អានតួអត្ថបទ
សហភាពអឺរ៉ុប

ប្រមុខដឹកនាំ​អឺរ៉ុប​ព្រមព្រៀង​គ្នា​ការពារ​អឺរ៉ូ​

នាឱកាស​ជំនួប​កំពូល​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល​នៅ​យប់​ថ្ងៃព្រហស្បតិ៍​ទី២៨​មិថុនា​ឆ្នាំ២០១២​ ​ ប្រមុខ​ដឹកនាំ​អឺរ៉ុប​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ ​ ដើម្បី​ឈានទៅ​ធ្វើការ​កែទម្រង់​រចនា​សម្ព័ន្ធ​នៅក្នុង​តំបន់អឺរ៉ូ​ ​ ហើយនឹង​ភ្ជាប់​មក​ជាមួយ​សហភាព​អឺរ៉ុប​២៧ប្រទេស​នូវ​ កិច្ចព្រមព្រៀង​ជំរុញ​ឲ្យមាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ដែលនឹង​អនុញ្ញាត​ឲ្យ​កេណ្ឌ​ប្រមូល​បាន​១២០​ពាន់លាន​អឺរ៉ូ​សម្រាប់​បម្រើ​នយោបាយ​កំណើន​សេដ្ឋកិច្ច។​កិច្ចព្រមព្រៀង​នេះ​សម្រេច​បាន​ក្រោយពី​មាន​ការចរចា​គ្នា​អស់រយៈ​ពេល​មួយយប់​ ​ ហើយនិង​ក្រោយពី​មាន​ការ​រួញរា​របស់​ប្រទេស​អស្ប៉ាញ​និង​អ៊ីតាលី។​ សម្រាប់​ពេល​អនាគត​ ​ អ្នកដឹកនាំ​អឺរ៉ុប​បាន​ឲ្យ​សញ្ញា​ភ្លើងបៃតង​សម្រាប់​ធ្វើការ​ពង្រឹង​សហភាព​សេដ្ឋកិច្ច​និង​រូបិយវត្ថុ។​ ជំនួប​កំពូល​អឺរ៉ុប​ត្រូវបិទ​បញ្ចប់​នៅ​ថ្ងៃសុក្រ​ទី២៩​មិថុនា​នេះ។ 

នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​លោកស្រី​ អង់ហ្គែឡា​ មែរគែល​
នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​លោកស្រី​ អង់ហ្គែឡា​ មែរគែល​ Reuters
ផ្សាយពាណិជ្ជកម្ម

កិច្ចចរចា​រវាង​ប្រមុខដឹកនាំ​អឺរ៉ុប​នៅ​ក្នុង​ជំនួប​កំពូល​នៅ​ទីក្រុង​ព្រុចសែល​ នៅថ្ងៃ​ព្រហស្បតិ៍​ទី២៨​មិថុនា​ឆ្នាំ២០១២​បាន​ឈាន​មក​ដល់​ម៉ោង៩យប់​ ​ អ្វីៗ​ហាក់​ដូចជា​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន។​ ប្រទេស​សមាជិក​ទាំង២៧​នៃ​សហភាព​អឺរ៉ុប​ ហៀបតែ​នឹង​អនុម័ត​ទទួល​យក​ “កិច្ចព្រមព្រៀង​សម្រាប់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​និង​ការងារ”​ ​ ដែលជា​ជោគជ័យ​របស់​គណៈកម្មការ​អឺរ៉ុប​ដែលជា​អ្នក​ផ្តួចផ្តើម​មូលដ្ឋាន​នៃ​កិច្ច​ព្រមព្រៀងនេះ។​ហើយវាក៏ជា​ជោគជ័យ​ផងដែរ​សម្រាប់​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ ហូឡង់​ ដែលបាន​យក​​ “កិច្ចព្រមព្រៀង​សម្រាប់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​និង​ការងារ”​ នេះ​មក​បញ្ចូល​ធ្វើការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​បារាំង​នៅពេលថ្មីៗ​កន្លង​ទៅនេះ។​ ក៏​ប៉ុន្តែ​ស្រាប់តែ​ លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​ ម៉ារីយ៉ូ​ម៉ុងទី​ ​ និង​លោក​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ​ ម៉ារីយ៉ាណូ​ រ៉ាហយ​ បាន​សម្ដែង​បញ្ចេញ​ការរួញរា​របស់​ខ្លួន​ ​ ដោយបាន​ថ្លែងប្រាប់ថា​ ​ ពួកគេ​នឹង​ចុះ​ហត្ថលេខា​ទៅលើ​កិច្ច​ព្រមព្រៀងនេះ​ ​ លុះត្រាតែ​ប្រទេស​អឺរ៉ុប​ដទៃទៀត​ជាដៃគូ​យល់ព្រម​ទទួល​ជួយ​ជ្រោមជ្រែង​ឲ្យ​ប្រទេស​អេស្ប៉ាញ​និង​ប្រទេស​អ៊ីតាលី​អាច​ធ្វើការ​ខ្ចីប្រាក់​ដោយមាន​អត្រា​ការប្រាក់​ទាបសមរម្យ។

 
ឃើញយ៉ាងដូច្នេះ​ ​ ប្រធាន​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​ លោក​Herman Von Rompuy ​បាន​ខឹងក្រវក្រោធ​យ៉ាងខ្លាំង។​ កិច្ចចរចា​បាន​បន្ត​រហូត​ដល់​ព្រឹកថ្ងៃសុក្រ​ទី២៩​មិថុនា​ម៉ោង​៣និង​៣០នាទី​ ​ ទើប​ទីក្រុង​ម៉ាឌ្រីដ​និង​ទីក្រុង​រ៉ូម​ យល់ព្រម​លើកចេញ​ការ​រួញរា​របស់ខ្លួន។

ចំណុច​សំខាន់​មួយទៀត​នៃ​ជំនួប​កំពូល​នៅ​ទីក្រុង​ព្រុចសែល​នេះ​គឺ​ ការកែ​ទម្រង់​រចនា​សម្ព័ន្ធ​នៃ​តំបន់​អឺរ៉ូ​សម្រាប់​រយៈកាល​វែងឆ្ងាយ។​ ការដ្ឋាន​ដ៏សំខាន់​សម្រាប់​ប្រទេស​ទាំង២៧​នៃ​សហភាព​អឺរ៉ុប​គឺ​ ការបង្កើត​ Union bancaire ​ឬ​សហភាព​ធនាគារ​ ​ ដែល​នឹង​អាច​ធ្វើឲ្យ​មាន​សមាហរ័ណកម្ម​ល្អប្រសើរ​នៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ។​ ក៏​ប៉ុន្តែ​ ទីក្រុង​ប៉ារីស​និង​ទីក្រុង​ប៊ែរឡាំង​មាន​ការខ្វែង​គំនិត​នឹងគ្នា។​ ប្រទេស​បារាំង​ចង់ឲ្យ​មាន​សាមគ្គី​ហិរញ្ញវត្ថុ​ខ្លាំងក្លា។​ ចំណែកឯ​ប្រទេស​អាល្លឺម៉ង់វិញ​ ​ គេឲ្យ​តម្លៃ​ទៅលើ​វិន័យ​តឹងរ៉ឹង​ក្នុង​វិស័យ​ថវិកាជាតិ​ច្រើនជាង។​ ប៉ុន្តែ​គោលគំនិត​នៃ​ការ​ពង្រឹង​ទៅលើ​ការត្រួត​ពិនិត្យ​ធនាគារ​ ​ ហាក់ដូចជា​កំពុង​ឈាន​ទៅ​រក​ consensus ​ឬ​ការព្រមព្រៀងគ្នា។

តើ​សហភាព​ធនាគារ​ជាអ្វីទៅ?
សហភាព​ធនាគារ​មាន​រួចស្រេច​ទៅហើយ​ ​ នៅក្នុង​ប្រទេស​អឺរ៉ុប​នីមួយៗ។​ នៅ​ប្រទេស​បារាំង​ ​ ធនាគារ​កណ្តាល​បារាំង​ជាអ្នក​ត្រួត​ពិនិត្យ​ទៅលើ​សកម្មភាព​របស់​ធនាគារ​ទាំងអស់​ដែល​មាន​នៅ​ក្នុង​ប្រទេស​បារាំង។​ គេមាន​មូលនិធិ​គ្រប់គ្រាន់​សម្រាប់​សង​ដល់​ម្ចាស់​គណនី​ដល់ទៅ​១០០ ០០០អឺរ៉ូ​ នៅខណៈពេល​ដែល​ធនាគារ​មាន​វិបត្តិ​ហិរញ្ញវត្ថុ។​ សម្រាប់​ Union bancaire européenne ​ឬ​សហភាព​ធនាគារ​អឺរ៉ុប​ គឺ​ធនាគារ​កណ្តាល​អឺរ៉ុប​ BCE ​ជាអ្នក​ត្រួត​ពិនិត្យ​ទៅលើ​ធនាគារ​ទាំងអស់​ដែលមាន​នៅក្នុង​សហភាព​អឺរ៉ុប។​ ប៉ុន្តែ​គេចង់​ធ្វើការ​ពង្រឹង​ឲ្យ​ការត្រួត​ពិនិត្យ​ទាំងនេះ​មាន​លក្ខណៈ​រឹតតែ​ល្អប្រសើរ​ជាងនេះ។

ប្រទេស​អាល្លឺម៉ង់​មាន​ការរួញរា​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ Eurobonds ឬ​សញ្ញប័ណ្ណ​អឺរ៉ូ​ ​ មកពី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​លោកស្រី​ អង់ហ្គែឡា​ មែរគែល​ ពុំយល់ព្រម​ឲ្យ​មាន​ការទទួល​ខុសត្រូវ​រួមគ្នា​នៅ​ចំពោះមុខ​ប្រាក់បំណុល​របស់​ប្រទេស​អឺរ៉ុប​ ​ ហើយលោកស្រី​មែរគែល​ក៏​ពុំ​យល់ព្រម​ផ្តល់​មូលនិធិ​ជំនួយ​អឺរ៉ុប​ឲ្យទៅ​ធនាគារ​ជាតិ​មួយចំនួន​ដែល​កំពុង​មានវិបត្តិ​ ​ ដោយគ្មាន​ការ​ត្រួតពិនិត្យ​ឲ្យបាន​ដិតដល់​ពី​សំណាក់​ស្ថាប័ន​អឺរ៉ុប​មាន​សមត្ថកិច្ច។

សម្រាប់​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ ​ ជាការ​បន្ទាន់​គេត្រូវតែ​ឈាន​ទៅរក​ការពង្រឹង​សហភាព​ថវិកា​ ​Union budgétaire renforcée ។​ តើ​ការពង្រឹង​សហភាព​ថវិកា​បាន​ន័យ​ដូចម្តេចទៅ?
ការពង្រឹង​សហភាព​ថវិកា​បាន​សេចក្តីថា​ ​ រដ្ឋសមាជិក​អឺរ៉ុប​ណា​ដែល​អនុម័ត​ថវិកា​មាន​អត្រា​ឧនភាព​ពុំ​សមស្រប​តាម​កម្រិត​ ​ ត្រូវតែ​សុំ​ការ​យល់ព្រម​ជាមុន​ពី​សំណាក់​​សហភាព​អឺរ៉ុប។​ ទាំងនេះ​ ប្រទេស​បារាំង​និង​ប្រទេស​អ៊ីតាលី​ពុំចង់បាន​ឡើយ​ ​ ដោយពូកគេ​យល់ថា​ ​ ជាការ​ធ្វើឲ្យ​ប៉ះពាល់​ដល់​​អធិបតេយ្យ​របស់​ពួកគេ។

ប៉ុន្តែ​ សម្រាប់​ទីក្រុង​ប៊ែរឡាំងវិញ​ ​ “រដ្ឋអឺរ៉ុប​ដែល​ពុំ​គោរព​វិន័យ​ទាំងនោះ​ ​ យល់ព្រម​ធ្វើ​កំណែ​ទម្រង់​លុះត្រាតែ​ឋិត​នៅក្រោម​សម្ពាធ​អ្វីមួយ”។
 
តើគេអាច​ថា​ ​ សហភាព​អឺរ៉ុប​កំពុង​ឈាន​ទៅរក​ការបង្កើត​ សហព័ន្ធ​អឺរ៉ុប​ Fédéralisme Européen បាន​ដែរឬទេ?

“សហព័ន្ធ”​ ​ក្នុងវិស័យ​បច្ចេកទេស​ ​ សហភាព​អឺរ៉ុប​មាន​រួចស្រេច​ទៅហើយ​ ​ ប៉ុន្តែ​“សហព័ន្ធ”​ក្នុងន័យ​នយោបាយ​វិញ​ ​ នៅ​ពុំទាន់​មាន​នៅឡើយ។​ ដូចការ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ជាក់ស្តែង​ស្រាប់​ដោយ​ “កិច្ចព្រមព្រៀង​សម្រាប់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​និង​ការងារ”​ ​ ដែលជា​ជោគជ័យ​របស់​គណៈកម្មការ​អឺរ៉ុប​ដែលជា​អ្នក​ផ្តួចផ្តើម​មូលដ្ឋាន​នៃ​កិច្ច​ព្រមព្រៀងនេះ។​ ដើម្បី​ឈានដល់​ សហព័ន្ធ​អឺរ៉ុប​ Fédéralisme Européen​ អ្នកដឹកនាំ​អឺរ៉ុប​ត្រូវតែ​ខិតខំ​កែទម្រង់​ឲ្យ​មាន​ “អភិបាលកិច្ច​រួមគ្នាមួយ”​ដែលអាច​ធ្វើការ​ត្រួតពិនិត្យ​យ៉ាងដិតដល់​ទៅលើ​ការគ្រប់គ្រង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ទាំងមូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ