អានតួអត្ថបទ
កម្ពុជា-អាស៊ាន

សង្គមស៊ីវិល សកម្មជនដីធ្លី និង​គណបក្សប្រឆាំង​ប្រតិកម្ម​ចំពោះ​លទ្ធផល​នៃ​ជំនួប​រវាង​លោក​អូបាម៉ា និង​លោកហ៊ុន សែន

គណបក្សប្រឆាំង ​អង្គការ​សង្គម​ស៊ីវិល និងសកម្មជនដីធ្លី នៅ​កម្ពុជា​បាន​សម្តែង​នូវ​ការ​ខកចិត្ត​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​លោក អូបាម៉ា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ សង្គម​ស៊ីវិល សកម្មជន​ដីធ្លី និងគណបក្សប្រឆាំង​នៅ​តែ​ទទូច​សុំ​ឲ្យ​លោក អូបាម៉ា បន្ត​ជំរុញ និង​លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ តាមរយៈ​កិច្ច​ប្រជុំ​ទ្វេភាគី ដោយ​បិទទ្វារ​ប្រមាណ ៤០ នាទី កាល​ពី​ព្រលប់​ថ្ងៃទី១៩ វិច្ឆិកា​ម្សិលមិញ លោក អូបាម៉ា​បាន​លើក​ឡើង​ពី​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ការបោះ​ឆ្នោត បញ្ហា​ដីធ្លី និង​ការ​បណ្តេញ​ចេញ ព្រម​ទាំង​ការ​ចាប់​ឃុំ​លោក ម៉ម សូណង់ដូ​ ជា​ដើម។

លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ជួប​លោក អូបាម៉ា កាល​ពី​ព្រលប់​ថ្ងៃ​ទី១៩ វិច្ឆិកា​ម្សិល​មិញ នៅ​មុន​កិច្ចប្រជុំកំពូល​អាស៊ាន អាមេរិក​លើក​ទី៤។ ដូច​ការ​គ្រោង​ទុក លោក អូបាម៉ា​បាន​លើក​ឡើង​ពី​កង្វល់​យ៉ាង​ច្រើន​របស់​លោក​ជុំវិញ​ស្ថានភាព​សិទ្ធិមនុស្ស ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​ក្រោយ បញ្ហា​ដីធ្លី និង​ការ​បណ្តេញ​ចេញ ព្រម​ទាំង​ការ​ចាប់​ឃុំ​លោក ម៉ម សូណង់ដូ ជាដើម​។ តែ​កិច្ចប្រជុំ​រយៈពេល ៤០ នាទី​នោះ មិន​មាន​លើក​ឡើង​​ឲ្យ​ចំៗ​ពី​ករណី​របស់​លោក សម រង្ស៊ី​ឡើយ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ប្រាក់ សុខុន ទីប្រឹក្សា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ដែល​បាន​នាំ​ពាក្យ​ពី​កិច្ចប្រជុំ។ តាម​អ្នកនាំពាក្យ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់​ដល់​លោក អូបាម៉ា ហើយ​ថា ស្ថានភាព​សិទ្ធិមនុស្ស ជា​ពិសេស​សេរីភាព​ខាង​នយោបាយ​នៅ​កម្ពុជា​មិន​ចាញ់​ស្ថានភាព​សិទ្ធិសេរីភាព​នៅ​ប្រទេស​ជិតខាង​នោះ​ទេ ហើយ​ថា នៅ​កម្ពុជា មិន​មាន​អ្នកទោស​នយោបាយ​ឡើយ។ ចំណែក​អ្នកជាប់ទោស ដោយសារ​តែ​ធ្វើ​ខុស​ច្បាប់​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ លោក អូបាម៉ា ចង់​ឃើញ​ស្ថានភាព​នៅ​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​ជាង​នេះ។

ក៏​ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បាន​ប្រាប់​អ្នកកាសែត​ថា ស្ថាន​ភាព​​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​ទាន់​មាន​ស្ថាន​ភាព​ល្អ​ទេ ដូច​អ្វី​ដែល​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​បាន​លើក​ឡើង។ រីឯ​សេរីភាព​បញ្ចេញ​មតិ​ត្រូវ​បាន​ហាម​ឃាត់ ជា​ពិសេស​បណ្តា​ញ​ព័ត៌មាន ទាំង​ទូរទស្សន៍​រដ្ឋ និង​​ឯកជន​ត្រូវ​​បាន​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងកាន់​អំណាច​។

ចំណែក​សកម្មជន​សិទ្ធិមនុស្ស អាដហុក បាន​លើក​ឡើង​ថា ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​ខាង​នយោបាយ​នៅ​តែ​មាន ជា​ពិសេស​ការ​រំលោភ​ដីធ្លី ក៏​នៅ​តែ​មាន​ដែរ​នៅ​កម្ពុជា។​ រីឯ​ប្រព័ន្ធ​តុលាការ ក៏​មិន​ទាន់​ឯករាជ្យ​នៅ​ឡើយ។ នៅ​ព្រឹកមិញ ​មេដឹកនាំ​សង្គមស៊ីវិល​នៅ​កម្ពុជា​បាន​ជួប​ជំនួយការផ្ទាល់​របស់​លោក អូបាម៉ា ដើម្បី​លើក​ឡើង​ពី​ស្ថានភាព​​សិទ្ធិមនុស្ស បញ្ហា​បោះឆ្នោត សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​បញ្ហា​ដីធ្លី​នៅ​កម្ពុជា។
បញ្ហា​ដីធ្លី​ក៏​ត្រូវ​បាន​ប្រជាសហគមន៍​បាន​ជួបជុំ​នៅ​តំបន់​បឹងកក់​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​លើក​បដា​សុំ​អន្តរាគមន៍​ពី​លោក អូបាម៉ា។ សហគមន៍​ដីធ្លី ក៏​មិន​បាន​ស្ងប់​ចិត្ត​នឹង​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​លោក អូបាម៉ា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​កាល​ពី​ល្ងាច​មិញ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ