អានតួអត្ថបទ
ស៊ីមបាវ៉េ

លោក​រ៉ូប៊ែរ មូហ្កាបេ​ វ័យ​៨៣ឆ្នាំ​ឈ្នះឆ្នោត​ បន្ត​ធ្វើ​ជា​ប្រធានាធិបតី

លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​បាន​ចេញ​ជាផ្លូវការ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​បាន​ផ្តល់​ជ័យជំនះ​ទៅ​ឲ្យ​លោក​រ៉ូប៊ែរ មូហ្កាបេ ប្រធានាធិបតី​អស់អាណត្តិ​ឲ្យ​នៅ​បន្ត​តំណែង​ជា​ប្រធានាធិបតី​របស់​ប្រទេស​ស៊ីមបាវ៉េ។ សហគមន៍​អន្តរជាតិ ជាពិសេស ប្រទេស​លោកខាងលិច​សំដែង​ការមិនជឿទុកចិត្ត​លើ​លទ្ធផល​បោះឆ្នោត និង​ថា មិនមែន​ចេញ​ពី​បំណង​ឆន្ទៈ​របស់​ប្រជាជន។

លោកប្រធានាធិបតី​មូហ្កាបេ ថ្លែង​ក្នុង​សន្និសីទ​កាសែត កាលពី​ចុងខែ​កក្កដា នៅ​ទីក្រុង​Harare.
លោកប្រធានាធិបតី​មូហ្កាបេ ថ្លែង​ក្នុង​សន្និសីទ​កាសែត កាលពី​ចុងខែ​កក្កដា នៅ​ទីក្រុង​Harare. REUTERS/Philimon Bulawayo
ផ្សាយពាណិជ្ជកម្ម

ក្នុងវ័យ​៨៣​ឆ្នាំ លោក​ រ៉ូប៊ែរ មូហ្កាបេ​យកជ័យជំនះ​បាន​យ៉ាងស្រួល​លើ​បេក្ខជន​គូប្រជែង​ដែល​ធ្លាប់​ជា​នាយក​រដ្ឋមន្រ្តី​ ក្នុង​រដ្ឋាភិបាល​ចម្រុះ​របស់​លោក។ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ លទ្ធផល​​បោះឆ្នោត​បាន​បង្ហាញ​ថា ​ រ៉ូប៊ែរ មូហ្កាបេ​ បាន​ទទួលសំឡេង​ដល់​ទៅ ៦១​ភាគរយ ក្នុង​ពេល​បក្ស​ប្រឆាំង​បាន​ទទួល​តែ​៣៤ភាគរយ​ប៉ុណ្ណោះ។ លើសពីនេះ ​លោក​ មូហ្កាបេ នៅ​បាន​ទទួល​សំឡេង​គាំទ្រ​ដល់​ទៅ ២ភាគ​បី នៅក្នុង​រដ្ឋសភា​ទៀត។

លោក​មរហ្កាន ស្វាន់ជីរ៉ៃ គូប្រជែង​តែមួយ​របស់​លោក​ មូហ្កាបេ​បាន​ទាត់ចោល​លទ្ធផល​បោះឆ្នោត ដែល​លោក​វាយតម្លៃ​កើតចេញ​ពីការបោះឆ្នោត​មិនស្របច្បាប់ និង​សំបូរ​ដោយ​ភាពមិនប្រក្រតី។ លើកនេះ លោក​ មរហ្កាន ស្វាន់ជីរ៉ៃ​ ដែល​អះអាង​ថា នឹង​មិន​ចូលរួម​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​ដូចមុនទៀត។ ប្រមុខ​ដឹកនាំ​បក្ស​ប្រឆំាង​ប្រកាស​ផងដែរ ថា​លោក​នឹង​ប្តឹង​ទៅ​តុលាការ​ពី​លទ្ធផល​បោះឆ្នោត​លើកនេះ។

នៅក្នុង​អំឡុង​បោះឆ្នោត ដែល​អ្នកសង្កេតការណ៍​អឺរ៉ុប​ត្រូវ​គេ​ហាមឃាត់​មិន​ឲ្យ​ចូលរួម គណបក្ស​​ប្រឆាំង​បាន​រកឃើញ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ដូចជា ការបន្លំ​សន្លឹកឆ្នោត ឬ​ក៏​អ្នក​នៅទីក្រុង​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​បាត់ឈ្មោះ​មិន​ឃើញ​នៅក្នុង​បញ្ជី​បោះឆ្នោត។ លោក​John Kerry ប្រមុខការបរទេស​អាមេរិក​បាន​វាយតម្លៃ​ថា លទ្ធផល​បោះឆ្នោត​នៅ​ស៊ីមបាវ៉េ​មិន​អាច​ជារឿង​ដែល​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បានទេ។ ​អង់គ្លេស វិញ​ដែល​ធ្លាប់​ជា​ម្ចាស់​អាណានិគម​របស់​ប្រទេស​ស៊ីមបាវ៉េ​ បានសំដែង​ការព្រួយ​បារម្ភ ដែល​ឃើញ​អ្នកបោះឆ្នោត​ជាច្រើន​ត្រូវ​គេ​បញ្ជៀស​មិន​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត។

យ៉ាងណាក៏ដោយ សហភាពអាហ្រ្វិក​ដែល​មាន​អ្នកសង្កេតការណ៍​៧០​នាក់​តាមដាន​ការបោះឆ្នោត វាយតម្លៃថា ការបោះឆ្នោត​បានប្រព្រឹត្ត​ទៅ​ដោយសេរី និង​គួរ​ឲ្យ​ជឿទុកចិត្ត។ ការអះអាង​របស់​សហភាព​អាហ្រ្វិក​មាន​លក្ខណៈ​ផ្ទុយ​ពី​ការប្រកាស​របស់​ខ្លួន​ប្រាប់​អ្នកកាសែត​ដែល​ថា គេ​ឃើញ​មាន​សន្លឹកឆ្នោត ដល់​ទៅ ៣៧​ភាគរយ​ត្រូវ​បាន​បោះពុម្ព​បន្ថែម។ ពោល គឺ​គេ​មាន​សន្លឹកឆ្នោត ដល់​ទៅ៨លាន ៧​សែន​សន្លឹក ក្នុង​ពេល​ដែល​អ្នកបោះឆ្នោត មាន​ចំនួន​តែ ៦​លាន​៤​សែន​នាក់ប៉ុណ្ណោះ។ ជារួម ប្រសិន​បើ​គ្មាន​អ្វី ប្រែប្រួល ពោល​គឺ​តុលាការ​ដែល​ស្ថិត​ក្រោម​​អំណាច​របស់​លោក​មូហ្កាបេ មិន​សម្រេច​ចំណាត់ការ​លើ​ពាក្យ​បណ្តឹង​របស់​បេក្ខជន​បក្ស​ប្រឆាំងទេ នោះ​លោក​មូហ្កាបេ​អាយុ ៨៩​ឆ្នាំ ដែល​កាន់អំណាច​ជា​ប្រធានាធិបតី​ផ្តាច់ការ អស់ ៣៣​ឆ្នាំមកហើយនោះ នឹង​បន្ត​គ្រប់គ្រង​ស៊ីមបាវ៉េ សម្រាប់​រយៈពេល ៦​ឆ្នាំទៅមុខទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ