាធិបតី​Nicolas Sarkozy ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១១ លោកស្រី Christine Lagarde​បាន​ចូល​អារកាត់ ឲ្យ​គេ​ដោះស្រាយ​ជម្លោះ​នេះ នៅត្រឹម​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ដែល​មាន​តំណាង​មកពី​គូភាគី​ជម្លោះ។ អ្វី​ដែល​គេ​ចង់​បន្ទោស​លោកស្រី​ Christine Lagarde ក្នុង​រឿងនេះ គឺ​លោកស្រី បាន​ធ្វើការ​សម្រេចចិត្ត ជាឯកជន ដោយមិន​បាន​សុំយោបល់​ពី​ប្រមុខ​រដ្ឋាភិបាល ក្នុង​ពេលដែល​រឿងជម្លោះ​នោះ​មាន​ស្ថាប័ន​រដ្ឋ​ជាប់ពាក់ពន្ធ និង​រងគ្រោះ​ខាតបង់លុយ។

មួយវិញទៀត គេ​បន្ទោស​លោកស្រី​ដែល​ប្រគល់​កិច្ចការ​ចម្រូងចម្រាស់​នេះទៅ​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​មួយ​ដែល​មាន​ជំហរ​លំអៀង ជាអ្នក​ធ្វើ។ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដែល​ស្នើ​ឡើង​ដោយ​លោកស្រី​ Christine Lagarde​បាន​ធ្វើ​ឲ្យ​ធនាគារ​រដ្ឋបារាំង​ខាតបង់លុយ ដោយត្រូវ​ចេញ​សងថ្លៃ​ខូចខាត និង​ជម្ងឺចិត្ត​ដល់​ទៅ ៤០០​លាន​អឺរ៉ូ គឺ​ទាំង​ដើម ទាំងការ ទៅ​ឲ្យលោក​Bernard Tapie គឺ​ច្រើន​ជាង​ការសម្រេច​របស់​តុលាការ​ដំបូង​របស់​បារាំង​ទៅទៀត។

នៅចុងបញ្ចប់ គេ​បន្ទោស​លោកស្រី​ Christine Lagarde​ថា បាន​ផ្សំគំនិត ចូលរួម​ឲ្យ​គេ​កែ​ខ្លឹមសារ​អត្ថបទ​ច្បាប់ ដែល​ជា​លទ្ធផល រដ្ឋបារាំង​ត្រូវ​ចេញ​សង​បន្ថែម ៤៥​លាន​អឺរ៉ូ​ទៀត​ទៅ​ឲ្យ​គ្រួសារ​​មហាសេដ្ឋី​Tapie។

រហូតមក លោកស្រី​ Christine Lagarde​ដែល​បាន​និយាយ​ការពារ​ខ្លួន​ថា លោកស្រី​មិន​បានអន្តរាគម​ក្នុង​រឿងនេះ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ ប៉ុន្តែ ដើម្បី​បិទបញ្ចប់​រឿងក្តី​វែងអន្លាយ ដែល​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋបារាំង​ខាតបង់​កាន់​តែច្រើន។ ទោះជា​យ៉ាងណា គេ​មើលឃើញថា ការលូកដៃ​របស់​លោកស្រី​ Christine Lagarde​ក្នុង​រឿងក្តី​Tapie ធ្វើឡើង ក្នុង​ពេល​ដែល​លោក​Tapie កំពុង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ មេកើយ របស់លោកស្រី គឺ​Nicolas Sarkozy លោកប្រធានាធិបតី​បារាំង។

តើលោកស្រី Christine Lagarde អគ្គនាយិកា​របស់​FMI ដែល​កំពុង​រួបរឹត​ដោយ​រឿងក្តីក្តាំ ​នៅ​តុលាការ​បារាំង អាច​នឹង​បាត់បង់​តំណែង​របស់គាត់​ដែរឬទេ? ពីទីក្រុង​ញូវយ៉ក ក្រុមប្រឹក្សា​ភិបាល​IFM បាន​បញ្ជាក់​ហើយថា លោកស្រី Christine Lagarde​នឹង​មិន​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​តំណែង​ជា​ប្រធាន​FMI ទេ បើទោះបី​ជា​លោកស្រី​ត្រូវ​រងផ្តន្ទាទោស​ដោយ​តុលាការ​បារាំង​ក្តី។

ចំណែក រដ្ឋាភិបាលបារាំង​បច្ចុប្បន្ន​មក​ពី​គណបក្ស​សង្គមនិយម បាន​អះអាង​ថា គេ​នឹង​សុំ​ឲ្យ​លោកស្រី​ Christine Lagarde​លាលែង​ពីមុខតំណែង​FMI ប្រសិន​បើ​តុលាការ​រកឃើញ​ថា លោកស្រី​បាន​ប្រព្រឹត្ត​កំហុស​ពិតមែន។ បទល្មើស​ក្នុង​ពេល​បំពេញ​មុខងារ អាច​ធ្វើ​ឲ្យ​លោកស្រី​ Christine Lagarde​ទទួល​ទោស​ជាប់ពន្ធនាគារ ១០ឆ្នាំ និង​ប្រាក់ពិន័យ​១សែន​៥ម៉ឺន​អឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ