អានតួអត្ថបទ
កម្ពុជា

គណបក្ស​​សង្គ្រោះ​ជាតិ​​នៅ​តែ​​ដង្ហែ​​ក្បួន​​ ទោះបី​​ក្រសួង​​មហាផ្ទៃ​​មិន​​អនុញ្ញាត​​

លោក​ឧបនាយករដ្ឋមន្ត្រី ​ស ខេង បាន​អនុញ្ញាត​អោយ​គណបក្ស​សង្គ្រោះជាតិ​រៀបចំ​បាតុកម្ម ដូចការ​សម្រេច​របស់​សាលារាជធានី​ភ្នំពេញ​ដែរ ប៉ុន្តែ​មិន​បាន​អនុញ្ញាត​អោយ​ដង្ហែ​ក្បួនឡើយ។ នេះ​បើតាម​ការ​អះអាង​របស់​អ្នក​​នាំពាក្យ​​របស់​ក្រសួង​មហាផ្ទៃ លោក​ឧត្តម​សេនីយឯក ខៀវ សុភ័គ។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​បញ្ជាក់​ថា គណបក្ស​​​នេះ​នឹង​នៅ​តែ​ដង្ហែ​ក្បួន​តាម​ការ​គ្រោងទុក។

ក្បួនដង្ហែ​​រក​សំលេង​ឆ្នោត​​របស់​គណបក្សសម រង្ស៊ី​​​ កាលពី​​ខែ​ឧសភា ឆ្នាំ ២០១២
ក្បួនដង្ហែ​​រក​សំលេង​ឆ្នោត​​របស់​គណបក្សសម រង្ស៊ី​​​ កាលពី​​ខែ​ឧសភា ឆ្នាំ ២០១២ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​ឧបនាយករដ្ឋមន្ត្រី ​ស ខេង បាន​សម្រេច​ នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ មិន​អនុញ្ញាត​អោយគណបក្ស​សង្គ្រោះជាតិ​ដង្ហែ​​ក្បួន​​បាតុកម្ម​​របស់ពួកគេ​ឡើយ ប៉ុន្តែ​អនុញ្ញាត​អោយ​ពួកគេ ត្រឹម​ជួបជុំ​សម្តែង​មតិ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ។ នេះ​បើតាម​ការ​អះអាង​របស់​​អ្នក​​នាំពាក្យ​​របស់​ក្រសួង​មហាផ្ទៃ លោក​ លោក​ឧត្តម​សេនីយឯក ខៀវ សុភ័គ។

គណបក្ស​​សង្គ្រោះជាតិ​ដែល​កើត​ចេញ​ពី​ការ​រួម​គ្នា​រវាង​ គណបក្ស​​សម រង្ស៊ី និង​គណបក្ស​​សិទ្ធិមនុស្ស​​នោះ ​បាន​ស្នើ​សុំ​ធ្វើ​បាតុកម្ម​​អហិង្សា​នៅ​ថ្ងៃទី​២៤ ​មេសា​​ ដើម្បី​ដង្ហែ​ក្បួន​ទាមទារ​​អោយ គជប​ កែទម្រង់​​នីតិវិធី​បោះឆ្នោតអោយ​មាន​ឯករាជ្យភាព តម្លាភាព និង​សុក្រិតភាព។
អ្នកនាំពាក្យ​​របស់​ក្រសួង​មហាផ្ទៃ លោក​ឧត្តម​សេនីយឯក ខៀវ សុភ័គ ​បាន​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​នៅ​ថ្ងៃនេះ​ថា ក្រសួង​​​មហាផ្ទៃ​មិន​អនុញ្ញាត​អោយ​បាតុករ​ដង្ហែ​ក្បួន ដោយសារ​តែ​បញ្ហា​ចរាចរណ៍។

មន្ត្រី​ជាន់ខ្ពស់​​គណបក្ស​​សង្គ្រោះជាតិ​ធ្លាប់​បាន​​ប្រ​កាស​អោយដឹង​ថា មនុស្ស​ប្រមាណ​​៤០០០នាក់​នឹង​ចូលរួម​ក្នុង​បាតុកម្ម​​នេះ ហើយ​បាន​ស្នើ​ជួបជុំគ្នា​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ មុន​នឹង​ដង្ហែ​ក្បួន​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​របស់​ គជប​​ ដែល​ស្ថិត​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ។

បើទោះជារដ្ឋមន្ត្រី​ក្រ​សួង​មហាផ្ទៃ​មិន​អនុញ្ញាត​អោយ​មាន​ការ​​ដង្ហែ​ក្បួន​ក៏ដោយ សមាជិក​ជាន់​ខ្ពស់​​របស់​គណបក្ស​​សង្គ្រោះជាតិ និងជា​អ្នក​ដឹកនាំ​ក្បួនបាតុកម្ម​​ផង គឺ​លោក ហូ វ៉ាន់ បាន​បញ្ជាក់នៅ​ថ្ងៃ​នេះ​ហើយ​ថា គណបក្ស​​សង្គ្រោះ​ជាតិ​នឹង​នៅ​ធ្វើ​តាម​គម្រោង​ដដែល។ គម្រោង​​ហែ​ក្បួន​ដែល​លោក​និង​ក្រុម​ការងារ​បាន​និយាយព្រមព្រៀង​គ្នា​​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រួច​ហើយ។ លោក​ ហូ វ៉ាន់ ​ក៏​មិន​បានព្រួយ​បារម្ភ​អំពី​លទ្ធភាព​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ និង​ក្រុម​ប៉ូលីស​នៅ​ថ្ងៃ​ស្អែក​ដែរ។

គួរ​រម្លឹក​ថា ​ ក្រោយ​ពី​បាន​ឃើញ​របាយការណ៍​របស់​អង្គការ សង្កេតការណ៍បោះឆ្នោត​​ ​Comfrel Nicfec NDI ​ស្តី​ពី​ការបាត់​ឈ្មោះអ្នកបោះឆ្នោត គណបក្ស​សង្គ្រោះជាតិ​ក៏​ផ្តើមគំនិត​រៀបចំ​បាតុកម្ម​ទាមទារ​អោយ​ គជប ​រៀបចំបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឡើងវិញ។ អង្គការ​ខុមហ្វ្រែល​បាន​ប៉ាន់​ស្មាន​ទុកថា វា​នឹង​អាច​មានមនុស្ស​ជាង​១លាន​នាក់​ ដែល​អាចអាច​មានបញ្ហា​រក​ឈ្មោះ​មិនឃើញ នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត។

យោងតាម​​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំនួន​អ្នក​បោះឆ្នោត​សរុប​មាន​ជាង​៩លាន​៦សែន​នាក់ ​នៅក្នុង​ការ​ការបោះឆ្នោត​នីតិកាល​ទី​៥ ថ្ងៃទី​២៨ ​កក្កដា ​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ