អានតួអត្ថបទ
ចិន-អាស៊ាន

ប៉េកាំង​ចង់​បង្កើន​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេ ជាមួយ​អាស៊ាន

បើទោះ​បី​ជាមាន​ជម្លោះ​ដណ្តើម​ដែនទឹក ជាមួយ​ប្រទេស​សមាជិក​មួយ​ចំនួន​របស់​អាស៊ាន នៅ​សមុទ្រ​ចិន​ភាគ​ខាងត្បូង ប៉ុន្តែ ប្រទេស​ចិន​នៅ​តែ​ចង់​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​សមាគម​អាស៊ី​អាគ្នេយ៍​មួយនេះ។ យោងតាម​ការចុះផ្សាយ​របស់​កាសែត​ចិន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក​លី ខឺឈាំង នាយក​រដ្ឋមន្រ្តី​ចិន​បាន​ថ្លែងថា ប្រទេស​ចិន​ចង់​បង្កើន​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន ឲ្យ​បាន​ទ្វេ​ដង ចាប់ពី​ពេលនេះ ដល់​ឆ្នាំ ២០២០។

នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង (ស្តាំ) និង​សហដឹកនាំកិច្ចប្រជុំ​ចិន ​អាស៊ានលោក​រដ្ឋមន្រ្តីការបរទេស​ថៃ សុរ៉ាពង្ស តូវីចាក់ឆាយគល់
នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង (ស្តាំ) និង​សហដឹកនាំកិច្ចប្រជុំ​ចិន ​អាស៊ានលោក​រដ្ឋមន្រ្តីការបរទេស​ថៃ សុរ៉ាពង្ស តូវីចាក់ឆាយគល់ ©REUTERS/Adrian Bradshaw/Pool
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយនេះ ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក ជាមួយ​ប្រទេស​ទាំង​១០​របស់​អាស៊ាន​បាន​កើនឡើង ៦​ដង ដល់​តម្លៃ​៤០០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០១២។ នេះ​បើ​យោង​តាម​កាសែត​ចិន​ថ្មី។

ប្រទេស​ចិន​ចង់​ឲ្យ​ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន​កើន​ឡើង ទ្វេ ដងទៀត គឺ​ដល់ មួយពាន់ ពាន់​លាន​ដុល្លារ ចាប់​ពី​ពេលនេះ រហូត​ដល់​ឆ្នាំ​២០២០។ នេះ​ជា​ការអំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ចិន នៅក្នុង​ឱកាស​បើកកិច្ចប្រជុំ​កំពូល​លើកទី​១០ ស្តីពី​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ចិន និង​អាស៊ាន ដែល​ត្រូវ​ធ្វើ​ឡើង នៅ​ខេត្ត​ណានណីង។

នៅចំពោះមុខ​ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន លោកនាយក​រដ្ឋមន្រ្តី​ចិន​លើកឡើង​ច្រើន​ពី​ផលប្រយោជន៍​សេដ្ឋកិច្ច ប៉ុន្តែ និយាយ​តិចតួច​ប៉ុណ្ណោះ ពី​ជម្លោះ​ផលប្រយោជន៍​ទឹកដី​ដែល​ចិន កំពុង​មាន​ជាមួយ​ប្រទេស​សមាជិក​ខ្លះ​របស់​អាស៊ាន។ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ កំពុង​ប្រឈមមុខ​ជាមួយ​ចិន ដើម្បី​ទាមទារ​ដែនទឹក​របស់ខ្លួន នៅ​សមុទ្រ​ចិន​ភាគខាងត្បូង។

លោក​ប្រធានាធិបតី​ហ្វីលីពីន​វិញ​បាន​បដិសេធ​មិន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច នៅ​ប្រទេស​ចិនទេ ដោយ​លោក​បាន​ជំទាស់​ដាច់ខាត​តប​នឹង​ការរំលោភ​ទឹកដី​ពីសំណាក់​​ចិន នៅ​សមុទ្រ​ចិន​ភាគខាងត្បូង ។ កាលពី​អង្គារ​កន្លងទៅ ហ្វីលីពីន​បាន​រកឃើញ​ថា ចិន​កំពុង​លួច​សាងសង់​សំណង់​បេតុង នៅ​លើ​ប្រជុំកោះ Scarborough ដែល​ស្ថិត​មកជិត​កោះហ្វីលីពីន ប៉ុន្តែ ត្រូវ​បាន​ចិន​ទាមទារ​ដែរ និង​បាន​បោះទីតាំង​កប៉ាល់ល្បាត​របស់ខ្លួន​រហូតមក។

ជម្លោះទឹកដី​មិន​បាន​ធ្វើ​ឲ្យ​មហាអំណាច​ចិន​ភ្លេច សុខចិត្ត​បោះបង់​ចោល​ផលប្រយោជន៍​សេដ្ឋកិច្ច​ដែល​ខ្លួន​មាន​ជាមួយ​សមាគម​អាស៊ីអាគ្នេយ៍។ បន្ទាប់ពី​បាន​បដិសេធ​អស់ជាច្រើនឆ្នាំ ទីក្រុង​ប៉េកាំង​ទើប​បាន​ប្រកាស​យល់ព្រម​ជួប​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន នៅ​ខែ​កញ្ញា ដើម្បី​ពិភាក្សា​ពី​ក្រមប្រតិបត្តិ ដែល​ចែង​ពី​ការគ្រប់គ្រង​តំបន់ទឹក​ជាប់​ជម្លោះ ជាមួយ​ប្រទេស​សមាជិក​អាស៊ាន នៅ​សមុទ្រ​ចិន​ភាគខាងត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ