អានតួអត្ថបទ
ចិន-អាល្លឺម៉ង់

នាយក​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​​អញ្ជើញ​​ទៅ​​ប្រទេស​ចិន​​ដែល​​កំពុង​​ទទួល​​រង​​ផលវិបាក​​នៃ​​វិបត្តិ​​តំបន់​​អឺរ៉ូ​​

លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Angela Merkel ​បាន​ត្រូវ​ទទួល​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​នៅទីក្រុង​ប៉េកាំង​ដោយ​លោក​នាយករដ្ឋមន្ត្រី​ចិន​ វិន​ ជាប៉ាវ។​ ទាំងនេះ​ក្នុង​ខណៈពេល​ដែល​មហាអំណាច​សេដ្ឋកិច្ច​ទី១​អឺរ៉ុប​ហើយនិង​មហាអំណាច​សេដ្ឋកិច្ច​ទី២​ពិភពលោក​ចង់​រិះរក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​ប្រាក់​បំណុល​នៅក្នុង​តំបន់​អឺរ៉ូ។

លោកស្រី​​នាយក​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​​ Angela Merkel ​នៅទីក្រុង​​ប៉េកាំង​​ទទួល​​ដោយ​​លោក​នាយក​រដ្ឋមន្ត្រី​​ចិន​​ វិន​ ជាប៉ាវ​
លោកស្រី​​នាយក​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​​ Angela Merkel ​នៅទីក្រុង​​ប៉េកាំង​​ទទួល​​ដោយ​​លោក​នាយក​រដ្ឋមន្ត្រី​​ចិន​​ វិន​ ជាប៉ាវ​ © Reuters
ផ្សាយពាណិជ្ជកម្ម

“វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ហើយនិង​វិបត្តិ​ប្រាក់បំណុល​នៅ​អឺរ៉ុប​បាន​ជះចេញ​ជា​ផលវិបាក​កាន់តែ​ធ្ងន់ធ្ងរទៅៗ​នៅ​លើ​ពិភពលោក។​ ប្រទេសចិន​និង​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឋានៈ​ជា​មហាអំណាច​សេដ្ឋកិច្ច​និងជា​​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ត្រូវតែ​ធ្វើការ​ពង្រឹង​យ៉ាងណា​ឲ្យ​អន្តរជាតិ​មាន​ទំនុកចិត្ត​កក់ក្តៅ​ឡើងវិញ​ ​ ហើយត្រូវ​រិះរក​ដំណោះស្រាយ​ជាមួយគ្នា”​ ​ នេះជា​សេចក្តី​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ចិន​ វិន​ ជាប៉ាវ​ នៅពេល​ទទួល​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Angela Merkel ​។

 
ទស្សនកិច្ច​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Angela Merkel ​នៅ​ប្រទេស​ចិន​លើកនេះ​គឺជា​ទស្សនកិច្ច​លើក​ទីពីរ​ហើយ​នៅឆ្នាំ​២០១២នេះ។​ បើយោងតាម​អ្នកវិភាគ​ ​ ទីក្រុង​ប៉េកាំង​យល់ថា​ ​​ប្រទេស​អាល្លឺម៉ង់​មាន​តួនាទី​កាន់តែ​សំខាន់ឡើងៗ​នៅក្នុង​ការ​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ។

ប្រទេសចិន​ដែល​អត្រា​កំណើន​សេដ្ឋកិច្ច​បាន​ស្គាល់​ការ​ធ្លាក់ស្រុត​ចុះ​ខ្លាំង​ ​ ក៏​ដោយហេតុតែ​សហភាព​អឺរ៉ុប​កំពុង​ទទួល​រង​គ្រោះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​សែន​ធ្ងន់ធ្ងរ​ពុំដែល​កើតមាន។​ ហើយ​ម្យ៉ាងទៀត​ សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​ទី១​សម្រាប់​ការនាំ​ចេញ​របស់​ប្រទេសចិន។

សូម​បញ្ជាក់ថា​ ​ ប្រទេស​អាល្លឺម៉ង់​តំណាង​ដល់ទៅ​ជិត​៥០%​នៃ​ការនាំចេញ​អឺរ៉ុប​ចូល​ប្រទេស​ចិន​ ​ ហើយ​តំណាង​ប្រមាណ​២៥%​នៃ​ការនាំចេញ​របស់​ប្រទេសចិន​ចូល​សហភាព​អឺរ៉ុប។

ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេសចិន​និង​ប្រទេស​អាល្លឺម៉ង់​មាន​ដល់ទៅ​១៦៩ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០១១​ ​ ពោលគឺ​បាន​កើនឡើង​១៨,៩%​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំកន្លងទៅ។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​អ្នកដឹកនាំ​ចិន​យល់ថា​ ​ “បើគេ​ចង់ដោះស្រាយ​បញ្ហា​អឺរ៉ុប​ ​ គេត្រូវតែ​ឆ្លងកាត់​តាម​ប្រទេស​អាល្លឺម៉ង់​ចៀសពុំផុត”។

គួរកត់​សម្គាលល់ថា​ ​ លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Angela Merkel ​នឹង​អញ្ជើញ​ទៅ​ទីក្រុង​ Tianjin ​ឋិត​នៅ​ប៉ែកខាង​ជើង​នៃ​ប្រទេសចិន​នៅ​ថ្ងៃសុក្រ​ស្អែក​ ​ ដើម្បី​មើល​ឧស្សាហកម្ម​ផ្គុំ​សាងសង់​យន្តហោះ​ Airbus ។
នាឱកាស​ទស្សនកិច្ច​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​កាលពី​ខែកុម្ភៈ​កន្លងទៅ​ ​ លោកស្រី​មែលគែល​បាន​ខិតខំ​ថ្លែងប្រាប់​ភាគីចិន​ ​ ពី​ភាពរឹងមាំ​នៃ​រូបិយប័ណ្ណ​អឺរ៉ូ​ ​ ហើយនិង​ពី​សមត្ថភាព​របស់​អឺរ៉ុប​ក្នុងការ​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​អឺរ៉ូ។

នាឱកាស​ទស្សនកិច្ច​នេះ​ ​ លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Angela Merkel ​ក៏នឹង​ឆ្លៀត​ចរចា​ជាមួយ​អ្នកដឹកនាំចិន​ពី​បញ្ហា​ដ៏​ក្តៅ​គគុក​នៅ​ប្រទេស​ស៊ីរី​ ​ នៅ​ប្រទេស​អ៊ីរ៉ង់​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ