អានតួអត្ថបទ
កម្ពុជា

លោក​​ហ៊ុន​ សែន​ និង​​លោក​ សម​ រង្ស៊ី​ មិន​បាន​​ជួប​គ្នា​​ទេ​​ពេល​​ទទួល​​​ព្រះ​មហាក្សត​

ដូច​ការគ្រោងទុក ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ​ហើយ ​នៅវេលា​ម៉ោង៤រសៀល​ថ្ងៃ​ពុធ​នេះ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ និង​លោក សម រង្ស៊ី ដែល​បាន​ទៅ​ទទួល​ព្រះមហាក្សត្រ នៅ​ព្រលានយន្តហោះ​ មិនបាន​ជួប​​និយាយ​រកគ្នា​ទេ។ យ៉ាងណាក៏ដោយ លោក​សម រង្ស៊ី បាន​អះអាងថា លោក​នៅ​រង់ចាំ​ចម្លើយ​ពី​ព្រះមហាក្សត្រ​ ដើម្បី​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​បញ្ហានយោបាយ។

ប្រតិភូ​​​គណបក្ស​​សង្គ្រោះ​ជាតិ​ នៅ​ពេល​​ទៅ​​ទទួល​​ព្រះ​មហាក្សត្រ​​ សម្តេច​​ព្រះ​បាទ​​បរម​នាថ​ នរោត្តម​​ សីហមុនី​ ថ្ងៃទី​​១១ កញ្ញា ឆ្នាំ​២០១៣។
ប្រតិភូ​​​គណបក្ស​​សង្គ្រោះ​ជាតិ​ នៅ​ពេល​​ទៅ​​ទទួល​​ព្រះ​មហាក្សត្រ​​ សម្តេច​​ព្រះ​បាទ​​បរម​នាថ​ នរោត្តម​​ សីហមុនី​ ថ្ងៃទី​​១១ កញ្ញា ឆ្នាំ​២០១៣។ @Siv Channa
ផ្សាយពាណិជ្ជកម្ម

ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ត្រឡប់​មកដល់​ភ្នំពេញ​វិញ​ហើយ ​នៅវេលា​ម៉ោង៤រសៀល ​ថ្ងៃ​ពុធ​ទី ១១សីហា​នេះ បន្ទាប់ពី​បានទទួល​ការពិនិត្យ​ព្រះរាជសុខភាព​​ពី​សំណាក់​គ្រូពេទ្យ​ចិន។

នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ប្រធានរដ្ឋសភា រួមទាំង​មន្ត្រី​អ្នកមុខអ្នកការ និង​គ្រួសារ​រាជវង្ស​មួយចំនួនទៀត។ លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រមទាំង​មន្ត្រី​បក្ស​ប្រឆាំង​​ជាច្រើន​ទៀត ​ក៏បាន​ទៅ​ទទួល​ព្រះរាជដំណើរ​យាង​ត្រឡប់​របស់​ព្រះមហាក្សត្រ​ដែរ។

ប៉ុន្តែ មេដឹកនាំ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​មិនបាន​ជួបពិភាក្សា​គ្នា ​ឬ​សូម្បីតែ​និយាយ​រកគ្នា​នោះឡើយ។ មុនពេល​ព្រះមហាក្សត្រ​យាង​មកដល់ អ្នកនយោបាយ​ទាំងអស់​បាន​ចូលក្នុង​បន្ទប់​រង់ចាំ VIP ជាមួយគ្នា​ ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យថា ពួកគេ​អាច​នឹង​ជួប​ជជែក​គ្នា។ ប៉ុន្តែ ពេលចេញ​មកវិញ លោក សម រង្ស៊ី បាន​អះអាងថា លោក​មិនបាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ទេ។

មេដឹកនាំ​បក្សប្រឆាំង​បញ្ជាក់ថា គោលបំណង​របស់លោក​ដែល​មក​ព្រលានយន្តហោះ​នៅ​ថ្ងៃ​នេះ​​ គឺ​ដើម្បី​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ​តែប៉ុណ្ណោះ។ ទាក់ទង​ទៅ​នឹង​​ដំណោះស្រាយ​បញ្ហានយោបាយ លោក សម រង្ស៊ី បាន​អះអាងថា លោក​នៅ​រង់ចាំ​ចម្លើយ​ពី​​ព្រះមហាក្សត្រ ​បន្ទាប់ពី​លោក​បាន​សុំ​ឲ្យ​ព្រះអង្គ​អន្តរាគម​​ជួយ​រក​ដំណោះស្រាយ។ ទាំង​លោក​កឹម សុខា និង​លោក​សម រង្ស៊ី នៅតែ​អះអាងថា បាតុកម្ម​ជា​ជម្រើស​មិនអាច​ចៀសវាង​បាន ​​ប្រសិនបើ​គ្មាន​ដំណោះស្រាយ។

ការយាងត្រឡប់​របស់​ព្រះមហាក្សត្រ​នៅពេលនេះ​ ចំ​ពេលដែល​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង​នៅក្រោយ​ការបោះឆ្នោត។ ព្រះមហាក្សត្រ​ គ្រោង​កោះអញ្ជើញ​អ្នក​តំណាង​រាស្ត្រ​​ជាប់ឆ្នោត​ទាំង ១២៣ នាក់​ ឲ្យ​ចូលរួម​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃទី ២៣ កញ្ញា​ខាងមុខនេះ។

ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បដិសេធ​មិន​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​បាន​ប្រកាស​​ធ្វើពហិការ​មិន​ចូលប្រជុំ​សភា​ទេ។ គណបក្សប្រឆាំង​ក៏បាន​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ជា​​លើក​ទី២ទៀត​ ចាប់ពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​តទៅ។

គេ​នៅ​មិនទាន់​ដឹងថា ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​អាច​នឹង​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ ​ដែល​ឲ្យ​គណបក្ស​ទាំង​ពីរបាន​ចូលប្រជុំ​រដ្ឋសភា​ដំបូង​ដោយ​ស្រុះស្រួល​គ្នា ឬក៏​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ឯង​ ចូលរួម​ប្រជុំ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ធ្វើ​បាតុកម្ម​​ក្រៅ​រដ្ឋសភា​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ