អានតួអត្ថបទ
ឡាវ

សកម្មជន​សិទ្ធិ​មនុស្ស​ឡាវ​ដ៏​សំខាន់​ម្នាក់​ បាន​បាត់​ខ្លួន​

នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch (HRW) បាន​ទាម​ទារ​អោយ​មាន​ការ​ដោះ​លែង​ សកម្មជន​សិទ្ធិ​មនុស្សឡាវ​​ដ៏​សំខាន់​​ម្នាក់ ​ដែល​បាន​បាត់​ខ្លួន ដោយ​គ្មាន​មូល​ហេតុ​​ តាំង​ពី​ថ្ងៃ​ ១៥ធ្នូ​ មក​ម្ល៉េះ។ អង្គការ​សិទ្ធិ​មនុស្ស​ HRW​ បាន​ចោទ​​​ថា​ អជ្ញាធរ​​ឡាវ​ ជា​អ្នក​នាំ​ខ្លួន​ លោក​ Sombath Somphone​ ទៅ​មន្ទីរ​ឃុំឃាំង។ នៅ​អាស៊ី លោក​ Sombath Somphone អាយុ​ ៦០​ឆ្នាំ ​ ជា​សកម្ម​ជន​សិទ្ធមនុស្ស​ ដ៏​សំខាន់​នៅ​ប្រទេស​​ឡាវ​​ ធ្លាប់​បាន​ទទួល​ពាន​រង្វាន់ Ramon Magsaysay ក្នុង​ឆ្នាំ ២០០៥ ដែល​គេ​ប្រៀប​ធៀប​ បាន​ទៅ​នឹង​ពាន​រង្វាន់​សន្តិភាព។

ឡាវ​ជា​ប្រទេស ប្រកាន់​របប​​​​កុំម្មុយនិស្ត តាំង​ពី​ឆ្នាំ​ ១៩៧៥​
ឡាវ​ជា​ប្រទេស ប្រកាន់​របប​​​​កុំម្មុយនិស្ត តាំង​ពី​ឆ្នាំ​ ១៩៧៥​ © Reuters
ផ្សាយពាណិជ្ជកម្ម

 

រូបភាព​ជា​ច្រើន​ បាន​មក​​ពី​​កាមេរ៉ា​ថត​រូប​​ ផ្សេង​ៗ​ បាន​​បង្ហាញ​ ពី​ រូប​លោក​ Sombath Somphone កំពុង​​​ដក​ខ្លួន​ចេញ​ឆ្ងាយ ​ពី​​ស្នងការ​នគរបាល​ឡាវ​​ ជាមួយ​នឹង​មនុស្ស​ពីរ​នាក់ ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ។ ភរិយា​លោក​ Sombath Somphone​ មាន​ការ​បារម្ភ មិនដឹង​ថា តើ​លោក​ត្រូវ​ប៉ូលីស​នាំ​ខ្លួន​​ទៅ រឺ​ក៏​ត្រូវ​ជន​ផ្សេង​ទៀត​ចាប់​ទៅ។​ គាត់​មិន​បាន​ទទួល​ព័ត៌មាន​អ្វី​ទាំង អស់ ​អំពី​ក្រសួង​សន្តិសុខ​សាធារណៈ។

 

ក្រសួង​ការ​បរទេស​ឡាវ​ បាន​ចេញ​សេចក្តី​ថ្លែង​ការ​មួយ​ ទទួល​ស្គាល់​ថា​ ​កាលពី​​ ថ្ងៃ​ ១៥ធ្នូ ក្នុង​ការងារ​ប្រចាំការ​​ ជា​ប្រចាំថ្ងៃរបស់​ខ្លួន​ ប៉ូលីស​ចរាចរ​ឡាវ​ បានធ្វើ​ការ​ឃាត់​ខ្លួន​លោក​ ​ Sombath Somphone ពី​បទ​បើកបរ​។​ ហើយ​បន្ទាប់​ពី​នោះ​មក មាន​ជន​មិន​ស្គាល់​ឈ្មោះ​​​ពីរ​នាក់​ បាន​នាំ​លោក​ Sombath Somphone​ ចេញ​ទៅ​បាត់។ ក្រសួង​ការ​បរទេស​ឡាវ​ យល់​ថា លោក​ Sombath Somphone អាច​ត្រូវ​គេ​ចាប់​ជំរិត​ ក្នុង​រឿង​ឯកជន​ រឺក៏​ដោយ​លោក​មាន​ទំនាស់​ ក្នុង​ការងារ​របស់​លោក​ផ្ទាល់។

 

ប៉ុន្តែ​ អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch​ បាន​ចោទ​​​ថា​ អជ្ញាធរ​​ឡាវ​ ជា​អ្នក​នាំ​ខ្លួន​ លោក​ Sombath Somphone​ ទៅ​មន្ទីរ​ឃុំឃាំង។ យោង​តាម​ HRW សកម្មជន​សិទ្ធិ​មនុស្ស​ឡាវ​រូប​នេះ​ អាច​នឹង​ទទួល​រង​នូវ​​ទារុណកម្ម​។​  អង្គការ​សិទ្ធិ​មនុស្ស HRW  បាន​ទាមទារ​អោយ​មាន​ការ​ដោះ​លែង​ Sombath Somphone ហើយ​សំនូម​ពរ​អោយ​រដ្ឋាភិបាល​ឡាវ​ បំភ្លឺ​អំពី​ការ​បាត់​ខ្លួន​នេះ​​ អោយ​បាន​ច្បាស់លាស់​ថែម​ទៀត។

 

ឡាវ​ជា​ប្រទេស ប្រកាន់​របប​​​​កុំម្មុយនិស្ត តាំង​ពី​ឆ្នាំ​ ១៩៧៥​មក។​ គ្មាន​​គណបក្ស​នយោបាយ​ណាមួយ​ មានសិទ្ធិ​គ្រប់គ្រង​​​ស្ថាប័ន​ព័ត៌មាន​ប្រទេស​នេះ​បាន​ឡើយ​។

សហរដ្ឋ​អាមេរិក​ សំដែង​​ការ​បារម្ភ​អំពី​បញ្ហា​បាត់​ខ្លួន​​របស់​ សកម្មជន​សិទ្ធិ​មនុស្ស​ឡាវ​នេះ ផងដែរ។​

 

លោក​ Sombath Somphone មាន​អាយុ​ ៦០​ឆ្នាំ ​ ជា​សកម្ម​ជន​សិទ្ធមនុស្ស​ ល្បី​ឈ្មោះ​​នៅ​ប្រទេស​​ឡាវ​​ បាន​បង្កើត​​​ ទី​ភ្នាក់​ងារ​អភិវឌ្ឈន៍​មួយ​​​ធ្វើការ​ទាក់ទង​នឹង​វិស័យ​អប់រំ។ លើស​ពី​នេះ លោក​​ម្ចាស់​​ពាន​រង្វាន់ Ramon Magsaysay ដែល​គេ​ប្រៀប​ប្រដូច​​​ទៅ​​នឹង​ពាន​រង្វាន់​សន្តិភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ