អានតួអត្ថបទ
កម្ពុជា-ថៃ

តំបន់​គ្មាន​កងទ័ព​នៅ​ព្រះវិហារ៖ តើ​ខាងណា​ត្រូវ​ធ្វើអ្វី​មុន ដើម្បី​ចាប់ផ្តើម​ដក​កងទ័ព?

ថ្វីដ្បិត​តែ​កម្ពុជា និង​ថៃ សុទ្ធតែ​បាន​ប្រកាស​ទទួល​យក​ដីកា​​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ក៏ប៉ុន្តែ ភាគី​ទាំងពីរ​នៅមិនទាន់​យល់ស្រប​គ្នា​នៅឡើយទេ អំពី​លក្ខខណ្ឌ​នៃ​ការ​អនុវត្ត​សេចក្តី​សម្រេច​នេះ។ ថៃ​ទាមទារ​ឲ្យ​មាន​ការ​ចរចា​ជាមួយ​កម្ពុជា​ជាមុន។ កម្ពុជា​ទាមទារ​ឲ្យ​មាន​អ្នក​សង្កេតការណ៍​មក​ព្រំដែន​ជាមុន។ តើ​ខាងណា​គួរ​ធ្វើ​អ្វី​មុន ដើម្បី​ចាប់ផ្តើម​ដកកងទ័ព​បាន?

អនុព័ន្ធយោធា​បរទេស​​​ទៅ​មើល​ប្រាសាទ​ព្រះវិហារ កាលពីថ្ងៃ​ទី៣ មីនា ២០១១ (រូបថត​ឯកសារ)
អនុព័ន្ធយោធា​បរទេស​​​ទៅ​មើល​ប្រាសាទ​ព្រះវិហារ កាលពីថ្ងៃ​ទី៣ មីនា ២០១១ (រូបថត​ឯកសារ) ©ដឺលុច/RFI
ផ្សាយពាណិជ្ជកម្ម

ការបង្កើត​តំបន់​គ្មាន​កងទ័ព ទំនង​ជា​មធ្យោបាយ​ល្អ​មួយ​ ដែល​អាច​បញ្ចៀស​ការ​ប៉ះទង្គិច​ដោយ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ។ ក៏ប៉ុន្តែ ការអនុវត្ត​នៅលើ​ដីជាក់ស្តែង គឺ​ជា​រឿង​​ស្មុគស្មាញ។

ការណ៍​ដែល​ថៃ​ទាមទារ​ជួប​ចរចា​ជាមួយ​កម្ពុជា មុននឹង​ដក​កងទ័ព មិនមែន​ជា​រឿង​មិនសមហេតុផល​នោះទេ ប្រសិន​បើ​ការចរចា​នោះ ធ្វើ​ឡើង​តែ​ទៅលើ​​លក្ខខណ្ឌ​នៃ​ការ​ដកទ័ព ហើយ​មិនមែន​ជា​លេស​ដើម្បី​ពន្យារពេល។ តើ​តំបន់​គ្មាន​កងទ័ព​មានទីតាំង​នៅ​ត្រង់ណា​ពិតប្រាកដ លើ​ដីជាក់ស្តែង? តើ​ភាគី​ទាំងពីរ​នឹង​ចាប់ផ្តើម​ដកកងទ័ព​នៅ​ថ្ងៃណា? ទាំងនេះ​សុទ្ធសឹង​ជា​ចំណុច​ដែល​ភាគី​ទាំងពីរ​អាច​ជជែក​គ្នា​បាន។

ការណ៍​ដែល​កម្ពុជា​ទាមទារ​ឲ្យ​មាន​អ្នក​សង្កេតការណ៍​មក​ដល់​ព្រំដែន​ជាមុន ទើប​ចាប់ផ្តើម​ដក​កងទ័ព​ ក៏​ជា​រឿង​សមហេតុផល​មួយដែរ ពីព្រោះ​អ្នក​សង្កេតការណ៍​ឯករាជ​នេះ អាច​នឹង​ជួយ​ធ្វើ​ជា​សាក្សី​ថា ភាគី​ទាំងពីរ​ពិត​ជា​ដក​ទ័ព​ទាំងអស់​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​មែន។

ក្នុងករណីនេះ សំណួរ​អាច​នឹង​ចោទឡើង​ថា តើ​ត្រូវ​ជួប​ចរចា​គ្នា​មុន ទើប​ឲ្យ​អ្នកសង្កេតការណ៍​មក​ព្រំដែន ឬ​ត្រូវ​រង់ចាំ​អ្នកសង្កេតការណ៍​មក​ដល់​ព្រំដែន​ជាមុន ទើប​ចាប់ផ្តើម​ជួបចរចា​គ្នា?

ដំណោះស្រាយ​ជា​កញ្ចប់​ ​ដែល​បាន​ស្នើ​ឡើង​ដោយ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី ក្នុង​កិច្ចប្រជុំ​ត្រីភាគី​កម្ពុជា-ថៃ-ឥណ្ឌូណេស៊ី នៅទីក្រុង​ហ្សាការតា កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ២០១១ អាច​ជា​យន្តការ​ដ៏ល្អ​មួយ ដែល​ភាគី​ទាំងពីរ​គួរតែ​អាច​ទទួល​យក​បាន ក្នុង​ការ​​អនុវត្ត​​ដីកា​របស់​តុលាការ​ក្រុងឡាអេ។ ប្រសិន​បើ​គេ​ប្រើ​ដំណោះស្រាយ​ជា​កញ្ចប់​នេះ ការ​បញ្ជូន​អ្នកសង្កេតការណ៍​ព្រំដែន​ និង​ការចរចា អាច​ ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដំណាល​គ្នា។ នៅពេល​ដែល​ភាគី​ទាំងពីរ​ព្រមព្រៀង​គ្នា ហើយ​ចាប់ផ្តើម​ដកកងទ័ព​ អ្នកសង្កេតការណ៍​​ក៏​ត្រូវ​បាន​ដាក់ពង្រាយ​រួចជាស្រេច ​​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព ដើម្បី​ត្រួតពិនិត្យ​ការ​ដកកងទ័ព​នេះ។

ដើម្បី​អនុវត្ត​ដំណោះស្រាយ​នេះ ចំណុច​ចាប់ផ្តើម ​ គឺ​រដ្ឋាភិបាល​​កម្ពុជា និង​ថៃ ត្រូវ​ចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​ទទួល​យក​យន្តការនេះ​ជាមុនសិន។ កន្លងមក កម្ពុជា​ធ្លាប់​បានប្រកាស​រួចហើយ​ថា ខ្លួន​រង់ចាំ​តែ​រដ្ឋាភិបាល​ថៃ​ប៉ុណ្ណោះ ក្នុង​ការ​ចុះហត្ថលេខា​ទទួល​យក​ដំណោះស្រាយ​ជា​កញ្ចប់​នេះ។ ដូច្នេះ ឧបសគ្គ​ស្ថិត​នៅ​ខាង​ភាគី​ថៃ។ បញ្ហា​ដែល​ចោទ គឺ​នៅពេលនេះ ថៃ​មិនទាន់​មាន​រដ្ឋាភិបាល​ពិតប្រាកដ​នៅឡើយ។ រដ្ឋាភិបាល​របស់​លោក​អាភិស៊ីត​គ្រាន់តែ​ជា​រដ្ឋាភិបាល​ចាំផ្ទះ​ប៉ុណ្ណោះ។ ចំណែក​ គណបក្ស​ភឿថៃ​ដែល​ឈ្នះ​ឆ្នោត ក៏​នៅមិនទាន់​អាច​បង្កើត​រដ្ឋាភិបាល​បាន​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ