អានតួអត្ថបទ
រុស្ស៊ី

ប្រធានាធិបតី​បច្ចុប្បន្ន​ ទិតៀន​ ប្រធានាធិបតី​មុន

លោក មេដវេដេវ ចាត់​ទុក​ថា​ហួស​សម័យ​ទៅ​ហើយ ប្រព័ន្ធ​គ្រប់គ្រង​ជា​មជ្ឈការ ដែល​បាន​ត្រូវ​ដាក់​ឲ្យ​អនុវត្ត នៅ​ប្រទេស​រុស្ស៊ី ដោយ លោក ពូទីន ដែល​បាន​ធ្វើ​ជា​ប្រធានាធិបតី មុន​គាត់ អស់​៨​ឆ្នាំ ​និង​ថែម​ទាំង​ជា​គ្រូ​ណែនាំ​របស់​គាត់​ទៅ​ផង។ ​ការ​រិះគន់​នេះ ឆ្លុះ​ឲ្យ​ឃើញ ពី ភាព​ប្រជែង​​គ្នា រវាង​រដ្ឋ​បុរស​ទាំង​ពីរ ដែល​ម្នាក់ៗ សុទ្ធតែ​អាច​ក្លាយ​ជា​បេក្ខជន សម្រាប់​ចូល ប្រឡូក ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​រុស្ស៊ី ឆ្នាំ​ក្រោយ ដែល​កាន់​តែ​ខិតជិត​មក​ដល់។

ភាពតានតឹង​លេចឡើង​រវាង​លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Vladimir Poutine (ឆ្វេង) និង​លោក​ប្រធានាធិបតី​ Dmitri Medvedev​។
ភាពតានតឹង​លេចឡើង​រវាង​លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Vladimir Poutine (ឆ្វេង) និង​លោក​ប្រធានាធិបតី​ Dmitri Medvedev​។ REUTERS/Ivan Sekretarev
ផ្សាយពាណិជ្ជកម្ម

 

ការ​ទិតៀន​នេះ បាន​ត្រូវ​បន្លឺ​ឡើង ដោយ​លោក​ប្រធានាធិបតី មេដវេដេវ ក្នុង​អង្គ​ប្រជុំ នៃ បណ្តា​ភាសាវិទូ បណ្តា​សាស្ត្រាចារ្យ​ភាសា​រុស្ស៊ី បូក​ទាំង​មក​ពី​បរទេស​ផង ដែល​បាន​ប្រព្រឹត្ត​ទៅ  ថ្ងៃ​ទី​៦​មិថុនា ម្សិលមិញ នៅ​ឯ” វិជ្ជាឋាន​ភាសា​រុស្ស៊ី​ក្រុងម៉ូស្គូ​នាម កវី​រុស្ស៊ី ពូហ្សគីន “ នៅ​ចំ ថ្ងៃ​កំណើត មហា​កវី​នេះ​នៃ​សតវត្ស​ទី​១៨-១៩ ដែល​ត្រូវ​មជ្ឈដ្ឋាន​អ្នក​ប្រាជ្ញ ចាត់​ទុក ជា ”ស្ថាបនិក ភាសា​អក្សរសាស្ត្រ​រុស្ស៊ី​សម័យ​បច្ចុប្បន្ន”។

តាម​ប្រសាសន៍ លោក មេដវេដេវ ៖ ក្រោម​អំណាច​ប្រធានាធិបតី ពូទីន ពី​ឆ្នាំ​២០០០​ដល់​២០០៨ នៅ​រុស្ស៊ី មាន​ការ​រឹតត្បិត​សកម្មភាព​បក្ស​ប្រឆាំង ពិបាក​ប្រើ​មធ្យោបាយ​ឃោសនា​មហាជន និង មាន​ការ​កាត់​បន្ថយ​ស្វ័យភាព​ខេត្ត។

ព្រមជាមួយ​នេះ លោក មេដវេដេវ ក៏​សង្កត់​ធ្ងន់​ថា ប្រព័ន្ធ​នយោបាយ​នៅ​រុស្ស៊ី ដែល ប្រមូលផ្តុំ អំណាច តែ​នៅ​ក្នុង​ដៃ​ប្រធានាធិបតី គឺ​លែង​ទាន់​សម័យ​ហើយ ដ្បិត​វា​សម្បូណ៌​ទៅ​ដោយ​ចំណុច​ខ្វះខាត​ហេតុ​ដែល​តម្រូវ​ឲ្យ​មាន​ការ​កែប្រែ ពីព្រោះ​ប្រធានាធិបតី​តែ​ម្នាក់​ឯង មិន​អាច ដោះស្រាយ គ្រប់តែ​កិច្ចការ​ថ្នាក់​ជាតិ​ទាំង​អស់​ឡើយ។

ក្នុង​ន័យ​នេះ លោក មេដវេដេវ តាំងពី​គាត់​ឡើង​កាន់​អំណាច​៣​ឆ្នាំ​មុន​មក គឺ​ខំ​ស្វះស្វែង បើក ប្រព័ន្ធ​នយោបាយ​នៅ​រុស្ស៊ី ឲ្យ​មាន​លក្ខណៈ​ចំហ ប៉ុន្តែ គាត់​នៅ​មិន​ទាន់ សម្រេច​បាន​លទ្ធផល អ្វី​ណា​ឲ្យ​បាន​ជាក់លាក់​ឡើយ។

លោក មេដវេដេវ ដែល​ជា​អតីត​សាស្ត្រាចារ្យ​ច្បាប់ បាន​បង្ហាញ​ឲ្យ​បស្ចិមលោក ឃើញ​ថា​គាត់​ជា “អ្នក​លើក​ទង់​ប្រជាធិបតេយ្យ” នៅ​រុស្ស៊ី ដោយ​សន្យា​ប្រយុទ្ធ​ប្តូរ​ផ្តាច់ ទល់​នឹង​អំពើ​ពុក​រលួយ​និង​ដាក់​ទិស​ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​ប្រទេស​រុស្ស៊ី ឲ្យ​ទាល់តែ​បាន។

រីឯ​លោក ពូទីន ដែល​បច្ចុប្បន្ន ជា​នាយក​រដ្ឋមន្ត្រី គឺ​មនុស្ស​ទី​២​នៅ​រុស្ស៊ី ហើយ​ដែល​មាន​បំណង វិលត្រឡប់ ទៅ​កាន់​តំណែង​កំពូល ក្នុង​វិមាន​ក្រេមឡាំង ជា​មនុស្ស​ទី​១ វិញ ធ្លាប់​បាន បង្ហើរ​សំដី ព្រមាន អតីត​សិស្ស​ខ្លួន កុំ​ឲ្យ​ជោរ នឹង “ទំនោរ​សេរីនិយម” ទាល់​តែ​ខ្វះ ការ​ពិចារណា​នោះ។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រុង កូប៉ិនហាកកាលពី​ចុង​ខែ​មេសា​ឆ្នាំ​នេះ លោក ពូទីន ក៏​បាន ដាស់​សតិ​បស្ចិមលោក ដែល​តែង​ចិញ្ចឹម​នូវ​សមានចិត្ត ចំពោះ​លោក មេដវេដេវ ជា​គូ​ប្រជែង​គាត់  ថា ៖ សម្រាប់ អនាគត​បេក្ខជន​ប្រធានាធិបតី​នៅ​រុស្ស៊ី គឺ​មិន​ចាំ​បាច់​មាន ការ​ជួយ​ចូកចែវ ពី​ខាង​ប្រទេស​ក្រៅ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ