វិនាទីចុងក្រោយរបស់លោកLaurent Gbagbo
បុរសខ្លាំងកូតឌីវ័រ លោកlaurent Gbagbo ពេលនេះកំពុងលាក់ខ្លួន នៅក្នុងBunker ទីតាំងប្រយុទ្ធចុងក្រោយ ក្នុងវិមានប្រធានាធិបតីដែលកំពុងហ៊ុំព័ទ្ធកាន់តែជិត ដោយកងទ័ព របស់លោកAlassanne Ouattara។ លោក laurent Gbagbo កាន់តែចុះខ្សោយ ដោយកម្លាំងប្រយុទ្ធរបស់គាត់ត្រូវវាយបំផ្លាញដោយអាវុធធុនធ្ងន់ ប៉ុន្តែ រហូតមកដល់ពេលនេះ លោកlaurent Gbagboនៅតែចចេសមិនព្រមប្រគល់អំណាចទៅប្រធានាធិបតីឈ្នះឆ្នោត លោកAlassanne Ouattara។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បទអន្តរាគមន៍របស់ឈាង បុប្ផា
ពីរលើកមកហើយដែលគេបានរំពឹងថា លោកlaurent Gbagbo សុខចិត្តដាក់អាវុធចុះចាញ់។ គាត់ធ្លាប់បានបញ្ជាក់ទៅទូរទស្សន៍បារាំង នៅដើមសប្តាហ៍នេះ ថា លោកស្រឡាញ់ជីវិត ហើយលោកក៏មិនចង់ស្លាប់ក្នុងការប្រយុទ្ធគ្នាលើកនេះដែរ។ នៅយប់ថ្ងៃអាទិត្យ និងថ្ងៃចន្ទ គេថែមទាំងបានរង់ចំា លោកlaurent Gbagbo នៅស្ថានទូតបារាំងនៅទីក្រុងAbidjan។ ប៉ុន្តែ លោកlaurent Gbagboមិនបានមក។
នៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទ ជាមួយវិទ្យុបារាំងអន្តរជាតិ ពីវិមានប្រធានាធិបតី លោកLaurent Gbagbo ទទួលស្គាល់ថា កម្លាំងយោធាមួយផ្នែកធំរបស់លោកត្រូវបំផ្លាញក្នុងការប្រយុទ្ធគ្នាខ្លាំង នៅពីរថ្ងៃចុងក្រោយនេះ ប៉ុន្តែទោះយ៉ាងណា លោក បដិសេធ មិន និយាយ ថា លោកបានសុំដាក់អាវុធ ចុះចាញ់ ដូចរដ្ឋមន្រ្តីការបរទេសបារាំងបានលើកឡើងកន្លងមកទេ។
លោកLaurent Gbagbo
“យើងនៅមិនទាន់ដល់ដំណាក់កាលចរចាគ្នានៅឡើយទេ។ សំណួរថា តើខ្ញុំត្រូវចេញទៅប្រទេសណា នោះក៏យើងមិនទាន់ដឹងដែរ។ អ្វីដែលខ្ញុំចង់និយាយ គឺថា កាលពីថ្ងៃចន្ទ កម្លាំងរបស់យើងបានទទួលរងការវាយប្រហារពីយន្តហោះចម្បាំងរបស់បារាំង។
កងទ័ពបារាំងបានបំផ្លាញរថពាសដែកដែលយើងមាន។ បំផ្លាញទីតាំងយោធា បំផ្លាញវិមានប្រធានាធិបតី និងបំផ្លាញប្រធានាធិបតីកូតឌីវ័រ។ បារាំងបានបំផ្លាញកន្លែងស្តុកអាវុធរបស់យើង។ បំផ្លាញទូរទស្សន៍ វិទ្យុ។ ប៉ុន្តែ ទាហានបារាំងមិនបានសម្រេច បំផ្លាញ ទីតាំងរបស់កងអាវុធហត្ថនៅ Agban ទេ។
ពេលនេះ ទាហានរបស់ខ្ញុំបានសុំឲ្យបញ្ឈប់សង្រ្គាមទាំងស្រុងនៅកូតឌីវ័រ ជាពិសេសពីខាងបារាំង។ អញ្ចឹងទៅយើងអាចផ្អាករាល់ការបាញ់គ្នាទៅវិញ ទៅមក។ ទាហានទាំងសងខាង កំពុងចរចាគ្នា។ បន្ទាប់ពីនេះ ខ្ញុំសង្ឃឹមថា ទាំងស៊ីវិល និងអ្នកនយោបាយរបស់ភាគីទាំងពីរនឹងចរចាគ្នាជាបន្ត ដើម្បីអាចចាកចេញពីវិបត្តិ។ តែសម្រាប់ពេលនេះ គឺមិនទាន់ដល់ដំណាក់កាលនោះនៅឡើយទេ”។
នៅថ្ងៃអង្គាម្សិលមិញ នៅរដ្ឋសភាបារាំង លោក នាយករដ្ឋមន្រ្តី François Fillons ក៏បានបញ្ជាក់ដែរថា មេទាហានពីរនាក់របស់ លោកlaurent Gbagboបានចូលមកចរចាដើម្បីនិយាយពីការសុំចុះចាញ់ នៅល្ងាចថ្ងៃអង្គារម្សិលមិញ។ ហើយបើតាមមេបញ្ជាការទ័ពបារាំង លោកEdouard Guillaud មានតែ លោកlaurent Gbagbo ដែលនៅរឹងទទឹង និងតែងតែប្តូរគំនិត នៅវិនាទីចុងក្រោយ មិនលើកទង់ជ័យស។
ត្រង់ចំណុចនេះ លោកlaurent Gbagbo បញ្ជាក់បកទៅវិញថា ទាហានរបស់លោកបានទៅចរចាដើម្បីផ្អាកឈប់បាញ់មួយរយៈ ប៉ុន្តែមិនមែនទៅសុំចុះចាញ់នោះទេ។ ជាមួយគ្នា នេះ លោកlaurent Gbagbo បានរិះគន់ខ្លាំងៗទៅលើគូប្រឆាំងរបស់លោកដែលចូលដៃជាមួយកងទ័ពបរទេស ដើម្បីបានអំណាចប្រធានាធិបតី ក្នុងប្រទេសកូតឌីវ័រ។
លោកLaurent Gbagbo ចោទកម្លាំងទ័ពអន្តរជាតិដែលធ្វើអន្តរាគមន៍នៅកូតឌីវ័រ
“ប្រសិនបើយើងសង្ឃឹមប្រើជំនួយទ័ពអាកាសបរទេសដើម្បីអាចបានតំណែងប្រធានាធិបតី នោះ វាច្បាស់ណាស់ថា យើងពិតជាគ្មានច្រកចេញណាមួយឡើយ។ នៅថ្ងៃនេះ យើងពឹងកងទ័ពបារាំង នៅថ្ងៃស្អែក យើងរកជំនួយពីទ័ពអាកាសចិន ហើយនៅថ្ងៃខានស្អែក យើងអំពាវនាវរកយន្តហោះរុស្ស៊ី។ យើងមិនអាចរកច្រកចេញនយោបាយដោយវិធីសាស្រ្តនេះទេ"។
តើលោកlaurent Gbagbo ប្រុង ចង់តស៊ូដល់ពេលណា?
“គ្មានដល់ពេលណាទេ។ ខ្ញុំបាននិយាយហើយថា ខ្ញុំជាអ្នកឈ្នះឆ្នោត។ គូប្រកួតប្រជែងខ្ញុំគេថា គេឈ្នះដែរ។ អញ្ជឹងខ្ញុំនិយាយថា បាន យើងអង្គុយចុះចរចាគ្នា និងរកអំណះអំណាងមកបញ្ជាក់។ នេះហើយអ្វីដែលខ្ញុំបានសុំកន្លងមក។ ប៉ុន្តែ គ្មានអ្នកណាស្តាប់ខ្ញុំទេ។ យើងត្រូវដឹងថា នេះ គឺជាដំណាក់កាលបោះឆ្នោត។ នៅក្រោយការបោះឆ្នោត បេក្ខជនទាំងពីរតែងតែទាមទារជាអ្នកឈ្នះ បើតាមពិតទៅ គឺមានតែម្នាក់ទេដែលប្រជាជនបោះឆ្នោត ជ្រើសរើស។ ម្នាក់ទៀត ភ័ន្តច្រឡំ ឬក៏បាននិយាយកុហក។ នេះហើយ ជាអ្វីដែលគេត្រូវដោះស្រាយ ពេលនេះ”។
រដ្ឋមន្រ្តីការបរទេសបារាំងធ្លាប់បានលើកឡើង នៅល្ងាចថ្ងៃអង្គារម្សិលមិញថា បារាំងកំពុងរកច្រកចេញសម្រាប់លោក laurent Gbagbo។ បារាំងបានសុំទៅអង្គការសហប្រជាជាតិឲ្យរក្សាសុវត្ថិភាពផ្លូវកាយដល់លោក laurent Gbagbo និងគ្រួសារ បើសិនលោក Ouattara ព្រមចុះចេញពីអំណាច។ ហើយ លោក laurent Gbagboក៏ត្រូវសរសេរចុះហត្ថលេខាលើឯកសារមួយ ដែលថា លោកទទួលស្គាល់លោកAllassane Ouattara ជាអ្នកឈ្នះឆ្នោត និងប្រគល់តំណែងប្រធានាធិបតីទៅឲ្យលោក Ouattara។ ការទាមទារឲ្យមានបញ្ជាក់តាមក្រដាសថា លោកត្រូវប្រគល់អំណាចប្រធានាធិបតីឲ្យលោកOuattara នេះហើយដែលធ្វើឲ្យលោក laurent Gbagboដូរចិត្តលែងចរចា ម្តង ជាពីរដង។
ការចរចានៅយប់ថ្ងៃអង្គារចូលដល់ថ្ងៃពុធទទួលបរាជ័យជាថ្មី។ កងទ័ពស្ម័គ្រនឹងលោក Allassane Ouattara នៅព្រឹកថ្ងៃពុធនេះ កំពុងសម្រុកចូលក្នុងអគារប្រធានាធិបតី និងកំពុងដើររកចាប់ខ្លួន លោក Gbagbo គឺចាប់ទាំងរស់។ បារាំងវិញដែលធ្លាប់បានចូលរួមវាយប្រហារទៅលើទីតាំងទ័ពរបស់លោក Gbagbo កាលពី ពីរថ្ងៃមុន បានបញ្ជាក់នៅថ្ងៃនេះ បារាំង មិនចូលរួមក្នុងការប្រយុទ្ធសម្រុកចុងក្រោយទៅលើវិមានប្រធានាធិបតីទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ