អានតួអត្ថបទ
កម្ពុជា-អាមេរិក-អាស៊ាន

សិទ្ធិមនុស្ស៖ បញ្ហា​រសើប​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អូបាម៉ា​នៅ​កម្ពុជា

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​បារ៉ាក់ អូបាម៉ា​នឹង​មិន​ដល់​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ស្អែក បន្ទាប់​ពី​លោក​ទស្សនកិច្ច​ប្រទេស​ថៃ​នៅ​ថ្ងៃ​អាទិត្យ​នេះ និង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក។ លោក​អូបាម៉ា​នឹង​ត្រូវ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏​មាន​គម្រោង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែរ។ តើ​អ្វី​ទៅ​ជា​ប្រធានបទ​នៃ​ការ​ពិភាក្សា​ទ្វេភាគី​រវាង​មេដឹកនាំ​កម្ពុជា និង​អាមេរិក ?គ្មាន​ការ​បញ្ជាក់​ផ្លូវការ​ទេ ប៉ុន្តែ​ប្រធានបទ​សិទ្ធិមនុស្ស​កំពុង​តែ​ក្លាយ​ជា​ប្រធានបទ​រសើប​មួយ។ នៅ​ថ្ងៃ​នេះ មេដឹកនាំ​នៃ​ប្រទេស​សមាជិក​​អាស៊ាន​បាន​អនុម័ត​សេចក្តីថ្លែងការណ៍​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាន។

ផ្សាយពាណិជ្ជកម្ម

ជា​ច្រើន​ថ្ងៃ​មក​ហើយ វា​បាន​កើត​មាន​ភាព​ចម្រូងចម្រាស់​ជុំ​វិញ​របៀបវារៈ​នៃ​ជំនួប​ទ្វេភាគី​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា។ សារព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ថា លោក​អូបាម៉ា​នឹង​លើក​ឡើង​អំពី​បញ្ហា​ការ​គោរព​សិទ្ធិមនុស្ស​​នៅ​កម្ពុជា ដូច​ការ​ចង់​បាន​របស់​សង្គម​ស៊ីវិល រីឯ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ធ្លាប់​បាន​អះអាង​ថា មេដឹកនាំ​ទាំង​ពីរ​នឹង​ជជែក​គ្នា​តែ​អំពី​សហប្រតិបត្តិការ​ទ្វេភាគី។ នៅ​ថ្ងៃ​អាទិត្យ​នេះ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ស្រង់​សម្តី​របស់​មន្ត្រី​សេតវិមាន​ដែល​អះអាង​ថា លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​នឹង​លើក​ឡើង​អំពី​បញ្ហាសិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្តី​របស់​លោក Ben Rhodes អនុទីប្រឹក្សា​របស់​លោក​អូបាម៉ា​​ដែល​និយាយ​ថា៖«យើង​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​ប្រធានាធិបតី​ពិត​ជា​នឹង​លើក​ឡើង​បញ្ហា​នេះ នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន»។ ទីប្រឹក្សា​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​បាន​បន្ត​ថា៖«យើង​នៅ​បន្ត​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​ចង់​ឃើញ​សេរីភាព​ផ្នែក​នយោបាយ​នៅ​កម្ពុជា។ យើង​ចង់​ឃើញ​ការ​បោះ​ជំហាន​ទៅមុខ​នូវ​ការបោះឆ្នោត​មួយ​ដែល​គួរ​ជឿ​ទុកចិត្តបាន និង​យុត្តិធម៌។ យើង​ក៏​ចង់ឃើញ​ការដោះលែង​អ្នកទោសនយោបាយ​ផងដែរ»។

នៅ​ថ្ងៃ​នេះ ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​​របស់​ព្រឹត្តិបត្រ The Cambodia Daily ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​និយាយ​ថា លោក​អូបាម៉ា​និយាយ​អំពី​ការ​រំលោភ​សិទ្ធិ និង​ការ​បោះឆ្នោត​ត្រឹមត្រូវ។ ដោយ​និយាយ​ការពារ​កម្ពុជា​ថា ជា​ប្រទេស​មាន​អធិបតេយ្យ និង​ជា​និតិរដ្ឋ​ផង​នោះ អ្នកនាំពាក្យ​ក្រសួង​កាបររទេស​កម្ពុជា​បាន​ចាត់​ទុក​ព្រឹត្តិបត្រ The Cambodia Daily និង​លោកស្រី Samantha Power ដែល​ជា​មន្ត្រី​របស់​សេតវិមាន ហើយ​ដែល​ត្រូវ​បាន​ The Cambodia Daily ស្រង់​សម្តី​នោះ ថា​ពួក​គេ​ទាំង​នេះ​បាន​ក្លាយ​ទៅ​ជា​អ្នកនាំពាក្យ​របស់​គណបក្សប្រឆាំង​នៅ​កម្ពុជា​ដែល​កំពុង​ចង់​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ដដែល​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា រដ្ឋាភិបាល​កម្ពុជា​បណ្តេញ​ប្រជាជន​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ​ផង​ដែរ។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ នៅ​ពេល​ដែល​មេដឹកនាំកំពូល​នៃ​ប្រទេស​សមាជិក​អាស៊ាន​កំពុង​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាន ក្រុម​ពលរដ្ឋ​អ្នកបឹងកក់​បាន​ជួបជុំគ្នា​នៅ​លើ​វាលខ្សាច់​បឹងកក់ លើ​បដា​ស្វែង​រក​ជំនួយ​ពី​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​លោកស្រី​ហ៊ីលឡារី គ្លីនតុន ដើម្បី​ទាមទារ​ផ្ទះ​របស់​ពួក​គេ​មក​វិញ។ ការ​អំពាវនាវ​ដែល​ពួក​គេ​បាន​ផ្តើម​ធ្វើ​ជា​ច្រើន​ថ្ងៃមក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ