អានតួអត្ថបទ
កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អាមេរិក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​ល​ទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ លោក Michael Posner នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​ក្រោយនេះ។ ដំណើរ​ទស្សនកិច្ច​រប​ស់​មន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ទីក្រុង​វ៉ាស៊ីនតោន​បានធ្វើ​ឡើង​ចំ​ពេលដែល​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​បញ្ចេញ​របាយការណ៍​សិទ្ធិមនុស្ស​ឆ្នាំ ២០១២ ដែល​បង្ហាញ​ពី​ស្ថានភាព​អាប់អួរ​យ៉ាងខ្លាំង។

លោក Michael Posner ធ្វើ​សន្និសីទ​កាសែត​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំងថ្ងៃទី ២៨​ 28មេសា ២០១១
លោក Michael Posner ធ្វើ​សន្និសីទ​កាសែត​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំងថ្ងៃទី ២៨​ 28មេសា ២០១១ REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់​ទីក្រុង​វ៉ាស៊ីនតោន លោក Michael Posner ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ទទួលបន្ទុក​ផ្នែក​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ នឹង​មកដល់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​ទី១៩កុម្ភៈ​ដើម​សប្តាហ៍​ក្រោយ​នេះ​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ​នៅ កម្ពុជា។ ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលបំណង​ស្វែងយល់​អំពី​បញ្ហា​សិទ្ធិមនុស្ស សេរីភាព​នយោបាយ និង​ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ។ នេះ​បើ​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​ដែល​បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ចុង​សប្តាហ៍​នេះ។

សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​អំឡុងពេល​ទស្សនកិច្ចនេះ លោក​ឧបការី Michael Posner នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ពិភាក្សា អំពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប៉ុន្តែ គ្មាន​សេចក្តី​រាយការណ៍​ថា លោក​នឹង​ជួប​ជាមួយ​មន្ត្រី​កម្ពុជា​ណាខ្លះ​ទេ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃនេះ​ថា លោក​ក៏​មិនទាន់​ដឹង​អំពី​ជំនួប​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នៅឡើយ​ដែរ។ មន្ត្រី​ស្ថានទូត​អាមេរិក​មិនអាច​ទាក់ទង​សុំ​ព័ត៌មាន​បន្ថែម​បានទេ​នៅថ្ងៃនេះ។
ប៉ុន្តែ គួរ​កត់សម្គាល់ថា ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅពេលនេះ​បានធ្វើ​ឡើង​ចំ​ពេល​ដែល​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ទើប​តែ​បាន​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់​ដើម្បី​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ របាយការណ៍​របស់​អង្គការ​លីកាដូ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ដ៏​អាប់អួរ ជាពិសេស​ឆ្នាំ ២០១២ ដែល​អង្គការ​នេះ​ចាត់ទុក​ជា​ឆ្នាំ​ដែល​មាន​អំពើ​ហិង្សា​ខ្លាំង​បំផុត។ មុននេះ​ពីរ​ថ្ងៃ សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ក៏​បានចេញ​របាយការណ៍​មួយ​ស្តីពី​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅដ្ឋាន​នៅ​កម្ពុជា​ដែរ។ របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ពី​បញ្ហា​ដីធ្លី​ដែល​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ ជាពិសេស​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច។ ក៏ប៉ុន្តែ របាយការណ៍​ទាំងនោះ​ត្រូវបាន​ច្រានចោល​ដោយ​មន្ត្រី​រដ្ឋាភិបាល។

យ៉ាងណាក៏ដោយ បញ្ហា​ទាំងនោះ​ត្រូវគេ​រំពឹងថា​នឹង​ក្លាយ​ជា​របៀបវារៈ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​ក្រោយ។ លទ្ធផល​នៃ​ទស្សនកិច្ច​នេះ​នឹង​ត្រូវ​លោក​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បង្ហាញ​នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ