អានតួអត្ថបទ
រុស្ស៊ី

អំពី​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១២

ទាំង​លោក​ប្រធានាធិបតី Medvedev ទាំង​លោក​នាយក​រដ្ឋមន្ត្រី Poutine ទើប​បាន​ប្រកាស​ដូចគ្នា ថា​អាច​ចូល​ប្រឡូក​រៀងៗ​ខ្លួន ក្នុង​ការបោះឆ្នោត​នេះ។​ប៉ុន្តែ​ម្នាក់ៗ​សុទ្ធ​តែ​នៅ​រង់​ចាំ​មើល​ ស្ថានការណ៍​សង្គម-​សេដ្ឋកិច្ច​ និង​នយោបាយ​ក្នុង​ប្រទេស​សិន។ សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋ​បុរស​រុស្ស៊ី​ទាំងពីរ​នាក់ ជា​ចម្លើយ​ថ្មី​​តប​នឹង​សំណួរ​ពី​ខាង​អ្នក​កាសែត​ជាតិ​ និង​បរទេស​ដែល​រមែង​ជីក​សួរ​ចង់​ដឹង​អំពី​រឿង​នេះ។

ភាពតាន​តឹង​រវាង​លោក​នាយក​រដ្ឋមន្ត្រី Vladimir Poutine (ឆ្វេង) និង​លោក​ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev
ភាពតាន​តឹង​រវាង​លោក​នាយក​រដ្ឋមន្ត្រី Vladimir Poutine (ឆ្វេង) និង​លោក​ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev REUTERS/Ivan Sekretarev
ផ្សាយពាណិជ្ជកម្ម

02:28

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

ម្សិលម៉្ងៃ​មុន​នឹង​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​នៅ​ប្រទេស​ចិន ដែល​ចាប់​ផ្តើម​តាំង​ពី​ម្សិលមិញ​មក ក្នុង​សម្ភាសន៍​នៅ​វិមាន​ក្រេមឡាំង​ឲ្យ​ទៅ​ “កាណាល់​ទូរទស្សន៍​សង់ត្រាល់​របស់​ចិន” CCTV តប​នឹង​សំណួរ​សមស្រប​របស់​អ្នក​កាសែត​ចិន លោក​ប្រធានាធិបតី Medvedev​ថ្លែង​ថា​ ៖

- គាត់​មិន​បដិសេធ​ឡើយ អំពី​ការ​ចូល​ប្រឡូក​របស់​គាត់​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១២​ដើម្បី​រើស​ប្រធានាធិបតី​អាណត្តិ​ថ្មី​នៅ​រុស្ស៊ី។ សំរាប់​ជា​ការ​កត់​សំគាល់ អាណត្តិ​ថ្មី នឹង​ពន្យារ​ទៅ​រហូត​ដល់​៦​ឆ្នាំ ទល់​នឹង​៤​ឆ្នាំ​សព្វ​ថ្ងៃ។

លោក Medvedev លំអិត​ថា គឺ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ទៅ​ហើយ ដែល​គាត់​នឹង​អារ​កាត់​ក្នុង​ចិត្ត​ឲ្យ​បាន​ដាច់​ស្រេច។ ការ​សម្រេច​ចិត្ត​នេះ នឹង​យោង​ទៅ​លើ​កត្តា​បី គឺ ទី១-​វា​ត្រូវ​មាន​លក្ខណៈ​ទុំ​ជោរ -ទី២ អាស្រ័យ​ទៅ​នឹង​ជម្រើស​នយោបាយ​ពី​សំណាក់​សង្គម -ទី​៣ ថ្លឹង​មើល​ភ័ព្វ​សំណាង​ខ្លួន​ឲ្យ​បាន​សព្វ​គ្រប់​សិន។

ក្នុង​សម្ភាសន៍​នោះ លោក Medvedev​ក៏​កត់​សំគាល់​ថា រូប​គាត់​និង​លោក Poutine​មាន​គោលដៅ​តែ​មួយ​ដូចគ្នា គឺ​នាំ​នូវ​ភាព​ចំរើន​រុង​រឿង​ដល់​ប្រទេស​ជាតិ ប៉ុន្តែ​វិធី​និង​មធ្យោបាយ​ដែល​រូប​គាត់​និង​លោក Poutine ប្រកាន់​យក​សម្រាប់​សមិទ្ធិ​គោលដៅ​នេះ គឺ ខុស​គ្នា​ទេ​តើ ហេតុ​ដែល​ឆ្លុះ​ឲ្យ​ឃើញ​ពី​លក្ខណៈ​ប្រជាធិបតេយ្យ​មែនពិត។

ចំណែក លោក​នាយក​រដ្ឋមន្ត្រី Poutine វិញ ម្សិលមិញ​ក្រោយ​ពី​ចប់​ទៅ​ “សន្និបាត​នៃ​បុគ្គលិក​ពេទ្យ ទូទាំង​ប្រទេស” ដោយ​ឆ្លើយ​តប​នឹង​សំណួរ ទាក់ទង​នឹង​សាច់​រឿង​បោះឆ្នោត​នោះ បាន​ថ្លែង​ថា ៖

- ទាំង​រូប​គាត់ ទាំង​រូប​លោក Medvedev មិន​បដិសេធ​ឡើយ ថា​ម្នាក់ៗ​សុទ្ធ​តែ​អាច​ចូល​ប្រឡូក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ដាច់​ស្រេច​នឹង​ត្រូវ​អនុម័ត ​គឺ​ដោយ​យោង​ទៅ​លើ​ស្ថានការណ៍​សង្គម-​សេដ្ឋកិច្ច-នយោបាយ​ ដែល​នឹង​កើត​មាន​ក្នុង​ប្រទេស ទៅ​ទល់​ពេល​បោះឆ្នោត​នោះ។

លោកPoutine គូស​បញ្ជាក់​ថា ទំរាំ​ដល់​ពេល​នោះ គឺ​សល់​ជិត​មួយ​ឆ្នាំ​ទៀត​ឯណោះ។ តាម​ប្រសាសន៍​គាត់ ៖ បើ​រូប​គាត់ និង​លោក Medvedev​ប្រកាស​អំពី​ការសម្រេចចិត្ត​តាំង​ពី​ឥឡូវ​នោះ បរិយាកាស​ជ្រួលជ្រើម ក្នុង​ការងារ​រដ្ឋ​នឹង​កើត​ឡើង​ពុំ​ខាន​ ដ្បិត​មន្ត្រី​ពាក់​កណ្តាល​ក្នុង​ខុទ្ទកាល័យ​ប្រធានាធិបតី និង​មន្ត្រី​ជាង​ពាក់​កណ្តាល​ដែរ ក្នុង​រដ្ឋាភិបាល នឹង​លែង​ធ្វើការ​តែ​ម្តង ដោយ​នៅ​ចាំ​អ៊ុត​មើល​តើ​នរណា​ដែល​នឹង​ក្លាយ​ទៅ​ជា​ចៅហ្វាយ​គេ​នៅ​ថ្ងៃ​ក្រោយ។

រីឯ បក្ស​កាន់​អំណាច​នៅ​រុស្ស៊ី ឈ្មោះ​បក្ស Yedinaya Rossia ​ដែល​មាន​រូប​លោក Poutine​ជា​ប្រធាន​ទើប​ថ្លែង​ថា ប្រសិន​បើ​លោក Poutine​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ទេ នោះ​បក្ស​នេះ​នឹង​គាំទ្រ លោក Medvedev៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ