អានតួអត្ថបទ
កម្ពុជា

លោក ​ហ៊ុន សែន​បង្ហាញ​សេចក្តី​ព្រាង​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ

រដ្ឋាភិបាលភ្នំពេញ​បាន​តាក់តែង​សេចក្តីព្រាង​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​ និង​ថៃ​ស្តី​ពី​ការ អនុវត្ត​សាលក្រម​តុលាការ​ឡាអេ​ដែល​កិច្ចព្រមព្រៀង​នេះ​មាន​៧​ចំនុច​ដែល​ ត្រូវ​អនុវត្ត។ កិច្ចព្រមព្រៀង​​នេះ​ត្រូវ​បាន​ប្រកាស​បង្ហាញ​ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក ហ៊ុន សែន​តែម្តង​នៅក្នុង​សន្និសីទ​កាសែត​រយៈពេល​ជាង​២​ម៉ោង ​កាល​ពី​ព្រឹក​ ថ្ងៃសុក្រ​ ទី​២២​កក្កដា​នេះ។ សេចក្តីព្រាង​កិច្ចព្រមព្រៀង​នេះ គឺជា​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អនុវត្ត​បញ្ជា​របស់​តុលាការ​ អន្តរជាតិ​ដើម្បី​ធ្វើ​អោយ​តំបន់​ប្រាសាទ​ព្រះវិហារ​ក្លាយ​ទៅ​ជា​តំបន់​ សន្តិភាព។

លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា នៅក្នុង​សន្និសីទ​កាសែត​កាលពី​ព្រឹកថ្ងៃ​សុក្រ​ទី​២២​កក្កដា​នេះ
លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា នៅក្នុង​សន្និសីទ​កាសែត​កាលពី​ព្រឹកថ្ងៃ​សុក្រ​ទី​២២​កក្កដា​នេះ RFI/ Channa Siv
ផ្សាយពាណិជ្ជកម្ម

អ្នក​ដែល​សរសេរ​សេចក្តី​ព្រាង​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ មាន​តែ​កម្ពុជាទេ ដែល​ជា​អ្នក​តាក់តែង​កិច្ចព្រមព្រៀង​នេះ។ ហេតុអ្វី? ពីព្រោះ​កម្ពុជា​គឺ​ជា​ដើមបណ្តឹង។ កម្ពុជា​គឺ​ជា​ជនរងគ្រោះ។ ដូច្នេះ​កម្ពុជា​ត្រូវ​ធ្វើ​ការងារ​ច្រើន លឿន និង​បង្ហាញឆន្ទៈ​អំពី​ការ​ចង់​ដោះស្រាយ​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍ ដើម្បី​ធានា​អំពី​សន្តិភាព​នៅក្នុង​តំបន់​ប្រសាទ​ព្រះវិហារ។

កម្ពុជា ​គឺ​ជាអ្នក​នាំយក​បញ្ហា​ស្វែងរក​វិធានការ​បណ្តោះអាសន្ន​សំរាប់​សន្តិសុខ​នៅក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ហើយ​ពេល​នេះ តុលាការ​ក៏បាន​ចេញ​សាលក្រម​មកហើយ។ ដូច្នេះ​កម្ពុជា​ក៏​ត្រូវ​រួសរាន់ នាំថៃ​អនុវត្ត​សាលក្រម​នេះ​ទៀត។ ព្រោះថា បើ​កម្ពុជា​មិន​ប្រញាប់ប្រញាល់​ស្វែងរក​ចាប់បង្ខំ​ថៃ​អោយ​អនុវត្ត​សាលក្រម​ទេ​នោះ រឿងវា​ដដែល​ទេ គឺថា​ថៃ​នឹង​នៅតែ​ញេមញ៊ុម​ពន្យាពេល​រហូត។ សេចក្តីព្រាង​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បញ្ជូន​ទៅភាគីថៃ​និង​ភាគី​ឥណ្ឌូនេស៊ី ដែល​ជាតំណាង​អាស៊ាន​រួចហើយ​ដែរ ដើម្បី​ពួកគេ​បាន​ពិនិត្យ​សេចក្តីព្រាង​នេះ។

សេចក្តីព្រាង​នេះ​មាន​៧​ចំនុច ដែល​បាន​ស្នើឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងគោលដៅ​ធ្វើ​អោយ​តំបន់​ប្រាសាទព្រះវិហារ ក្នុងផ្ទៃដី១៧គមក្រឡាតាម​ការ​គូសវាស​របស់​តុលាការឡាអេ ទទួល​បាន​សន្តិសុខ​តាមរយៈ​ការ​ដក​កម្លាំង​កងទ័ព​ចេញ​ពីតំបន់​នោះ។ វិធានការ​ទាំងនោះរួមមាន ទី១ ភាគី​នីមួយៗ គឺ​កម្ពុជា​និង​ថៃ ត្រូវ​ផ្តល់​ព័ត៌មាន​លំអិត​ទៅ​តុលាការ​អំពី​ចំនួន និង​ទីតាំង​ឈរជើង​របស់​កងទ័ព គិតត្រឹម​ថ្ងៃទី​១៨​កក្កដា ២០១១​នៅក្នុង​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន​ដែល​​មាន​លើ​ទំហំផ្ទៃដី​១៧គីឡូម៉ែត្រ​ក្រឡា ដែល​កំណត់​ដោយ​តុលាការ។ ទី២ ភាគី​នីមួយៗត្រូវ​ផ្តល់​ព័ត៌មាន​លំអិត​ទៅ​តុលាការ​ដដែល​អំពី​ស្ថានភាព​នៃ​សកម្មភាព​មិនមែន​យោធា នៅក្នុង​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​នោះ គឺ​ដើម្បី​ធានា​ការ​ចេញចូល​ដោយ​សេរី​របស់​កម្ពុជា​ទៅកាន់​ប្រាសាទ​ព្រះវិហារ។ ទី៣ បន្ទាប់​ពី​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​ហើយ ភាគី​ទាំងពីរ​ត្រូវស្នើ​សុំអោយ​មាន​ការ​ចាត់តាំង និង​បញ្ជូន​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​ជា​បន្ទាន់​ក្នុងនាម​អាស៊ាន។
 
ទី៤ បន្ទាប់ពី​ពេល​ដែល​អ្នក​សង្កេតការណ៍​មកដល់​ហើយនោះ ភាគីទាំងពីរ ដោយ​សហការ​ជាមួយ​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី ត្រូវ​កំណត់​ទីតាំង​លើដី​ជាក់ស្តែង នៃចំនុច A B C និង D។ ទី៥ ភាគី​ទាំងពីរ​ត្រូវ​កំណត់​កាល​វិភាគ​សម្រាប់​ការ​ដកកងទ័ព​ទាំងអស់​របស់​ខ្លួន ចេញ​ពី​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះអាសន្ន។ ទី៦ កិច្ចព្រមព្រៀង​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ការងារ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ និង​គណៈកម្មការ​ចំរុះ​ខណ្ឌសីមា​ព្រំដែន ដើម្បី​អនុវត្ត​ការ​បោះបង្គោល​ព្រំដែន ធានា​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​តាម​ព្រំដែន​នោះ​ឡើយ។ និង​ទី៧ ការ​កំណត់ភារៈកិច្ច​ការទទួលខុសត្រូវ និងលក្ខខណ្ឌ​ប្រតិបត្តិ​របស់​ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី និង​ការ​ទទួលខុសត្រូវ​របស់​កម្ពុជា​និង​ថៃ ក្នុង​ការ​រៀបចំ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បេសកម្ម​របស់​ក្រុម​អ្នកសង្កេតការណ៍ ត្រូវ​ធ្វើឡើង​ក្នុង​រូបភាព​ជា​កិច្ចព្រមព្រៀង​ដោយឡែក​មួយ​រវាង​កម្ពុជា ថៃ និង​ឥណ្ឌូនេស៊ី។
 
ក្រៅពី​សំណុំរឿង​នៃ​ការអនុវត្ត​សាលក្រម​តុលាការ​ឡាអេនោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​ឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន​ដែលចង់​បានការ​អត្ថាធិប្បាយ​របស់​លោក​ជុំវិញ តុលាការ​ខ្មែរក្រហម ក្នុង​សំណុំរឿង​០០៣ និង​០០៤ ហើយលោក​នាយករដ្ឋមន្ត្រី​ក៏បាន​ធ្វើ​អត្ថាធិប្បាយ​ព្រមាន​ក្រុមអ្នក​ប្រឆាំង​រដ្ឋាភិបាល​ដែល​ចង់​អនុវត្ត​បដិវត្ត​ផ្កាម្លិះ​នៅ​កម្ពុជា​ផងដែរ។
 
ជា​ដំបូង​ចំពោះ​បញ្ហា​បដិវត្ត​ផ្កាម្លិះ ដែលជា​ចលនា​បាតុកម្ម​របស់​ប្រជាជន​ដើរ​តាមផ្លូវ​ដើម្បី​ទាមទារ​ទម្លាក់​មេដឹកនាំ​នោះ ហើយ​ដែល​ត្រូវ​បាន​អនុវត្ត​បាន​ជោគជ័យ​នៅក្នុង​ប្រទេស​មួយ​ចំនួនដូច​ជា​ទុយនីស៊ី លោក​នាយក​រដ្ឋមន្ត្រី​បង្ហើប​ថា លោក​ក៏​មាន​ប្រជាជន​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​របស់​លោក​ដូចគ្នា។ លោក​ហ៊ុន សែន​បញ្ជាក់​ថា លោកចុះ ឡើង​នៅក្នុង​អំណាច​តាម​រយៈ​តែ​រដ្ឋធម្មនុញ្ញ និង​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។ ត្រង់​នេះ លោក​នាយករដ្ឋមន្ត្រី​ក៏​មិន​បាន​ភ្លេចក្រើន​រម្លឹក​ដល់​គណបក្ស​ប្រឆាំង​ដែល​ព្យាយាម​អនុវត្ត​ចលនា​អំណាច​ប្រជាជន​ក្នុង​ពេល​កន្លង​មក​តែមិន​បាន​សម្រេច​ផងដែរ។
 
បញ្ហាទី២ គឺ​សំណុំ​រឿង​តុលាការ​ខ្មែរក្រហម។ ថ្វីត្បិត​តែ​ជា​ការឆ្លើយ​តប​ទៅ​សំណួរ​របស់​អ្នក​កាសែត ក៏ប៉ុន្តែ​វា​ក៏​ជា​ចម្លើយ​ឆ្ពោះ​ទៅ​មតិ​រិះគន់​មួយចំនួន​ផងដែរ ដែល​ព្រួយបារម្ភ​ថា ​រដ្ឋាភិបាល​បាន​ចូល​ជ្រៀតជ្រែក​នៅក្នុង​កិច្ចការងារ​តុលាការ​ខ្មែរ​ក្រហម តាមរយៈ​ការ​ប្រកាស​មិន​ចង់​ឃើញ​សំណុំ​រឿង០០៣ និង​០០៤​នៅ​ពេល​ខាងមុខ លើស​ពី​សំណុំ​រឿង​០០២​បច្ចុប្បន្ន។ ប្រតិកម្ម​ខ្លី​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅពេល​គឺ អ្នក​ដែល​ចោទ​រដ្ឋាភិបាល​ថា​ជ្រៀតជ្រែក​ក្នុង​ការងារតុលាការ​ខ្មែរ​ក្រហម​នោះ​ហើយ ដែល​ជា​អ្នកជ្រាតជ្រែក​ពិត​ប្រាកដ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ