អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Omrane​ អាយុ​៤ឆ្នាំ​ ជា​​និមិត្តរូប​​នៃ​​ហិង្សា​​សង្គ្រាម​​ស៊ីរី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ លោកស្តាហ្វាន់ ដឺ ​មីស្ទូរ៉ា  បានប្រកាស​​​ព្យូរ​កិច្ច​ប្រជុំ ការងារ​មនុស្សធម៌​​​សម្រាប់​វិបត្តិ​ស៊ីរី ដើម្បី​ដាក់​គំនាប​​​​គ្រប់ភាគី​ជម្លោះ អោយ​​សម្រេច​​​កិច្ច​ព្រមព្រៀង​​​​​​ឈប់បាញ់​​​មួយ។ រុស្ស៊ី​វិញ​បាន​ស្នើ​អោយ​មានបទឈប់បាញ់​៤៨ម៉ោង ដើម្បី​អាច​អោយ​គេ​បញ្ជូន​​ជំនួយ​​​មនុស្សធម៌​​ទៅជួយ​ប្រជាជន​​នៅ​អាឡិប។

ក្មេងតូចអូមរ៉ាន ​ក្នុង​ឡាន​សង្គ្រោះ​​។ រូបភាព​នេះ​ត្រូវបាន​ចែកចាយនៅ​​ទូទាំងពិភពលោក។
ក្មេងតូចអូមរ៉ាន ​ក្នុង​ឡាន​សង្គ្រោះ​​។ រូបភាព​នេះ​ត្រូវបាន​ចែកចាយនៅ​​ទូទាំងពិភពលោក។
ផ្សាយពាណិជ្ជកម្ម

តាំងពី​យប់​​ថ្ងៃពុធ​មក​ រូបភាព​កុមារស៊ីរី ​​​អូមរ៉ាន អាយុ​៤ឆ្នាំ រងរបួស​ដោយ​ការ​ទំលាក់​គ្រាប់បែក​​​​​នៅ​អាឡិប​ប្រទេស​​ស៊ីរី​ ​បានទាក់ចំណាប់​អារម្មណ៍​ពិភពលោកយ៉ាងខ្លាំង។ បណ្តាញ​សង្គម​បាននាំគ្នា​បរិហារ​វិបត្តិ​សង្គ្រាម​ស៊ីរី ដោយបាន​​​ចុះផ្សាយ​រូបភាពក្មេងតូច អង្គុយ​ក្នុង​ឡាន​សង្គ្រោះ មាន​ដងខ្លួន ប្រលាក់​ដោយ​ដី ​និងឈាម​នៅ​លើ​ក្បាល។

រូបភាព​​អូមរ៉ាន​ធ្វើអោយគេនឹកឃើញដល់​​​​​ក្មេងប្រុសស៊ីរី​ ​​​​អាយឡាន កៀឌីដែលសាកសពអណ្តែតមកទើនៅឆ្នេរតួកគីកាលពីខែកញ្ញាឆ្នាំ២០១៥
នេះ​ជា​រូបភាពដែល​ធ្វើអោយ​គ្រប់គ្នា​រំជួលចិត្ត​ ពិតជា​អណោចអធម៌ណាស់។ ​​ទាំងអូមរ៉ាន ទាំង​អាយឡាន សុទ្ធតែ​ជា​កុមារ​រងគ្រោះ​​ដោយ​សង្គ្រាមស៊ីរី​​​ដូចគ្នា។

ក្មេងប្រុស​អូមរ៉ាន រងគ្រោះ​ដោយ​ការទំលាក់​គ្រាប់បែក​នៅ​អាឡិប ប្រទេស​ស៊ីរី។ ​​អូមរ៉ាន ទាក់ចំណាប់​អារម្មណ៍ពិភពលោក​ ត្រង់ថា នៅ​ពី​មុខ​កាមេរ៉ា​ថតរូប ​​អូមរ៉ានមានដងខ្លួន​ប្រលាក់​​ដោយ​ធូលី​ និង​ឈាម​នៅ​ក្បាល។ អូមរ៉ាន​​​នៅ​ស្ងៀម​​​ដូច​តុក្កតា​​។ ក្មេងតូច​​មិននិយាយ​​អ្វី​ទាំងអស់ ប្រហែល​ដោយសារ​ហ៊ឹងត្រចៀក ដោយ​សម្លេង​គ្រាប់បែក​​ហើយ។

អូមរ៉ាន​​​​​យកដៃ​ជូត​ឈាម​លើថ្ងាស​ខាងឆ្វេង ​ហើយ​យកដៃ​ប្រលាក់​ឈាម​នេះ​មកមើល រួច​​ជូតបន្ត​​​​លើ​កៅអី​ឡាន​សង្គ្រោះដែលគេ​​​​អង្គុយ​​​ទៅ​​​ទៀត។ អូមរ៉ាន​​ប្រហែល​ពិបាក​នឹងជឿ​អ្វី​ដែល​បាន​កើតឡើង​​ចំពោះ​គេ​ហើយ មើលទៅ។

អ្នកថតរូប​​​ប្រាប់ថា គាត់ធ្លាប់​ថតរូប​ក្មេងៗ​រងគ្រោះ​ច្រើន​ហើយ។ ជាទូទៅ ​​ក្មេងៗ​​ច្រើន​តែ​យំ រឺ​សន្លប់បាត់​ស្មារតី។ ​​អូមរ៉ាន​​រងរបួស តែ​​បែរជា​នៅ​ស្ងៀម​ទៅវិញ។ ​​​អូមរ៉ាន​ប្រហែល​រង​ការប៉ះទង្គិច​ចិត្តហើយ។ ផ្ទះអូមរ៉ាន​ ស្ថិត​នៅ​ភាគខាងកើត​ក្រុងអាឡិប បាន​រងការ​វាយ​ប្រហារ។ ជញ្ជាំង​ផ្ទះ​បាន​បាក់​ធ្លាក់​​ទៅលើ​​អូមរ៉ាន​ និង​គ្រួសារ​​ ដែល​មា​នឱពុក ម្តាយ និង​​បងប្អូនប្រុសស្រី​៣នាក់ទៀត ដែល​សុទ្ធតែ​​ជា​ក្មេងតូចៗ​ដូចគ្នា។

អាមេរិក​ប្រតិកម្មថា រូបភាព​អូមរ៉ាន​​បង្ហាញ​​ពី​អ្វី​ដេល​កើតឡើង​នៅស៊ីរី ​បង្ហាញ​ថា​​សម្រាប់​ក្មេង​តូចៗ​នៅស៊ីរី ​​​ថ្ងៃណា ក៏ជា​ថ្ងៃ​ដែល​មាន​ការបាញ់គ្នា ថ្ងៃណា​ក៏ជាថ្ងៃដែល​មាន​មនុស្សស្លាប់ ថ្ងៃណា​ក៏ជាថ្ងៃ​ដែល​មានតែ​ភាព​ក្រីក្រ គ្រោះ​អត់ឃ្លាន​ដែរ។ នេះ​នៅ​មិនគិតពី​ក្មេងតូចៗ​ផ្សេងទៀត ដែល​ត្រូវរបួស​ធ្ងន់ រហូត​ពិកា រឺ​បាត់បង់​ជីវិត​ ដោយ​មិនទាន់​បាន​ធំដឹងក្តីអ្វីផង។ 

ថ្ងៃ២​ ​ខែ​កញ្ញា​ឆ្នាំ២០១៥ ពិភពលោក​បាន​ចាប់អារម្មណ៍ ​​​រូបភាព​ក្មេងប្រុស​ស៊ីរី ម្នាក់ដែរ​​ ​ឈ្មោះ​​អាយឡាន កៀឌី។ ក្មេងតូច ​អាយឡាន អាយុ​៣ឆ្នាំ ជានិមិត្តរូប​នៃ​​ភាពលំបាក​ នៃ​វិបត្តិ​​​ជនភៀសខ្លួន។ អាយឡាន ​​​បានគេច​ហិង្សា​នៅ​ស៊ីរី​ ដោយ​បាន​​​​ភៀសខ្លួនតាមទូក ​ជាមួយ​គ្រួសារ ​តែ​​​ទីបំផុត​បែរជា​​លង់ទឹក​ស្លាប់​ សល់តែ​សាកសព​​លើ​ឆ្នេរ​តួកគី​ទៅវិញ។ មនុស្សស្លាប់​របួសច្រើន​យ៉ាងណា​ក៏ដោយ​ ​​ទាំងកងទ័ព ទាំង​ក្រុមឧទ្ទាមស៊ីរី ​​​​ហាក់​មិន​ខ្វល់​អ្វី​ទាំងអស់ ​គឺ​គិតតែ​ពិបន្ត​​ប្រយុទ្ធ​គ្នា ដើម្បី​អំណាច។

ស្ថានការណ៍សមរភូមិ​​​អាឡិប
​ក្រុម​ស៊ីរី និង​ក្រុមជីហាត​ហ្វាតេ អាល់ ឆាំ ដែល​ជា​អតីតក្រុ​មអាល់ ណូស្រា កំពុង​ប្រយុទ្ធ​​ជាមួយ​កងទ័ព​លោក​អាសាដ​ ដើម្បី​ដណ្តើម​យក​អាឡិប។ សូមរំលឹកថា អាឡិប​ជាក្រុង​សំខាន់​ទី២​ ហើយ​បាន​ចែកដាច់​ជា​២តំបន់​ តាំងពី​ឆ្នាំ២០១២។ ​កងទ័ព​ស៊ីរី កាន់កាប់តា​មសង្កាត់​​នៅ​តំបន់​ភាគខាងលិច រី៝ឯ​ក្រុម​ឧទ្ទាម​​កាន់កាប់ ភាគខាងកើត។

​តាំងពី​ថ្ងៃ​៣១កក្កដា ក្រុមឧទ្ទាម​និង​ក្រុមជីហាត​បាន​វាយបក ទៅលើ​ការឡោមព័ទ្ធ​របស់​កងទ័ពវិញ ហើយ​បាន​មានប្រៀប​ឡើងវិញ​បន្តិច ដោយយកបាន​ទីតាំង​ខ្លះៗ។ ​​កងទ័ព​មិនទាន់​វាយយកទីតាំង​ទាំងនេះ​មកវិញ​បាននៅឡើយ។ ​​គ្មានខាងណា​ឈ្នះខាងណា​ទេ តែ​កងទ័ព​ស៊ីរី​​ ហាក់​ពិបាក​តតាំង​​​ក្រុមឧទ្ទាម​​បន្តិច ទោះបី​មានជំនួយ​ពី​រុស្ស៊ី​ក៏ដោយ។​ ​យន្តហោះ ​ស៊ីរី​ និង​រុស្ស៊ី​​​កំពុង​ព្យាយាម​ទប់​​កុំ​អោយ​​មាន​កម្លាំងជំនួយ អាច​ទៅជួយ​​​ទីតាំង​​​ក្រុម​ឧទ្ទាម​​​នៅ​ខាងត្បូង​អាឡិប។

ផលវិបាក​គឺ​​ ​ប្រជាជន​រាប់សែននាក់​កំពុង​ជាប់ខ្លួន​នៅអាឡិប គ្មានស្បៀង​ហូបចុក និង​ទឹក​ប្រើប្រាស់។​ ​​អង្គការ​សហប្រជាជាតិ​បរិហារ​ថា ​១ខែមកនេះ គ្មាន​រថយន្ត​ដឹកស្បៀង​ណាមួយ អាច​ចូលទៅ​ដល់​កន្លែងដែល​រងការ​ឡោមព័ទ្ធទេ។

​អង្គការ​សហប្រជាជាតិ​​ទាមទារ​ច្រើនលើក​មកហើយ អោយ​ផ្អាក​ប្រយុទ្ធ​គ្នា ៤៨ម៉ោង ​តែ​ក្រុមប្រយុទ្ធ​​ហាក់​មិនខ្ចីធ្វើលឺ។ ​​​ដោយសារ​តែអញ្ចឹងហើយ ទើប​ម្សិលមិញ​ ប្រេសិត​អង្គការ​សហប្រជាជាតិ លោក​ស្តាហ្វាន ដឺ មីស្ទូរ៉ា សម្រេច​ព្យួរ​កិច្ចប្រជុំ​មនុស្សធម៌​ទាក់ទង​ស៊ីរី​តែម្តងទៅ។

ការផ្អាក​ការប្រយុទ្ធគ្នា​ ជា​ដំណោះស្រាយ​ចំពោះមុខនៅ​ស៊ីរី
ស៊ីរី​កាន់តែ​ផុងជ្រៅ​ក្នុង​ហិង្សា​សង្គ្រាម។ ​តាំងពីឆ្នាំ២០១១​​ សង្គ្រាម​​បាន​សម្លាប់​មនុស្ស​២សែន​៩ម៉ឺន​នាក់។ ទន្ទឹមនេះ​ដែរ ​​​ ក្រុមជីហាត​រដ្ឋអ៊ីស្លាមក៏កំពុង​មានវត្តមាន​នៅ​ស៊ីរី​។

រុស្ស៊ី​បានស្នើអោយ​ផ្អាក​​ការប្រយុទ្ធ​​នៅអាឡិប ​៤៨ម៉ោង។ ក្រសួងការពារ​ជាតិ​រុស្ស៊ី​បានប្រកាសថា រុស្ស៊ី​​ត្រៀម​ដាក់អោយ​មា​នការផ្អាក​ការប្រយុទ្ធ​ ​នៅ​សប្តាហ៍ក្រោយ ដើម្បី​អោយគេ​អាច​ដឹកស្បៀងជំនួយ​ទៅ​ជួយ​ប្រជាជន​នៅ​អាឡិប។ ​រុស្ស៊ី​ត្រូវ​សុំ​រដ្ឋាភិបាលលោក​អាសាដ អោយ​​​ធានា​សុវត្ថិភាព​​​រថយន្ត​ស្បៀង​មនុស្សធម៌ ​ហើយ​រុស្ស៊ី​ក៏​សង្ឃឹមថា​ ខាង​អាមេរិក​​នឹងធានា​សុវត្ថិភាព​រថយន្ត​ដឹកស្បឿង នៅ​តំបន់​កាន់កាប់​ដោយ​ក្រុមឧទ្ទាម​ដែរ។

ច្រើនខែ​មកនេះ រុស្ស៊ី​និងអាមេរិក​បាន​ខិតខំ​រក​ដំណោះស្រាយ​តាមបែបការទូត​សម្រាប់​ស៊ីរី។ អាមេរិក​​ចង់​ឃើញ​​សហគមន៍​អន្តរជាតិ​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងអស់គ្នា។ អាមេរិក​ចង់អោយ​មាន​បទ​ឈប់​បាញ់​​​​​ទូទាំង​ប្រទេស ជា​លក្ខណៈ​ជាតិ​ ហើយ​​ចង់​ឃើញ​គ្រប់ភាគី​ជម្លោះ​​ជួប​​ពិភាក្សា​គ្នា ឡើងវិញ នៅ​ទីក្រុង​ហ្សឺណែវ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ