អានតួអត្ថបទ
រុស្ស៊ី

តារាអាមេរិកាំង​​ ​Madonna ​​បន់ស្រន់​​ដើម្បី​​សេរីភាព​​អ្នកចម្រៀង​​រុស្ស៊ី​​៣នាក់​​

ពេលសំដែង​យប់មិញ​ក្នុងសាល​តន្ត្រី​មួយ​នៅក្រុងម៉ូស្គូ​ដែល​ចំណុះ​ទស្សនិកជន​បាន​២១.៥០០នាក់ ​អ្នក​ចម្រៀង​អាមេរិកាំង​ដ៏សែន​ល្បីល្បាញ​នៅក្នុង​លោក​ គឺអ្នកស្រី ​Madonna​ បាន​អំពាវនាវ​អាជ្ញាធរ​រុស្ស៊ី ​ឲ្យដោះលែង​ទៅ​ នារី​រុស្ស៊ី​៣នាក់​នៃ​ក្រុម​ចម្រៀង​ ឈ្មោះ ​Pussy Riot ​ដែលជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​អស់​ជាង៥ខែ​ហើយ​ ដោយគ្រាន់តែ​មក​ពីគេ​បាន​ថ្លោះ​ការ​ទៅច្រៀង​ក្នុង​វិហារ​គ្រិស្តសាសនា​មួយ​នៃ​រដ្ឋធានី​រុស្ស៊ី។

តារា​អាមេរិកាំង​ Madonna​ បន់ស្រន់​ដើម្បី​សេរីភាព​អ្នក​ចម្រៀង​រុស្ស៊ី​៣នាក់​
តារា​អាមេរិកាំង​ Madonna​ បន់ស្រន់​ដើម្បី​សេរីភាព​អ្នក​ចម្រៀង​រុស្ស៊ី​៣នាក់​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

ជាបឋម​គួររំលឹក​ថា ​គឺកាលពី​ថ្ងៃ២១​កុម្ភៈ​ឆ្នាំ២០១២​នេះ ​ដែលនារី​រុស្ស៊ី ​៣នាក់​នោះ ​នៃ​ក្រុម​ចម្រៀង​ឈ្មោះ ​Pussy Riot​ បាន​ចូល​ទៅ​ឡកផង​ ច្រៀងផង​ ក្នុង​វិហារ​គ្រិស្តសាសនា​ដ៏ធំ​បំផុត​នៅរុស្ស៊ី​ ទាំងបន់ស្រន់​សុំឲ្យ​ព្រះជាម្ចាស់​ បណ្តេញ​រូបលោក​ពូទីន​ចេញពី​អំណាចទៅ។​ ចម្រៀងនោះ​ថែមទាំង​បន្លឺ​ឡើង​នូវ​ការទិតៀន​ឥតថ្នម​សំដីទេ​ ទល់​នឹង​រូប​លោកប្រមុខ​រដ្ឋ​រុស្ស៊ី ​និងរូប​សម្តេចសង្ឃ ​Kirill ​ដែលជា​ប្រមុខ​គ្រិស្តសាសនា​អ័រថូដុក្ស​ទូទាំង​ប្រទេស​រុស្ស៊ី ​តែម្តង។

 
ក្រោយមក​ ស្របនឹង​ដីកា​ចេញ​ដោយតុលាការ​ក្រុងម៉ូស្គូ​ នារី​ទាំង៣នាក់​នោះ ​ដែលម្នាក់ៗ​អាយុ ​ជាង២០ឆ្នាំ​បន្តិច ​តាំងពី​ខែមីនា​មក​ ត្រូវបាន​ឃាត់ខ្លួន​ ហើយនៅ​ជាប់ក្នុង​មន្ទីរ​ឃុំឃាំង​ដោយនៅ​រង់ចាំ​ការ​ប្រកាស​សាលក្រម​កាត់ទោស​គេ។​ ម្សិលមិញ​ភាគី​រដ្ឋអាជ្ញា ​បាន​ទាមទារ​ឲ្យតុលាការ​កាត់ទោស​គេម្នាក់ៗ​ឲ្យជាប់​ពន្ធនាគារ​៣ឆ្នាំ ​ចំពោះ ​”អំពើយូកូម”​ ដែលគេ​បាន​ប្រព្រឹត្ត​ទាំង​ប្រមាថ​ លើមនោសញ្ចេតនា​នៃ​គ្រិស្តបរិស័ទ​នៅ​រុស្ស៊ី។

ការដែល​អាជ្ញាធរ​រុស្ស៊ី ​បន្ត​ឃុំឃាំង​នារី​ទាំង៣នាក់​នោះ​ គឺញ៉ាំងឲ្យ​មានការ​ជួយឈឺ​ឆ្អាល​ពីខាង​ មជ្ឈដ្ឋាន​សិល្បករ​ក្នុង​ប្រទេស​ក៏ដូចជា​បរទេស។

យ៉ាងណាមិញ​ តារា​អ្នកចម្រៀង​អាមេរិកាំង​ដ៏សែន​ល្បីល្បាញ​ Madonna ​ ដោយ​សាមគ្គី​ជាមួយ​
នារី​អភ័ព្វ​ទាំង៣នាក់នោះ ​ថែមទាំង​បាន​សរសេរ​ឈ្មោះ ​Pussy Riot​ នោះ ​នៅលើ​ខ្នង​របស់​គាត់​ទៅផង។​ ក្នុង​ចន្លោះ​ពេលពី​ចម្រៀង​មួយបទ​ទៅមួយបទ​ Madonna ​បានចោទ​ជាសំនួរ​ទៅ​ទស្សនិកជន​ទាំងជាង​២ម៉ឺននាក់ ​តើគេ​សាមគ្គី​ជាមួយ​គាត់​ឬទេ​ ក្នុងការ​ទាមទារ​ឲ្យដោះលែង​អ្នកទាំងនោះ។​ ជាចម្លើយ​គាត់​តែងឮ​ សូរ​លាន់​ទ្រហឹង​គាំទ្រគាត់​រំពង​ចេញមក​ពី​សាលតន្ត្រី។

ក្នុងបទ​អន្តរាគមន៍​របស់​គាត់​ សឹង១០នាទី​ Madonna​ បាន​ដំណាលថា​ ជាសំណាង​ល្អ​ណាស់​ សម្រាប់​គាត់​ ដែល​គាត់រស់​នៅ​ស.រ.អា.​ ជាទី​ដែល​អាជ្ញាធរ​មិនធ្វើ​ទុក្ខបុកម្នេញ​ឡើយ​ ទៅលើ​ពលរដ្ឋ​រូបណា​ក៏ដោយ ​បូក​ទាំង​សិល្បករ​ សិល្បការិនី​ផង​ចំពោះការ​ហ៊ាន​បញ្ចេញ​មតិខ្លួន។​ Madonna​ ក៏​បន្ថែមថា​ ៖ “នារី​រុស្ស៊ី​៣នាក់នោះ ​បាន​បង់ថ្លៃ​គ្រប់គ្រាន់​ទៅហើយ​ ដោយ​បាត់បង់​សេរីភាព​ខ្លួន​អស់ជាង​៥ខែមក​ហើយ​ គ្រាន់តែ​មកពី​គេហ៊ាន​បញ្ចេញ​មតិគេ​ ហើយខ្ញុំ​សង្ឃឹមថា​ នៅទី​បំផុត​គេនឹង​ទទួល​សេរីភាព​ឡើងវិញ។​ ខ្ញុំចង់ឲ្យ​ពិភពលោក​យើង​ សណ្ឋិត​ ទៅ​ដោយ​ សុខ​សន្តិភាព​ សេរីភាព ​និង​ ទេពកោសល្យ។ ​តើអ្នកយល់​ដូចខ្ញុំឬទេ?”។​ ជាថ្មីម្តង​ទៀត​ សាល​តន្ត្រី​ ផ្ទុះ​ទៅដោយ​សូរទះដៃ​លាន់​ទ្រហឹង​ គាំទ្រ​តារា​អ្នកចម្រៀង​អាមេរិកាំង​ Madonna៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ