អានតួអត្ថបទ
អឺរ៉ុប

អាល្លឺម៉ង់​ប្រឈមមុខ​នឹង​ការ​ធ្លាក់​ចំណាត់ថ្នាក់​ហានិភ័យ​បំណុល

កាលពីថ្ងៃ​ចន្ទ ម្សិលមិញនេះ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល Moody’s បាន​ព្រមាន​​ថា ​ចំណាត់ថ្នាក់​ហានិភ័យ​បំណុល​របស់​ ​ប្រទេស​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ចំនួន ៣ គឺ​ អាល្លឺម៉ង់ ហូឡង់ និង​លុចសំបួ មាន​ចក្ខុវិស័យ​អវិជ្ជមាន ដែលមានន័យថា ចំណាត់ថ្នាក់​នេះ​អាច​នឹង​ត្រូវ​​ Moody’s ទម្លាក់ ក្នុងរយៈពេល​ ពី ៦ខែ ទៅ ២ឆ្នាំ​ខាងមុខ ប្រសិន​បើ​ស្ថានភាព​វិបត្តិ​បំណុល​មិន​បាន​ប្រសើ​រឡើង​វិញ​ទេ។

Moody's ជា​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុលមួយ ​ក្នុង​ចំណោម​ទីភ្នាក់ងារ​ធំៗ​៣ (​ពីរ​ទៀត គឺ Standard and Poor's និង Fitch)
Moody's ជា​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុលមួយ ​ក្នុង​ចំណោម​ទីភ្នាក់ងារ​ធំៗ​៣ (​ពីរ​ទៀត គឺ Standard and Poor's និង Fitch) REUTERS/Mike Segar/Files
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃ​ចន្ទ ទីភ្នាក់ងារ Moody’s បាន​ពន្យល់ថា ការ​កំណត់​ចក្ខុវិស័យ​អវិជ្ជមាន នៃ​ចំណាត់ថ្នាក់​បំណុល​របស់​អាល្លឺម៉ង់ ហូឡង់ និង​លុចសំបួ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មើល​ទៅលើ​កត្តា​ធំៗ​ពីរ។

ទីមួយ គឺ​បញ្ហា​ក្រិក ដែល​នៅមិនទាន់​ដោះស្រាយ​ចប់។ សេដ្ឋកិច្ច​របស់​ក្រិក​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង ហើយ​ប្រូបាប៊ីលីតេ​ដែល​ក្រិក​ចាកចេញ​ពី​តំបន់​ចាយលុយ​អឺរ៉ូ​កំពុង​តែ​កើនឡើង​។ Moody’s យល់ថា បើ​សិន​ជា​ក្រិក​ចេញ​ពី​តំបន់​អឺរ៉ូ ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ទាំងអស់​​ក្នុង​តំបន់​អឺរ៉ូ ជាពិសេស អាល្លឺម៉ង់ ដែល​បាន​ចំណាយ​លុយ​យ៉ាងច្រើន​​ជួយ​ក្រិក​កន្លងមក នឹង​ត្រូវ​ខាតបង់​ច្រើន ហើយ​ធនាគារ​ឯកជន​អាល្លឺម៉ង់ ដែល​ជា​ម្ចាស់​បំណុល​ក្រិក​ក៏​នឹង​ត្រូវ​ខាតបង់​ខ្លាំង​ដែរ។ ម្យ៉ាងវិញ​ទៀត បើ​សិន​ជា​​ប្រទេស​ចាយលុយ​អឺរ៉ូ​ចង់​រក្សា​ក្រិក​ឲ្យ​នៅ​ក្នុង​តំបន់​អឺរ៉ូ​ដដែល ក៏​គេ​ចាំបាច់​ត្រូវ​ការ​ចំណាយ​លុយ​ច្រើន​ដែរ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ក្រិក ដែល​ទាំងនេះ នឹង​ក្លាយ​ជា​បន្ទុក​ដល់​ប្រទេស​ណា ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រសើរ​ជាងគេ ក្នុងនោះ គឺ​មាន​អាល្លឺម៉ង់ ហូឡង់ និង​លុចសំបួ ដែល​​បច្ចុប្បន្ន​ ជា​ប្រទេស​មាន​ចំណាត់ថ្នាក់​បំណុល​ខ្ពស់។

បញ្ហា​ធំទីពីរ ហើយ​ធំជាង​បញ្ហា​ក្រិក​ទៅទៀត គឺ​អេស្ប៉ាញ ដែល​ស្ថានភាព​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាន់តែ​ដុនដាប​ខ្លាំងឡើង​ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ អត្រាការប្រាក់​បំណុល​របស់​អេស្ប៉ាញ​កំពុង​តែកើនឡើង​ខ្ពស់​បំផុត ដែល​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អេស្ប៉ាញ​លែងអាច​ខ្ចីលុយ​ពី​ទីផ្សារ​មូលបត្រ​បាន​ទៀត ហើយ​ត្រូវ​រត់​ទៅ​សុំជំនួយ​ពី​អឺរ៉ុប ដូចជា​ក្រិក ព័រទុយហ្កាល់ និង​អៀរឡង់​កន្លងទៅ​​ដែរ។ ក៏ប៉ុន្តែ ខុសពីប្រទេស​ទាំងបីនេះ អេស្ប៉ាញ គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី៤ ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ។ បើ​និយាយ​អំពី​ទំហំ​សេដ្ឋកិច្ច និង​​ទំហំ​ទីផ្សារ​មូលបត្រ​បំណុល បើទោះជា​ក្រិក ព័រទុយហ្កាល់ និង​អៀរឡង់​ បូកបញ្ចូលគ្នា​ក៏​បាន​ប្រហែល​ត្រឹម​តែ​ពាក់​កណ្តាល​អេស្ប៉ាញ​ប៉ុណ្ណោះ។ ដូច្នេះ Moody’s យល់ថា អេស្ប៉ាញ​អាច​នឹង​ក្លាយ​ជា​បន្ទុក​ដ៏ធ្ងន់ធ្ងរ​បំផុត​ដល់​ប្រទេស​ចាយលុយ​អឺរ៉ូ​ផ្សេងទៀត ជាពិសេស គឺ​​អាល្លឺម៉ង់។

ឆ្លើយតប​នឹង​សេចក្តីសម្រេច​របស់​​ទីភ្នាក់ងារ Moody’s នេះ ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​បាន​លើកឡើង​ថា បញ្ហា​​ដែល Moody’s លើកឡើង​ខាងលើ​នេះ មិនមែន​ជា​រឿង​ថ្មី​នោះទេ ហើយ​ថា Moody’s ផ្តោត​តែ​ទៅលើ​ហានិភ័យ​ក្នុងរយៈពេល​ខ្លី ដោយ​មិន​គិត​ពី​ចក្ខុវិស័យ​រយៈពេល​វែង។ អាល្លឺម៉ង់​នឹង​នៅតែ​បន្ត​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រឹងមាំ​ជា​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ ហើយ​អាល្លឺម៉ង់​នឹង​បន្ត​នៅ​ជា​បង្គោល​រឹងមាំ​មួយ​របស់​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ