អានតួអត្ថបទ
កម្ពុជា-ថៃ

លោក​ហ៊ុន សែន៖ តំបន់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន

នៅពេល​ដែល​កម្ពុជា​និង​ថៃ​ត្រូវ​អនុវត្ត​ដីកា​តុលាការ​ឡាអេ​ដោយ​ត្រូវ​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ កម្ពុជា​ក៏​នៅតែ​ប្រុងប្រយ័ត្ន​ជានិច្ច ជា​ពិសេស​ នៅ​ទិស​យោធភូមិភាគ​៤ ​ដែល​មាន​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃ​ពុធ ២០ កក្កដា ២០១១។ ចំពោះ​ការ​ដក​កងទ័ព​វិញ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​បញ្ជាក់​ថា កម្ពុជា​មិន​អាច​ដក​កងទ័ព​មុន​ការ​មកដល់​នៃ​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​នោះ​ឡើយ។

សន្និបាត​គណៈកម្មាធិការ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃទី២០ កក្កដា ២០១១
សន្និបាត​គណៈកម្មាធិការ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃទី២០ កក្កដា ២០១១ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ជា​លើកដំបូង​ អំពី​ស្ថានភាព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ពីរថ្ងៃ​ក្រោយ​ពី​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ចេញ​ដីកា​បញ្ជា​អោយ​កម្ពុជា​និង​ថៃ​ដក​កងទ័ព។ នៅ​ពី​មុខ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ជាន់​ថ្នាក់ ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៣៦ ​ក្នុង​ទីក្រុង​ភ្នំពេញ ​កាល​ពី​ព្រឹកថ្ងៃ​ទី​២០​កក្កដា​នេះ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ហ៊ុន សែន​ បាន​បញ្ជាក់​អោយ​ដឹង​យ៉ាងខ្លី​ថា សភាពការណ៍​ទិស​ភូមិភាគ​៤ ដែល​មាន​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នោះ កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន។ ប្រមុខដឹកនាំ​រដ្ឋាភិបាល​រូបនេះ​មិន​បាន​និយាយ​លម្អិត ​អំពី​ស្ថានភាព​ព្រំដែន​នោះឡើយ។ ប៉ុន្តែ​​ លោក​បាន​​បង្ហើប​អោយដឹង​អំពី​បញ្ហា​ព្រំដែន​នេះ គឺ​ដោយសារ​តែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ស្ថិត​នៅក្នុង​ជួរ​កងទ័ព នៅតាម​អង្គភាព​មួយ​ចំនួន​ដែល​ប្រចាំការ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ​នោះ មិន​អាច​មក​ចូលរួម​ក្នុង​សន្និបាត​បើក​ទូលាយ​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​នៅពេល​នេះ។

នៅក្នុង​សុន្ទរកថា​បើក​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​ កាល​ពី​ព្រឹកមិញ​នេះ លោក​ជា ស៊ីម ប្រធាន​គណបក្ស ​ក៏​មិន​បាន​ភ្លេចរំឭកលើកវិញ​ អំពី​វិបត្តិ​ព្រំដែន​នោះ​ដែរ។ លោក​ជា ស៊ីម​ បញ្ជាក់​ថា ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​បាន​ថ្កោលទោស​ថៃ​ឈ្លានពាន ហើយ​បាន​គាំទ្រ​និង​លើក​ទឹកចិត្ត​កម្លាំង​សមរភូមិមុខ​របស់​កម្ពុជា​ជានិច្ច។

ទាក់ទងនឹង​ការ​ដក​កងទ័ព លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ​ដែល​ទើប​ត្រឡប់​មក​ពី​ស្តាប់​ការប្រកាស​ដីកា​​​តុលាការ​ឡាអេ​នោះ បាន​ថ្លែង​បញ្ជាក់​នៅក្នុង​សន្និសីទកាសែត ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ព្រឹកមិញ​ថា កម្ពុជា​នឹង​មិន​អាច​ដក​កងទ័ព មុនការ​មក​ដល់​នៃ​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​នោះ​ឡើយ។ លោក​បន្ត​ថា លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​រួចហើយ ដោយលោក​បាន​ស្នើទៅ​សមភាគី​ឥណ្ឌូណេស៊ី​ប្រញាប់​រៀបចំ​បញ្ជូន​អ្នក​សង្កេតការណ៍​អោយ​បាន​ឆាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ