អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជប៉ុនក្លាយ​ជា​ប្រទេស​អ្នក​នាំ​អាវុធ​ចេញ​ថ្មី ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​ជប៉ុន បាន​អនុម័ត​ នៅ​ថ្ងៃអង្គារ​ទី​ ១​មេសា​នេះ គោលការណ៍​និង​ទិសដៅ​ថ្មី នៃ​នយោបាយ​នាំ​ចេញ​អាវុធ ទៅ​លក់​នៅ​បរទេស។ ការ​លើក​បម្រាម ហាម​ឃាត់​ការ​លក់​សម្ភារៈ​យោធា​ចំណាស់​​កន្លះ​សតវត្សរ៍នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ជប៉ុន​ កំពុង​ប្តូរ​ផ្លាស់​ ជា​លើក​ទី​មួយ ច្បាប់​សន្តិភាព​និយម ​ការពារជាតិ “មិន​ស្វែង​រក​ការ​ធ្វើ​សង្គ្រាម” របស់​ខ្លួន​​ ក្នុង​ខណៈ​ដែល​​ភាព​តាន​តឹង​ក្នុង​តំបន់​កំពុង​ឡើង​ខ្លាំង​ជាមួយ​នឹង​ចិន។

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​អនុម័ត​ច្បាប់​នាំចេញ​​អាវុធ​
លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​អនុម័ត​ច្បាប់​នាំចេញ​​អាវុធ​ © Reuters
ផ្សាយពាណិជ្ជកម្ម

តើ​ជប៉ុន​គ្រោង​លក់​អាវុធ​ប្រភេទ​អ្វី​ខ្លះ ? និង​ទៅ​ឱ្យ​ប្រទេស​ណា​ខ្លះ ?

រដ្ឋាភិបាលស្តាំ​ និង​ជាតិ​និយម​ជប៉ុន បាន​អនុម័ត​ នៅ​ព្រឹក​មិញ គោលការណ៍​ថ្មី សម្រាប់​យក​មក​ជំនួស​ច្បាប់​ចាស់ កាលពី​ឆ្នាំ​១៩៦៧ ហាម​ឃាត់​ការ​លក់​អាវុធ​គ្រប់​ប្រភេទ។ ទិសដៅ​ថ្មី​នេះ អនុញ្ញាត​ឱ្យ​ជប៉ុន​អាច​នាំ​ចេញ​សម្ភារៈ​ការពារ​ជាតិ​ ទៅលក់​នៅ​បរទេស ចាប់​ពី​ថ្ងៃ​នេះ​តទៅ ! ​រដ្ឋាភិបាល​ជប៉ុន​បាន​សំរាំង និង​ជ្រើសរើស​ប្រើ​ ថា “នាំ​ចេញ​សម្ភារៈ​ការពារ​ជាតិ” មិន​មែន​ “នាំ​ចេញ​អាវុធ”​ទេ ព្រោះ​ដើម្បី​កុំ​ឱ្យ​មាន​លក្ខណៈ យោធាពេក។ ប្រទេស​ដែល​អាច​នឹង​ទទួល​ទិញ​សម្ភារៈ​យោធា​ ឬ​នាវា​ចម្បាំង​ជជុះ​ពី​ជប៉ុន​បាន សុទ្ធ​សឹង​ជា​ប្រទេស​ដែល​តាម​បណ្តោយ​ឆ្នេរ​សមុទ្ទ​ចិនខាងត្បូង នៅ​តាម​បណ្តោយ​ផ្លូវ​សមុទ្ទ​ដែល​ជា​ជប៉ុន​ប្រើប្រាស់​ជា​ប្រចាំ​ដើម្បី​នាំ​ចូល​ប្រេង​និងឧស្ម័ន​ហ្កាស។ ដូច្នេះ​បើ​យើង​រាប់​ទៅ គឺ​មាន​ប្រទេស​ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន ។ល។ និង​។ល។ ដែល​សុទ្ធ​សឹង​មាន​ជម្លោះ​ដែន​ដី​ជាមួយ​ចិន។

ផលិតផល​ជប៉ុន​ មាន​ជា​អាទិ៍​ គ្រាប់​បែក កាំភ្លើង រថក្រោះ នាវា យន្តហោះ​ប្រដេញ​ទម្លាក់​គ្រាប់​បែក យន្តហោះ​រត់​ឆ្ងាយ​US-2 សុទ្ធ​សឹង​ជា​អាវុធ​ដែល​តូក្យូ​ចង់​សាកល្បង​លក់​ទៅ​ឱ្យ​ឥណ្ឌា។ ប៉ុន្តែ​ ច្បាប់​ថ្មី​នេះ​ នៅ​តែ​ហាម​ឃាត់​​ជានិច្ច​ ការ​នាំ​ចេញ​អាវុធ​ដែល​អាច​គំរាម​កំហែង​សន្តិភាព សន្តិសុខពិភពលោក ហើយ​រដ្ឋាភិបាល​ដឹង​ច្បាស់​ថា​ប្រទេស​អ្នក​ទិញ​មិន​នាំ​ទៅ​ដល់​ដៃ​ប្រទេស​ទីបី។

ក្រៅ​អំពី​ការ​នាំ​ចេញ​អាវុធ​ទៅ​លក់​ ជប៉ុន​ក៏​ចង់​ធ្វើ​ឱ្យ​មាន​តម្លាភាព​ផ្នែក​ការ​ផ្ទេរ​សម្ភារៈ​ការពារជាតិ ដែល​ជា​ចំណែក​មួយ​នែ​ការ​រក្សា​សន្តិភាព​និង​សហប្រតិបត្តិការ ដូច​មាន​ចែង​ក្នុង​គោលការណ៍​សន្តិភាព ពោល​គឺ​ជប៉ុន​នឹង​ចូលរួម​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ និង​ផលិត​សម្ភារៈ​យោធា​ ដោយ​ធ្វើ​​ជា​ដៃគូ អាមេរិក​​​ ខាង​ផ្នែកយន្តហោះ​ទម្លាក់​គ្រាប់​បែក​គ្មាន​ស្រមោល F-៣៥ ឬ​ជាមួយ​សហភាព​អឺរ៉ុប និង​នាំ​ចេញ​តែ​សម្ភារៈ​យោធា​សម្រាប់​មនុស្សធម៌​និង​សន្តិភាព។ និយាយ​ជា​រួម គឺ​ជប៉ុននៅ​តែ​គោរព​លើក​គោលការណ៍​សន្តិភាព​ ​ដើម​ដដែល។​

២- តើ​អ្វី​ទៅ​ជា​គោលការណ៍​សន្តិភាព​លក់​អាវុធ​​​ជប៉ុន​ឆ្នាំ ១៩៦៧ ?

ជប៉ុន​មាន​គោលការណ៍​សន្តិភាព​បី​យ៉ាង​ទាក់ទង​នឹង​ការ​លក់​អាវុធ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៧ មុន​នឹង​កែ​សម្រួល​ទៅ​ជា​ការ​ហាមឃាត់​ទាំង​ស្រុង​ ការ​ជួញ​ដូរ​អាវុធ​ នៅ​ឆ្នាំ​១៩៧៦ ដើម្បី​ជា​និមិត្តរូប​ពិតៗ​នៃ​ប្រទេស​ដែល​មាន​ជំហរ​សន្តិនិយម។

នៅ​ឆ្នាំ​១៩៦៧ ក្នុង​ពេល​ពិភពលោក​កំពុង​ពុះ​កញ្ជ្រោល​ក្នុង​ភ្លើង​សង្រ្គាម​ត្រជាក់ ជប៉ុន​បាន​អនុម័ត​ច្បាប់​ ដោយ​ឈរ​លើ​គោលការណ៍​បី​ចំណុច ៖ ហាមឃាត់​ ការ​នាំ​អាវុធ​ចេញ​ទៅ​កាន់​បណ្តា​ប្រទេស​ប្លុក​កុម្មុយនិស្ត ហាម​នាំ​អាវុធ​ទៅ​កាន់​ប្រទេស​ណា​ដែល​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​យោធា និង​ចុងក្រោយ​មិន​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​ណា​ដែល​មាន​ជម្លោះ​ជាមួយ​នឹង​បរទេស។

មិន​ធ្វើ​សង្គ្រាម មិន​លក់​អាវុធ នេះ​ហើយ​ជា​ជំហរ​សន្តិនិយម​នេះ របស់​​ជប៉ុន​ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០១១ តូក្យូ​បាន​ចាប់​ផ្តើម​បញ្ចេញ​សកម្មភាព​បញ្ច្រាស​ច្បាប់​ ​ ជា​លើក​ដំបូង​ ក្នុង​បេសកកម្ម​យោធា​អន្តរជាតិ។​

៣- ​ការ​ ​នាំ​ចេញ ឬ​លក់​ ព្រម​ទាំង​ ផលិត​អាវុធ សម្ភារៈយោធា ​ស៊ី​គ្នា​ នឹង​រដ្ឋធម្មនុញ្ញ​ សន្តិនិយម​ ដែល​ជប៉ុន​ប្រកាន់​ខ្ជាប់​កន្លង​មក​  ឬ​​ទេ ?!

ទំនាក់ទំនង​ជប៉ុន​ជាមួយ​ប្រទេសជិត​ខាង​ធ្លាក់​ដុន​ដាប​ខ្លាំង​ណាស់ ដោយ​ហេតុ​តែ​ជម្លោះ​ដែន​ដី ហេតុដូច្នេះ​ហើយ​បាន​ជា​ថ្នាក់ដឹកនាំ​ជប៉ុន តែង​តែ​សាកល្បង​បង្កើន​ឥទ្ធិពល​ក្នុង​ផ្នែក​យោធា ដើម្បី​បញ្ជាក់​ពី​ភាព​ដាច់​ខាត​របស់​ជប៉ុន។ ប៉ុន្តែ​ជប៉ុន​ជា​ប្រទេស​សន្តិនិយម មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ នេះ​ហើយ​​​ជា​បញ្ហា ! លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ តាំង​ពី​វិល​ត្រលប់​មក​កាន់​អំណាច ដឹកនាំ​រដ្ឋាភិបាល​ពេល​ណា មិន​ដែល​លាក់​បាំង​មហិច្ឆតា​ចង់​ធ្វើ​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​ទេ ! ជាពិសេស​មាត្រ​៩ ដែល​កំណត់​ឱ្យ​ជប៉ុន​បញ្ចៀស​សង្គ្រាម និង​រារាំង​យោធា​ជប៉ុន មិន​ប្រើកម្លាំង​បាយសង្គ្រាម​ឡើយ គឺ​មាន​សិទ្ធិ​ត្រឹម​ការពារ​បូរណភាព​ជាតិ​តែ​ប៉ុណ្ណោះ។

►សូមអាន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​ចង់​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម

រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម ជា​​​ច្បាប់​ និង​មាន​តម្លៃ​​សីលធម៌​ ដែល​ប្រទេស​អ្នក​ឈ្នះ​​ សហរដ្ឋ​អាមេរិក បាន​បង្ខំឱ្យ​ជប៉ុន​​ប្រទេស​ចាញ់​សង្គ្រាម អនុវត្ត​ តាំង​ពី​ឆ្នាំ​១៩៤៧​មក។ ប៉ុន្តែ​ លោក​នាយករដ្ឋមន្ត្រី​ ​ចង់​ឃើញ​ វិស័យ​​ការពារ​ជាតិ​ និង​សន្តិសុខ​ ក្លាយ​ជា​កម្មវត្ថុ​ចម្បង​នៃ​នយោបាយ​របស់​លោក។ ក្នុងនាម​ជា​មេដឹកនាំ​​អភិរក្ស​ លោក អាបេ បាន​ព្រលាត់​គំនិត​ គោលការណ៍​សនិ្តនិយម ស្វ័យ​ការពារខ្លួន ទៅ​ជា​ជប៉ុន​ដែល​មាន​កម្លាំង​អាច​ជួយ​សង្គ្រោះ​សម្ព័នមិត្ត​​ពេល​​ជួប​គ្រោះភ័យ​​ ដោយ​ឈរ​លើ​គោលការណ៍​សន្តិនិយម​សមូហភាព។ ដូច្នេះ​លោក​អាបេ ទំនង​ជា​ត្រូវ​ធ្វើ​ការ​​សម្រេច​ចិត្ត​ថា​គួរ​បកស្រាយ​ច្បាប់​​​រដ្ឋធម្មនុញ្ញ​សនិ្តនិយម​នេះ​ ឡើងវិញ​ឬ​អត់។ តែ​បញ្ហា​សន្តិនិយម ​ ជា​ប្រធានបទ​ដ៏​រសើប​បំផុត ! បណ្តាជន​ជប៉ុន​ជិត​៦៧%​ ប្រឆាំង​នឹង​ការ​នាំ​ចេញ​អាវុធចេញ។

ហើយរាល់​ការ​សម្រេច​ចិត្ត​អ្វី​មួយ​របស់​ជប៉ុន ក្នុង​វិស័យ​យោធា គឺ​ជា​ប្រភព​នៃ​ការ​ឡើង​កម្តៅ​​នៅ​ក្នុង​តំបន់​ទាំង​អស់។ ពីព្រោះ​ទង្វើ​ឈ្លានពាន​និង​សកម្មភាព​យោធា​ជប៉ុន​ សម័យ​សង្គ្រាម​លោក ពី​ឆ្នាំ​១៩៣០​ដល់​៤៥ នៅ​តែ​កប់​ជ្រៅ​ ជាប់​ក្នុង​អារម្មណ៍​បណ្តា​ជន​ចិន និង​កូរ៉េ។ ភ្លាម​មួយ​រំពេច​ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ថា​តាមដាន​សកម្មភាព​នាំចេញ​អាវុធ​ជប៉ុន យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត និង​បាន​ស្នើ​សុំ​ឱ្យ​តូក្យូ​យក​អតីត​កាល​មក​ធ្វើ​ជា​មេរៀន ដើម្បី​កាត់​​បន្ថយ​ការ​ភ័យ​ខ្លាច​របស់ប្រទេស​ជិត​ខាង​ និង​ស្តារ​សន្តិភាព​តំបន់​​ ទើប​​ប្រសើរ​​ជាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ