អានតួអត្ថបទ
កម្ពុជា-ចិន

ម៉ាកាវ​ចង់​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​ក្រុមប្រឹក្សាផ្នែក​នយោបាយនៃ​សភា​ប្រជាជន​ចិន លោក អេតមុន ហូ (Edmund Ho) ដែល​ជាអតីត​អភិបាល​តំបន់ស្វយ័ត​ម៉ាកាវ​​ បាន​ធ្វើ​ទស្សនកិច្ចនៅ​កម្ពុជា​ ដើម្បី​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​អោយ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរ​ណ៍​សាកល​លើកទី២​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ម៉ាកាវ​ នា​ខែ​កញ្ញា​ខាង​មុខ។​ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា និងលោក​ឧបនាយករដ្ឋមន្ត្រី​ គាត ឈន់ ​ភាគី​ទាំងពីរ​បាន​ជជែក​អំពី​ការពង្រឹង​សហប្រតិបត្តិការ​ផ្នែក​ទេសចរណ៍ និង​ពាណិជ្ជកម្ម។ កម្ពុជា​បាន​ស្នើ​អោយមាន​ការ​ហោះហើរ​​ត្រង់​រវាង​ម៉ាកាវ និង​កម្ពុជា​ទៀត​ផង។

អតីត​អភិបាល​ក្រុង​ម៉ាកាវ​ លោក Edmund Ho
អតីត​អភិបាល​ក្រុង​ម៉ាកាវ​ លោក Edmund Ho (Reuters)
ផ្សាយពាណិជ្ជកម្ម

ការ​ពង្រីក​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ក្រុង​ម៉ាកាវ​របស់​ចិន គឺ​ជា​ប្រធាន​បទ​ចំបង​នៃ​ការ​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ចិន និង​កម្ពុជា។ អនុប្រធាន​គណៈកម្មាធិការជាតិ​នៃ​ក្រុមប្រឹក្សាផ្នែក​នយោបាយ​នៃ​សភា​ប្រជាជន​ចិន លោក អេតមុន ហូ (Edmund Ho) ដែល​ជាអតីត​អភិបាល​តំបន់ស្វយ័ត​ម៉ាកាវ​ដែរ​នោះ ​បាន​បំពេញ​ទស្សនកិច្ច​៤​ថ្ងៃ​នៅ​កម្ពុជា​ ក្នុង​ដើម​សប្តាហ៍​នេះ។

អតីត​អភិបាល​ក្រុង​ម៉ាកាវ​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ដើម្បី​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី​អោយ​ចូលរួម និង​ថ្លែង​សុន្ទរកថា​ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​សាកល​លើកទី​២​។ វេទិកា​នេះ​នឹង​ត្រូវ​រៀបចំ​នៅ​ក្នុង​ទីក្រុង​ម៉ាកាវ ​នៅ​ខែ​កញ្ញា​ខាងមុខ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​យក​ការ​អញ្ជើញ​នេះ ​ហើយ​ក៏បាន​​ពិភាក្សា​អំពី​ការ​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ម៉ាកាវ​ផងដែរ។ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​អោយ​វិនិយោគិន​ចិន​ដាក់ទុន​នៅ​កម្ពុជា​ក្នុង​វិស័យ​ទេសចរណ៍ និង​លើកទឹក​ចិត្ត​អោយ​មាន​ការ​ហោះហើរ​ត្រង់​រវាង​ម៉ាកាវ​ និង​កម្ពុជា​ទៀត​ផង។

អតីត​អភិបាល​ក្រុ​ងម៉ាកាវ​បាន​បង្ហាញបំណងចង់​សហប្រតិបត្តិការ​ផ្នែក​ទេសចរណ៍។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា លោក អេតមុន ហូ​បានបង្ហាញ​ការ​ពិចារណា​ផ្តល់​អាហាររូបករណ៍​ដល់​យុវជន​ខ្មែរ អោយ​សិក្សា​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​​នៅ​ម៉ាកាវ​ទៀត​ផង។

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ លោក​គាត ឈន់​ ក៏​មិន​បាន​ភ្លេច​បញ្ជាក់​ប្រាប់​​លោក​ អេតមុន ហូ ​ដែល​ជា​អនុប្រធាន​គណៈកម្មាធិការជាតិ​នៃ​ក្រុមប្រឹក្សាផ្នែក​នយោបាយនៃ​សភា​ប្រជាជន​ចិន​ទេ​ថា ជំនួយ​ចិន​បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា។ គួរ​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយ​ជាង​២៧០០​លាន​ដុល្លារ​ ទៅ​ក្នុង​ការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ