អានតួអត្ថបទ
លីប៊ី

ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​មិន​អាច​រុញ​លោក​កាដាហ្វី​ឲ្យ​ចេញ​ពី​តំណែង

ក្នុង​ពេល​ដែល​កង​កម្លាំង​អូតង់​កំពុង​បន្ត​សម្រុក​ទម្លាក់​​គ្រាប់​បែក​លើ​ក្រុង​ទ្រីប៉ូលី ប្រធានាធិបតី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ លោក ហ្សាកុប ហ្សូម៉ា (Jacob Zuma) បាន​អញ្ជើញ​ទៅ​កាន់​ទីក្រុង​នេះ​ នៅ​ថ្ងៃ​ទី ចន្ទ​ទី ៣០ ឧសភា ម្សិលមិញ ដើម្បី​ជួប​ចរចា​ជាមួយ​នឹង​ប្រមុខ​ដឹកនាំ​លីប៊ី លោក កាដាហ្វី។ នេះ​ជា​លើក​ទីពីរ​ហើយ​ដែល​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​​ធ្វើ​ដំណើរ​ទៅ​លីប៊ី ក្នុង​នាម​ជា​អន្តរការី​របស់​សហភាព​អាហ្វ្រិក ប៉ុន្តែ​លើក​នេះ​ក៏ដូច​លើក​មុន​ ការ​ចរចា​ត្រូវ​ជាប់​គាំង​ដោយ លោក​ កាដាហ្វី​ មិន​យល់​ព្រម​ដើរ​ចេញ​ពី​តំណែង។

ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ជួប​សន្ទនា​ជាមួយ​លោក​ កាដាហ្វី ថ្ងៃ​ទី ៣០ ឧសភា ២០១១
ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ជួប​សន្ទនា​ជាមួយ​លោក​ កាដាហ្វី ថ្ងៃ​ទី ៣០ ឧសភា ២០១១ REUTERS/ Libya TV via Reuters TV
ផ្សាយពាណិជ្ជកម្ម

 

គឺ​នៅ​ក្នុងដំណាក់​ បាប អាល់​អាហ្ស៊ីហ្ស៊ីយ៉ា នា​ទីក្រុង​ទ្រីប៉ូលី ដែល លោក កាដាហ្វ្រី​ បាន​បើក​ទ្វារ​ទទួល​​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក ហ្សាកុប ហ្សូម៉ា។ យប់​មិញ​ ​​រូបភាព​ប្រមុខ​ដឹក​នាំ​ផ្តាច់ការ​ កាដាហ្វី បាន​លេច​មុខ​ជូប​​សាធារណជន​ជា​ថ្មី តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ជាតិ​លីប៊ី។

​នៅ​ក្នុង​​ជំនួប​រយៈ​ពេល​ពីរ​ម៉ោង ​អន្តរការី​សហភាព​អាហ្វ្រិក​បាន​ខិត​ខំ​សាក​ល្បង​បញ្ចុះ​បញ្ចូល​​លោក​កាដាហ្វី ឲ្យ​ទទួល​យក​ផែនទី​ចង្អុល​ផ្លូវមួយ ដែល​ផ្តោត​ទៅលើ​​ចំណុច​គោល​សំខាន់​បី ៖ បទ​ឈប់​បាញ់ បើក​ច្រក​ទទួល​ជំនួយ​មនុស្ស​ធម៌ និង​បង្កើត​​​ដំណាក់​កាល​អន្តរកាល។

លោក ហ្សាកុប មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​មួយ​ម៉ាត់​ក្រោយ​ជំនួប​នេះ​ទេ លោក​គ្រាន់​តែ​លើក​ឡើង​ថា​ យុទ្ធនាការ​របស់​អង្គការ​អូតង់ បាន​បំផ្លាញ​​កិច្ចការ​របស់​សហភាព​អាហ្វ្រិក​ក្នុង​ការ​ស្វែង​រក​សន្តិភាព​។ បើ​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​លីប៊ី​វិញ ក្នុង​ពេល​ជំនួប​នេះ ក្រុង​ទី្រប៉ូលី​បាន​បរិហារ​​​​ថា អូតង់ ​បាន​រំលោភ​លើ​សេចក្តី​សម្រេច​​ចិត្តរបស់​អង្គការ​សហប្រជាជាតិ និង​បាន​ទាមទារ​ឲ្យ​សិក្សា​ឡើង​វិញ​​ការ​អនុវត្តន៍​​សេចក្តី​សម្រេច​ចិត្ត​នេះ។

ប៉ុន្តែ​ឧបសគ្គ​ចំបង​បំផុត​ គឺ​លោក​ កាដាហ្វី បដិសេធ​មិន​ព្រម​ចុះ​ចេញ​ពី​អំណាច។ ការ​ទាមទារ​ចុះ​ចេញ​ពី​តំណែង​​​​​ ដែល​ជា​លក្ខខណ្ឌ​​របស់​​ក្រុម​អ្នក​បះបោរ នៅ​បិនហ្កាហ្ស៊ី មុន​នឹង​ឈាន​ដល់​ការ​ចរចា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ