អានតួអត្ថបទ
កម្ពុជា

សម្តេច​​ក្រុមព្រះ​​នរោត្តម​​​រណឫទ្ធិ​​​ ត្រូវ​គណបក្ស​​ហ៊្វុនស៊ិនប៉ិច​​ប្រកាស​ប្តឹង​​ពី​បទ​​ពុករលួយ​​ និង​​លួច​​លក់​​យន្តហោះ​​

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ខ្លី​មួយ កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​មីនា​ម្សិល​មិញថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដាក់​ពាក្យបណ្តឹង​ប្តឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​បទ​​ពុករលួយ​និង​លួច​ឧទ្ធម្ភាគចក្រ ម៉ាក MI17 ( អ៊ឹមអាយ ១៧ ) របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច យក​ទៅ​​លក់ ក្នុងពេល​ព្រះអង្គ​នៅជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ក៏​ប៉ុន្តែ​មក​ដល់​រសៀល​ថ្ងៃ​ចន្ទ​នេះ ពាក្យបណ្តឹង​ប្រឆាំង​សម្តេច​ក្រុមព្រះ​មិនទាន់​ដាក់​ទៅ​កាន់​តុលាការ​នៅ​ឡើយ​ទេ។ រីឯ​អ្នកស្និទ្ធ​នឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បាន​បដិសេធ​ហើយ​ចាត់​​​ទុក​ថា បណ្តឹង​លើ​សម្តេច​ក្រុមព្រះ​ ជារឿង​អយុត្តិធម៌។ អ្នក​នាំពាក្យ​សម្តេច​ក្រុមព្រះ​ក៏បាន​បដិសេធ​ថា ព្រះអង្គ មិន​យាង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ ​ដែលជា​គណបក្ស​ប្រឆាំង ​ដូច​ដំណឹង​ចុះផ្សាយ​ឡើយ។

សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ
សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​ខ្លី​របស់​អ្នកនាំពាក្យ​គណបក្សហ៊្វុន​ស៊ិនប៉ិច បាន​បង្ហាញ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដាក់​ពាក្យបណ្តឹង​ប្តឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​បទ​​ពុករលួយ​និង​លួច​ឧទ្ធម្ភាគ​ចក្រ ម៉ាក MI17 ( អ៊ឹមអាយ ១៧ ) របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​យក​ទៅ​​លក់។

ក៏​ប៉ុន្តែ​មកដល់​រសៀល​ថ្ងៃចន្ទ​នេះ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ទុំ សម្បុរ បាន​ប្រាប់​​​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិនទាន់​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅ​កាន់​តុលាការ​នៅ​ឡើយ​ទេ។

លោក ទុំ សម្បុរ បាន​បញ្ជាក់​ថា "ឥឡូវ​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិនទាន់​បាន​ដាក់​ពាក្យបណ្តឹង​​អ្វី​មួយ​ជា​ផ្លូវការ​អី​ទេ។ ប៉ុន្តែ​គ្រាន់តែ​ថា យើង​កំពុងតែ​គិតថា​តើ​ត្រូវធ្វើ​យ៉ាងម៉េច​ទៅ​តាម​​នីតិវិធី ពី​រឿង​បញ្ហា​ដូច​សេចក្តីប្រកាស​ព័ត៌មាន​ពី​យប់មិញ​អីចឹង គឺ​ទី​១ ពី​បញ្ហា​លក់​ឧទ្ធម្ភាគច្រក និង​ទី​២-​ពី​បញ្ហា​ពុករលួយ"។​

លោក ទុំ សម្បុរ បាន​បន្ថែម​ថា បញ្ហា​ពុករលួយ​និង​ការលួច​យក​យន្តហោះ​ទៅលក់ ដែល​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច​ប្រកាស​ប្តឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​បាន​កើត​ឡើង​ក្នុង​អំឡុង​​ពេល​ព្រះអង្គ​នៅ​គង់​ជា​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។​
សម្តេច​ក្រុមព្រះ​ត្រូវបាន​គេ​ទម្លាក់ចេញ​ពី​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច តាមរយៈ​សមាជ ថ្ងៃ​១៨ តុលា ឆ្នាំ​២០០៦។

ការ​ពន្យារ​ពេល​ដាក់​ពាក្យបណ្តឹង ​ទៅកាន់​តុលាការ​ប្រឆាំង​នឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេល​នេះ ត្រូវ​បាន​អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ទុំ សម្បុរ លើកឡើង​ថា មិនមែន​មកពី​ការ​សម្របសម្រួល​ណា​មួយ​រវាង​​សម្តេច​ក្រុមព្រះ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ឡើយ។ ​មូលហេតុ​មានតែ​មួយ​គត់ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិន​ទាន់​រៀបចំ​ឯកសារ​រួចរាល់។​

លោក ទុំ សម្បុរ ក៏​បាន​បដិសេធ​ផងដែរ​ថា សេចក្តីប្រកាស​ប្តឹង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេល​នេះ ក៏​មិនមែន​ជា​ការ​គាបសង្កត់ នៅពេល​មាន​ដំណឹង​ថា​សម្តេច​ក្រុមព្រះ យាង​​​ទៅ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ ឬ​ក៏​សងសឹក​ព្យាបាទ​អ្វី​ទេ។

យ៉ាងណា​ក៏ដោយ លោក ប៉ែន សង្ហា ​ជា​អ្នកស្និទ្ធ​នឹង​សម្តេច​ក្រុមព្រះ បាន​ចាត់ទុក​ការ​ប្រកាស​ប្តឹង​សម្តេច​ក្រុមព្រះ ថា​ជា​រឿង​អយុត្តិធម៌​និង​ជា​រឿង​កំសាក និង​អគុណធម៌​នៃ​មេដឹកនាំ​បច្ចុប្បន្ន របស់​គណបក្ស​ហ៊្វុនស៊ិចប៉ិច។ ជាមួយ​គ្នា​នោះ លោក ប៉ែន សង្ហា ក៏​បាន​បដិសេធ​នូវ​ព័ត៌មាន​ដែល​មាន​លេចឮ​ថា សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ហើយ​ទទួល​បាន​តួនាទី​​ជា​ប្រធាន​គណបក្ស​កិត្តិយស។​

សូម​រម្លឹកថា នៅ​ក្រោយ​ពេល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បែកបាក់​ជា​ពីរ តាមរយៈ​សមាជ​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០០៦ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​ត្រូវ​បាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ បាន​ប្តឹង ចោទ​ប្រកាន់​ព្រះអង្គ​ក្នុង​រឿង​លក់​ដី​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ហើយ​ព្រះអង្គ​ក៏ត្រូវ​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ នាំ​ឲ្យ​ព្រះអង្គ​ភៀស​ព្រះកាយ​គង់​នៅ​ក្រៅ​ប្រទេស​​មួយ​រយៈ។ កាលណោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​បាន​ជាប់​បណ្តឹង​នៅ​តុលាការ​ក្នុង​សំណុំរឿង​ឯក​ពន្ធភាព ដែល​ព្រះអង្គ​មានមហេសី​ពីរ​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ