អានតួអត្ថបទ
កម្ពុជា-ថៃ

សំណុំ​រឿង​ព្រះវិហារ ៖ បិទ​បញ្ចប់​សវនាការ​តែ​មិន​ទាន់​ចេញ​ដីកា

សវនាការ​​លើ​សំណុំ​រឿង​ព្រះវិហារ​ ​រយៈពេល​ពីរថ្ងៃ​មក​នេះ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ កាល​ពី​ម្សិលមិញ។ ក៏ប៉ុន្តែ ចៅក្រម​នៅ​មិនទាន់​បាន​ចេញ​សេចក្តី​សម្រេច​នៅ​ឡើយ​ទេ ដោយ​បាន​ស្នើ​សុំ​ឲ្យ​គូ​ភាគី​ទាំងពីរ គឺ​កម្ពុជា និង​ថៃ ផ្តល់​ព័ត៌មាន​បន្ថែម​មួយ​ចំនួន​ទៀត។

ទិដ្ឋភាព​ទូទៅ​ក្នុង​តុលាការ​អន្តរជាតិ ក្រុង​ឡាអេ
ទិដ្ឋភាព​ទូទៅ​ក្នុង​តុលាការ​អន្តរជាតិ ក្រុង​ឡាអេ ©ICJ
ផ្សាយពាណិជ្ជកម្ម

 

សវនាការ​បាន​បិទ​បញ្ចប់ នៅម៉ោង​ ៦​ និង​១៥នាទី​ល្ងាច ថ្ងៃ​អង្គារ ៣១ ឧសភា ២០១១ (ត្រូវ​នឹង​ម៉ោង​ ១១​ និង​១៥នាទី​យប់ ម៉ោង​នៅកម្ពុជា)។

មុន​នឹង​បិទ​បញ្ចប់​សវនាការ​ ចៅក្រម​ម្នាក់ ជា​ជនជាតិ​ប្រេស៊ីល បាន​​ស្នើ​ឲ្យ​ភាគី​ទាំងពីរ គឺ​កម្ពុជា និង​ថៃ ផ្តល់​នូវ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ជន​ភៀស​សឹក​គេច​ពី​ការ​ប៉ះទង្គិច​ដោយ​អាវុធ​តាម​ព្រំដែន ព្រោះ នៅ​ក្នុង​បណ្តឹង​សុំ​ចាត់​វិធានការ​បន្ទាន់​​ គូភាគី​បាន​លើក​ឡើង​ថា ការប៉ះទង្គិច​ដោយ​អាវុធ​ ចាប់តាំង​ពីថ្ងៃ​ទី២២ មេសា ២០១១ នៅ​តំបន់​ព្រះវិហារ និង​នៅ​កន្លែង​ផ្សេង​ទៀត​តាម​បណ្តោយ​ព្រំដែន​ បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ របួស និង​ជនភៀសសឹក។ ចៅក្រម​ចង់​ដឹង​ថា តើ​មាន​ប្រជាជន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​តំបន់​ព្រំដែន? តើ​ពួកគេ​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅដ្ឋាន​វិញ​ដោយ​សុវត្ថិភាព និង​ដោយ​ស្ម័គ្រ​ចិត្ត​​ហើយ​ឬនៅ? តើ​ទី​លំនៅ​របស់​ពួកគេ​ស្ថិត​នៅ​កន្លែង​ណា​ពិតប្រាកដ? តើ​ពួក​គេ​ទៅតាំង​ទីលំនៅ​នៅ​ទីនោះ​តាំងពី​ពេល​ណា​មក? តើ​ពួកគេ​រស់​នៅ​ប្រកប​របរ​អ្វី? តើ​នៅ​ក្នុង​តំបន់​នោះ​មាន​ដង់ស៊ីតេ​ប្រជាជន​ប៉ុន្មាន?

គូ​ភាគី​ត្រូវ​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ ជា​លាយលក្ខណ៍​អក្សរ ហើយ​បញ្ជូន​ទៅ​តុលាការ​​យ៉ាងយូរ​បំផុត​ត្រឹមថ្ងៃ​ទី ៧ មិថុនា ២០១១ ម៉ោង ៦​ល្ងាច។ យោងតាម​វិធាន​របស់​តុលាការ តុលាការ​នឹង​បញ្ជូន​ចម្លើយ​របស់​ភាគី​ម្ខាង ​ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត​បាន​ដឹង ហើយ​​អាច​មាន​លទ្ធភាព​ធ្វើ​អត្ថាធិប្បាយ​តប​នឹង​ចម្លើយ​ទាំង​នោះ​បាន។ អត្ថាធិប្បាយ​តប​នេះ (បើសិន​ជាមាន) ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​តុលាការ​វិញ យ៉ាងយូរ​បំផុត​​ត្រឹមថ្ងៃ​ទី​១៤ មិថុនា ២០១១ ម៉ោង ៦ល្ងាច។

លោក​ចៅក្រម​ប្រធាន​អង្គ​ជំនុំជម្រះ​បាន​ប្រកាស​ថា សេចក្តី​សម្រេច​ ស្តីពី​វិធានការ​បន្ទាន់​ នឹង​ត្រូវ​ធ្វើ​ឡើង នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ តាម​ដែល​អាច​ធ្វើ​ទៅបាន។ ការ​ប្រកាស​សេចក្តី​សម្រេច​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​​​ក្នុង​អង្គសវនាការ​ជា​សាធារណៈ ទៅតាម​កាលបរិច្ឆេទ ដែល​តុលាការ​នឹង​កំណត់​នៅ​ពេល​ក្រោយ។

បើ​មើល​ទៅ​លើ​កាល​បរិច្ឆេទ​នៃ​ការ​បញ្ជូន​ព័ត៌មាន​បន្ថែម គេ​អាច​សន្និដ្ឋាន​បានថា សេចក្តី​សម្រេច​ស្តីពី​វិធានការ​បន្ទាន់​នឹង​មិន​អាច​ធ្វើឡើង​មុន​ថ្ងៃ​ទី​១៤ មិថុនា ២០១១​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ