អានតួអត្ថបទ
ចិន-រូម៉ានី

ចិន​ចង់​​វិនិយោគ​​​ម៉ាស៊ីន​ប្រតិកម្ម​​នុយក្លេអ៊ែរ​​ថ្មី​ចំនួន២​​ នៅ​​រូម៉ានី​​

ក្រុមហ៊ុន​សហប្រតិបត្តិការ​ថាមពល​នុយក្លេអ៊ែរ​ទូទៅ​របស់​ចិន ហៅកាត់​ CGN ចង់​ធ្វើការ​វិនិយោគ សំរាប់​ម៉ាស៊ីន​​ប្រតិកម្ម​​នុយក្លេអ៊ែរ​ថ្មី​ចំនួន​២ នៅ​ប្រទេស​រូម៉ានី ដោយ​​ធ្វើការ​សហការ​ជាមួយក្រុមហ៊ុន​កាណាដា SNC-Lavalin។ នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​រូម៉ានី លោក Constantin Nita ថ្ងៃ​ពុធ​​នេះ។ ការ​ប្រកាស​នេះ​ ធ្វើឡើង​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​​នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាំង នៅ​ទីក្រុង​ Bucarest។

ថ្ងៃ ២៧ វិច្ឆិកា ឆ្នាំ ២០១៣៖ នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាំង ទស្សនកិច្ច​រូម៉ានី ត្រូវបាន​​ប្រធានាធិបតី​រូម៉ានី លោក  Traian Basescu (រូបស្តាំ) ទទាក់ទទួល​ស្វាគមន៍
ថ្ងៃ ២៧ វិច្ឆិកា ឆ្នាំ ២០១៣៖ នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាំង ទស្សនកិច្ច​រូម៉ានី ត្រូវបាន​​ប្រធានាធិបតី​រូម៉ានី លោក Traian Basescu (រូបស្តាំ) ទទាក់ទទួល​ស្វាគមន៍ REUTERS/Bogdan Cristel
ផ្សាយពាណិជ្ជកម្ម

គឺតាំងតែ​​ពី​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍​ម្ល៉េះ ដែល​ ក្រុមហ៊ុន​សហប្រតិបត្តិការ​ថាមពល​នុយក្លេអ៊ែរ​ទូទៅ​របស់​ចិន CGN បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​នុយក្លេអ៊ែរ​​រូម៉ានី លើ​លិខិត​មួយ​ស្តីពី​គោលបំណង​​ជាក់លាក់​​ ដើម្បី​បើក​ការពិភាក្សា​លើ​ការ​វិនិយោគ​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ពីរថ្មីទៀត​ នៅ​មជ្ឈមណ្ឌល​​ស៊ែរណាវ៉ូដា Cernavoda ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​​រូម៉ានី។

ហើយ​នៅថ្ងៃ​ពុធ​នេះ​ រដ្ឋមន្ត្រី​ក្រសួង​ថាមពលប្រទេស​​រូម៉ានី ​លោក Constantin Nita បាន​ប្រកាស​ នៅ​វិទ្យុ​រូម៉ានី​​ជាផ្លូវការ​​ ថា​ចិន​មានបំណង​​​វិនិយោគ​ សំរាប់​​ប្រតិករ​នុយក្លេអ៊ែរ​ចំនួន​២ថ្មីទៀត នៅ​​​​រូម៉ានី។ លោក​បន្ថែម​ថា ក្នុង​​ការវិនិយោគ​នេះ​​​​ ចិន​ចង់​សហការ​​ ជាមួយ​ក្រុមហ៊ុន​កាណាដា SNC-Lavalin។

ចាប់ពី​ឆ្នាំ២០១១មក រូម៉ានី​បាន​ស្វែង​រក​អ្នកវិនិយោគ ​​សំរាប់​ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ​​ចំនួន​ពីរ នៅ​មជ្ឈមណ្ឌល​​ស៊ែរណាវ៉ូដា Cernavoda ភាគ​ខាងត្បូងប្រទេស​​។ ​​មជ្ឈមណ្ឌលនេះ​ជា​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ​ជាតិតែមួយគត់។ សព្វថ្ងៃ​នេះ ម៉ាស៊ីន​ប្រតិករនុយក្លេអ៊ែរ​​ពីរផ្សេងទៀត នៅ​មជ្ឈមណ្ឌល​ កំពុង​​​ដំណើរការ​ដោយ​ប្រើ​​​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​កាណាដា​ ​សំរាប់​ប្រភេទ​ប្រតិករ​​​​កាន់ឌូ Candu៦។ ​

សំរាប់​កិច្ច​ការ​វិនិយោគ​នេះ សហគមន៍​ហិរញ្ញវត្ថុ​ធនាគារ​មួយ​​​បាន​ត្រូវ​បង្កើត​រួច​មកហើយ ដោយ​មាន​​​វត្តមាន​របស់​ក្រុមហ៊ុន​ថាមពល​ចិន និង​ក្រុមហ៊ុន​កាណាដា SNC-Lavalin។ គេរំពឹង​ថា ទឹកប្រាក់​សំរាប់​​សាងសង់​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ពីរថ្មី​នេះ អាច​មាន​តំលៃ​​​រហូត​ដល់​ទៅ​ជាង​៤ពាន់លាន​​​ដុល្លារ​ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ