អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី៖ កម្ពុជា និង​ថៃ​ព្រមព្រៀង​លើ​​លក្ខខណ្ឌ​ប្រតិបត្តិ​នៃ​អ្នក​សង្កេតការណ៍​ព្រំដែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ព្រឹកថ្ងៃ​សុក្រ​នេះ រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី​បាន​ជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ពី​គ្នា​ ​​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា និង​​បន្ទាប់​មក​បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ថៃ ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។ បន្ទាប់ ​ពី​ជំនួប​នេះ លោក​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ផង​នោះ បាន​ថ្លែង​ថា កម្ពុជា និង​ថៃ សុទ្ធតែ​បាន​​ព្រមព្រៀង​​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​ ស្តីពី​ការ​បញ្ជូន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​ទៅ​ព្រំដែន ក៏ប៉ុន្តែ នៅ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បំពេញ មុន​នឹង​​​អ្នក​សង្កេតការណ៍​​អាច​ដាក់​ពង្រាយ​នៅ​ព្រំដែន​បាន។

លោក ហោ ណាំ​ហុង និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី
លោក ហោ ណាំ​ហុង និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី © Reuters
ផ្សាយពាណិជ្ជកម្ម

“មកដល់ពេល​នេះ​យើង​បាន​ឈាន​ដល់​កិច្ចព្រមព្រៀងមួយ​ហើយ ស្តីពី​លក្ខខណ្ឌ​ប្រតិបត្តិ​នៃ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​ នៅព្រំដែន។ និយាយ​ឲ្យ​ខ្លី ទាក់ទង​នឹង​លក្ខខណ្ឌ​ប្រតិបត្តិ អ្វីៗ​ត្រូវ​បាន​ដោះស្រាយ​ចប់សព្វគ្រប់​អស់ហើយ។
 
បញ្ហា​ដែល​នៅ​សេសសល់ គឺ​ទាក់ទង​នឹង​​​លក្ខខណ្ឌ​មួយ​ចំនួន ដែល​ត្រូវ​ដោះស្រាយ មុន​នឹង​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​អាច​​​​ដាក់​ពង្រាយ​លើ​ដី​ជាក់ស្តែង​ បាន។
 
អស់​លោក​បាន​ដឹង​ស្រាប់​ហើយ​ថា ភាគី​ថៃ​មាន​ជំហរ​ផ្ទាល់​របស់ថៃ អំពី​លក្ខខណ្ឌ​ដែល​ត្រូវ​បំពេញ មុន​នឹង​អនុញ្ញាត​ឲ្យ​អ្នក​សង្កេតការណ៍​ទៅកាន់​តំបន់​ព្រំដែន។ ហើយ​ភាគី​កម្ពុជា​ក៏​មាន​ជំហរ​ផ្ទាល់​របស់​កម្ពុជា​ដែរ។
 
សម្រាប់​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​ត្រូវ​បញ្ជូន​អ្នក​សង្កេតការណ៍ យើង​យល់​ថា បញ្ហា​ដែល​នៅ​សេស​សល់​នេះ គឺ​​ជា​លក្ខខណ្ឌ​អនុវត្ត​ នៃ​ការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍។
 
ដូច្នេះ នៅថ្ងៃ​នេះ ហើយ​ប្រហែល​ជា​នៅ​ថ្ងៃ​ស្អែក​ទៀត ខ្ញុំ​នឹង​ជជែក​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា និង​រដ្ឋមន្រ្តី​ការបរទេស​ថៃ ដើម្បី​កំណត់​​ឲ្យ​បាន​ច្បាស់​ថា​ តើ​​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ ដើម្បី​​ឲ្យ​​ក្រុម​អ្នក​សង្កេតការណ៍​អាច​ដាក់​ពង្រាយ​នៅព្រំដែន​បាន”។
 

លក្ខខណ្ឌ ដែល​រដ្ឋមន្រ្តី​ឥណ្ឌូណេស៊ី​បាន​លើក​ឡើង​នេះ គឺ​គ្មានអ្វី​ក្រៅ​​ពី​ការទាមទារ​របស់​ថៃ​នោះ​ទេ ដែល​បាន​ទាមទារ​ឲ្យ​កម្ពុជា​ដក​កងទ័ព​ចេញ​ពី​តំបន់ ៤.៦​គីឡូម៉ែត្រក្រឡា ជុំវិញ​ប្រាសាទ​ព្រះវិហារ។ ការទាមទារ ដែល​លោក​រដ្ឋមន្រ្តី​ការបរទេស​​កម្ពុជា ហោ ណាំហុង បាន​ច្រានចោល​ទាំង​ស្រុង នៅ​ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ