អានតួអត្ថបទ
ចិន-លីប៊ី

ទីក្រុង​ប៉េកាំង​ត្រៀម​បញ្ជូន​សហគ្រាស​របស់​ខ្លួន​ត្រលប់​ទៅ​លីប៊ី​វិញ

ក្រុមមន្រ្តី​រដ្ឋាភិបាល រួម​ទាំង​ថៅកែ​ក្រុមហ៊ុន​ចិន​មួយក្រុម​បាន​ទៅដល់​ទីក្រុង​ទ្រីប៉ូលី​ហើយ​នៅ​ថ្ងៃនេះ ដើម្បី​រៀបចំ​អោយ​សហគ្រាស​ចិន ត្រលប់​ចូលទៅ​រកស៊ី​នៅក្នុង​ប្រទេស​លីប៊ី​វិញ។ ប៉ុន្តែ​មតិ​សាធារណជន​ជាច្រើន​កំពុង​តែ​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ដែល​មាន​កាន់តែ​ច្រើន​ឡើង​ទៅ​លើ​ពលករ​ចិន​ធ្វើការ​នៅ​ក្រៅប្រទេស ជា​ពិសេស​ប្រទេស​ដែល​មាន​អស្ថិរភាព​នយោបាយ។

ពលករ​ចិនដែល​ត្រូវ​បាន​គេ​ជម្លៀស​​ចេញ​ពី​ប្រទេស​លីប៊ី កាល​ពី​រដូវរងាឆ្នាំមុន ដោយសារ​តែ​សង្រ្គាម​ផ្ទៃក្នុង
ពលករ​ចិនដែល​ត្រូវ​បាន​គេ​ជម្លៀស​​ចេញ​ពី​ប្រទេស​លីប៊ី កាល​ពី​រដូវរងាឆ្នាំមុន ដោយសារ​តែ​សង្រ្គាម​ផ្ទៃក្នុង Getty/Spencer Platt
ផ្សាយពាណិជ្ជកម្ម

រូបភាព​ពលករ​ចិន​ជាង​ ៣៦០០០​នាក់​ ដែល​ត្រូវ​បាន​គេជម្លៀស​ភ្លាមៗ​ចេញ​ពី​ប្រទេសលីប៊ី កាលពីរដូវ​រងា​ឆ្នាំមុន ដោយសារ​តែ​សង្រ្គាម​ផ្ទៃក្នុង​បាន​ផ្ទុះ​ឡើង ​នៅក្នុង​ប្រទេស​អាហ្រ្វិក​មួយនេះ​ ឋិត​នៅ​​ក្នុងការ​ចងចាំ​នៅឡើយ​របស់​មនុស្ស​ជាច្រើន។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ សាជាថ្មី​ម្តងទៀត​ទីក្រុង​ប៉េកាំង​ចង់​អោយ​សហគ្រាស​របស់​ខ្លូន​ត្រលប់​ចូល​ទៅ​វិនិយោគ​នៅក្នុង​ប្រទេស​នោះ​វិញ បើ​ទោះបី​​ជា​បុគ្គលិក​​របស់​ចិន​ជាច្រើន​នាក់​ទើប​តែ​ត្រូវ​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង ហើយ​ដោះលែង​នៅ​អេហ្ស៊ីប និង​ស៊ូដង់​កាល​ពី​សប្តាហ៍​មុន។

 
គណៈប្រតិភូ​ទីក្រុង​ប៉េកាំង​ដែល​រួម​មាន មន្រ្តី​រដ្ឋាភិបាល និង​ថៅកែ​ក្រុមហ៊ុន នឹង​ស្នាក់នៅ​ក្នុង​ប្រទេស​លីប៊ី រហូត​ដល់​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​ដើម្បី​ វាស់វែង​ទំហំ​នៃ​ការ​ខូចខាត​នានា​របស់​ក្រុមហ៊ុន​ចិន កាលពី​កំឡុង​ពេលមាន​សង្រ្គាម​បះបោរ។ ហើយ​ពួកគេ​នឹង​ផ្តោះប្តូរ​យោបល់​ជាមួយ​មេដឹកនាំ​បច្ចុប្បន្ន​​របស់​ក្រុង​​ទ្រីប៉ូលី ពី​គម្រោង​វិនិយោគ​​ថ្មី​ ឬ​គម្រោង​ចាស់ៗ​របស់​ពួកគេ​ដែល​បាន​ផ្អាក​មុន​ពេល​មាន​សង្រ្គាម។

នៅក្នុង​ក្រុម​គណៈប្រតិភូ​ខាងលើ​គេ​ឃើញ​មាន វត្តមាន​ក្រុមហ៊ុន BTP Gezhouba ដែល​ទទួល​បន្ទុក​សាងសង់​ផ្ទះ​ចំនួន ៧០០០ខ្នង និង​ក្រុមហ៊ុន​បណ្តាញ​ទូរស័ព្ទ​ធំៗ​ជាច្រើន ដូចជា Hua Wei និង ZTE ដែល​បានបំពាក់​ឧបករណ៍​នៅ​នឹង​កន្លែង​រួចរាល់​ហើយ។

បើ​គេ​សរុប​គ្រប់ជំនាញ ទាំង​ខាង​​ផ្លូវដែក ខាង​ចម្រាញ់​ប្រេង និង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ ទាំងអស់​មាន​ក្រុមហ៊ុន​ចិន​ចំនួន​៧៥ ជាមួយ​ទឹកប្រាក់​វិនិយោគ​​សរុប ជាង​១៨​ពាន់​លាន​ដុល្លារដែល​មាន​វត្តមាន​នៅក្នុង​ប្រទេសលីប៊ី មុន​សង្រ្គាម​បាន​ផ្ទុះ​ឡើង។​​ ប៉ុន្តែ​ប្រឈមមុខ​នឹង​ស្ថានភាព​បច្ចុប្បន្ន ចិន​មាន​គម្រោង​វិនិយោគ​ច្រើន​ជាងមុន។ បើ​តាម​អ្នកជំនាញ ការ​ស្ថាបនា​ប្រទេស​លីប៊ី​ឡើងវិញ ត្រូវការ​ទឹកប្រាក់​យ៉ាងហោច​ណាស់ ១០០ ពាន់​លាន​ដុល្លារ។

គួរបញ្ជាក់ថា​ តំបន់​អាហ្រ្វិក​បានក្លាយ​ជា​ទិសដៅ​វិនិយោគ​ដ៏​សំខាន់​របស់​ទីក្រុង​ប៉េកាំង​នា​ពេល​បច្ចុប្បន្ន។ ក្រុមហ៊ុន​វិនិយោគ​​របស់​ចិន​កាន់​តែ​ច្រើន​ឡើង​​បាន​មាន​វត្តមាន​នៅទីនោះ​ដោយ​នាំទៅ​ជាមួយ​បុគ្គលិក និង​ពលករ​ចិន​រាប់​ម៉ឺន​នាក់។​ បុគ្គលិក និង​ពលករ​ចិន​ដែល​ជា​រឿយៗ​រស់នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ នៅ​ក្នុង​ប្រទេស​​ដែល​គ្មាន​​ស្ថិរភាព​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ