កម្ពុជាត្រៀមបញ្ជូនឯកសារផែនទីបន្ថែម ទៅកាន់តុលាការឡាអេ នៅថ្ងៃនេះ ឬថ្ងៃស្អែក
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស នឹងបញ្ជូនឯកសារផែនទីបន្ថែម ទៅកាន់តុលាការឡាអេ នៅថ្ងៃព្រហស្បតិ៍នេះ ឬក៏យ៉ាងយូរត្រឹមថ្ងៃសុក្រ ទី២៦មេសាស្អែក។ ជាការបន្ថែមឯកសារ តាមការចង់បានរបស់តុលាការយុត្តិធម៌អន្តរជាតិ ជុំវិញជម្លោះបកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។ ចំណែកភាគីថៃ នឹងដាក់ឯកសារផែនទីបន្ថែម ទៅកាន់តុលាការឡាអេ នៅថ្ងៃ២៦មេសា ដែលជាថ្ងៃកំណត់ចុងក្រោយរបស់តុលាការ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៣
លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងជាសមាជិកក្រុមការងារកម្ពុជា ដែលបានទៅតតាំងក្តី នៅតុលាការឡាអេ បានប្រាប់អ្នកកាសែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ចៅក្រមបានកំណត់ឲ្យកម្ពុជា និងថៃ ឆ្លើយតប និងដាក់ឯកសារផែនទីបន្ថែម ឲ្យបានមុនថ្ងៃសុក្រ ទី២៦មេសា វេលាម៉ោង ៥ ល្ងាច។ ដូច្នេះកម្ពុជាអាចដាក់ជូនតុលាការនៅថ្ងៃនេះ ឬក៏ថ្ងៃស្អែក។ កម្ពុជានឹងដាក់ឲ្យទាន់ពេលកំណត់របស់តុលាការ។
លោក ឡុង វិសាលោ បានបន្ថែមថា ឯកសារផែនទីរបស់កម្ពុជា ដែលត្រូវដាក់ទៅកាន់តុលាការឡាអេ រួមមាន ផែនទី និងការពន្យល់ប្រាប់តុលាការពីវត្ថុបំណងចង់បានរបស់កម្ពុជា ដោយមានផែនទីភ្ជាប់ទៅជាមួយ។
ក្នុងសវនាការចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩មេសា កម្ពុជាចង់ឲ្យតុលាការអន្តរជាតិបកស្រាយសាលក្រមឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងព្រំដែននៅជាប់ប្រាសាទព្រះវិហារដែលកំពុងមានជម្លោះ។
ជាការកត់សម្គាល់ បន្ទាប់ពីការឡើងផ្តល់អំណះអំណាងរៀងៗខ្លួន រវាងភាគីកម្ពុជា និងភាគីថៃ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ក្នុងសវនាការផ្ទាល់មាត់ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩មេសា ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានតម្រូវឲ្យភាគីជម្លោះទាំងពីរដាក់ឯកសារផែនទីបន្ថែម។
ភាគីថៃតាមរយៈរដ្ឋមន្ត្រីការបរទេស បានប្រកាសថា ថៃនឹងដាក់ឯកសារផែនទីទៅកាន់តុលាការឡាអេ នៅថ្ងៃទី២៦មេសា ស្អែកនេះ។ សេចក្តីសម្រេចដូច្នេះ បានឆ្លងគណៈរដ្ឋមន្ត្រីថៃរបស់លោកស្រី យ៉ីងឡាក់ រួចរាល់ហើយ។
សម្រាប់ភាគីកម្ពុជា គឺសំអាងលើផែនទីឧបសម្ព័ន្ធ១ ដែលមានភ្ជាប់នឹងសាលក្រមឆ្នាំ១៩៦២។ ជាផែនទីដែលធ្វើឡើងដោយគណៈកម្មការព្រំដែនចម្រុះបារាំង-សៀម ឆ្នាំ១៩០៧ ដើម្បីកំណត់ព្រំដែនកម្ពុជា និងថៃ ហើយតុលាការយកទៅសម្រេចក្តី នៅឆ្នាំ១៩៦២ ដាក់ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ