អានតួអត្ថបទ
ឥណ្ឌា-ចិន-រុស្ស៊ី

នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ទៅ​រុស្ស៊ី និង​ចិន​ដើម្បី​ពាណិជ្ជកម្ម និង​​ព្រំដែន

លោក​នាយករដ្ឋមន្រ្តី ឥណ្ឌា ម៉ាន់មូហាន់ ស៊ីញ កំពុង​ចាប់ផ្តើម​ធ្វើ​ទស្សនកិច្ច នៅ​រុស្ស៊ី និង​ចិន ដែល​ជា​សមាជិក​របស់​BRICS ជាមួយ​ឥណ្ឌា។ លោក​ទៅដល់​ទីក្រុង​ម៉ូស្គូ នៅថ្ងៃ​អាទិត្យនេះ និង​គ្រោង​ជួប​ជាមួយ​លោកប្រធានាធិបតី​រុស្ស៊ី ដើម្បី​និយាយ​ពី​ការដោះដូរ​ពាណិជ្ជកម្ម។ បន្ទាប់មក លោកនឹង​ចេញ​ដំណើរ​ទៅទីក្រុង​ប៉េកាំង នៅថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​ដែល​ឥណ្ឌា​មាន​ជាមួយ​ប្រទេស​ចិន។ 

លោកនាយករដ្ឋមន្រ្តី​ឥណ្ឌា​ចាប់ដៃ​ជាមួយ​លោកនាយករដ្ឋមន្រ្តី​ចិន កាលពី​ខែ​ឧសភា ក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្រ្តី​ចិន នៅ​ឥណ្ឌា
លោកនាយករដ្ឋមន្រ្តី​ឥណ្ឌា​ចាប់ដៃ​ជាមួយ​លោកនាយករដ្ឋមន្រ្តី​ចិន កាលពី​ខែ​ឧសភា ក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្រ្តី​ចិន នៅ​ឥណ្ឌា ©បណ្ណសារ
ផ្សាយពាណិជ្ជកម្ម

នៅមួយឆ្នាំ​មុន​ការបោះឆ្នោត ដែល​ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ាន់មូហាន់ ស៊ីញ​ ខំប្រឹង​បង្កើន​ការងារ​ចុងក្រោយ​របស់​លោក នៅក្នុង​កិច្ចការ​បរទេស។ លោក​ម៉ាន់មូហាន់ ស៊ីញ ដែល​ចង់​បិទទំព័រ​អាណត្តិ នាយករដ្ឋមន្រ្តី ​១០​ឆ្នាំ​របស់​លោក ជាមួយ​លទ្ធផល​ការងារ​ផ្លែផ្កា ត្រូវ​​ទៅដល់​ទីក្រុង​មូស្គូ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ។ កិច្ចពិភាក្សា​របស់​គាត់​ជាមួយ​លោកប្រធានាធិបតី​រុស្ស៊ី នឹង​ផ្តោត​ទៅលើ​ការពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ជាពិសេស គម្រោង​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ និង​កម្មវិធី​យោធា ដែល​រុស្ស៊ី​បាន​លក់​ទៅ​ឲ្យ​ឥណ្ឌា។ ឥណ្ឌា​ដែល​ចំណាយ​លុយ​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​សព្វាវុធ​របស់​ខ្លួន ជា​អតិថិជន​ទិញ​អាវុធ​ច្រើន​ជាងគេ​ពី​រុស្ស៊ី។

សមភាគី​ឥណ្ឌា និង​រុស្ស៊ី គ្រោង​នឹង​ចុះកិច្ចព្រមព្រៀង​ផងដែរ ទៅលើ​ដំណាក់កាល​ទីពីរ​នៃ​ផែនការ​កសាង​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ដែល​ឥណ្ឌា​បាន​ទិញ​ពី​រុស្ស៊ី។

បន្ទាប់ពី​ទស្សនកិច្ច​នៅ​រុស្ស៊ី លោកនាយករដ្ឋមន្រ្តី​ឥណ្ឌា ត្រូវ​ធ្វើ​ដំណើរ​បន្ត​ទៅ​ទីក្រុង​ប៉េកាំង ដែល​នៅទីនោះ លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង នៅ​ថ្ងៃ​ពុធ។ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ឥណ្ឌា ដោយ​ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​តម្លៃ ៦៧ពាន់​លាន​ដុល្លារ។ ក្រៅ​តែ​ពី​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម លោក ម៉ាន់មូហាន់ ស៊ីញ​ចង់​ឲ្យ​ចិន​ដោះស្រាយ​វិបត្តិ​ព្រំដែន បន្ទាប់ពី​មហាយក្ស​អាស៊ី​​ទាំងពីរ​បាន​សន្យា​កសាង​ការជឿជាក់​គ្នា​ទៅវិញ ទៅមក កាលពី​ដើម​ឆ្នាំនេះ។

គួររំលឹកថា ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បាន​ល្អក់កករ​ទៅវិញ មួយរយៈ បន្ទាប់ពី​ឥណ្ឌា​បាន​ចោទ​យោធា​ចិន​ថា បាន​ចូល​ឈ្លានពាន ក្នុង​ទឹកដី​របស់​ខ្លួន នៅក្នុង​តំបន់​ភ្នំ​ហិមាល័យ កាល​ពី​ខែ​មេសា​កន្លង​ទៅ។ នៅក្នុង​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន លោកនាយករដ្ឋមន្រ្តី​ឥណ្ឌា ចង់​ជំរុញ​ឲ្យ​ចិន​ចូលរូម​បង្កើត​កតិកាសញ្ញា​ស្តីពីការសហការ​ការពារ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ