អានតួអត្ថបទ
ភូមា

រដ្ឋាភិបាល​ភូមា និង​ក្រុមបះបោរ​មួយ​ក្រុមធំ​យល់ព្រម​បញ្ឈប់​ការ​បាញ់គ្នា

បើ​យោងតាម​ការផ្សព្វផ្សាយ​របស់ប្រព័ន្ធ​ពត៌មាន​ជាផ្លូវការ​នៅក្នុងស្រុក នៅ​ថ្ងៃអាទិត្យ​នេះ កិច្ចព្រមព្រៀង​ឈប់បាញ់​​ជាផ្លូវការ​មួយ ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ សុក្រ​២ ធ្នូ រវាង​ក្រុមប្រដាប់​អាវុធ​ដ៏សំខាន់​របស់​ជនជាតិ​ភាគតិច​មួយក្រុម​ធំ ដែលបាន​ធ្វើការ​ប្រយុទ្ធ​តស៊ូ​ដើម្បី​ស្វ័យភាព​របស់​ខ្លួន​ជាច្រើន​ទសវត្ស​មកហើយ​ និង​អាជ្ញាធរ​តំបន់ សានស៊ូដ ភាគ​ឦសាន នៃ​ប្រទេស។

លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក និងលោក ថេន សេន ប្រធានាធិបតី​ភូមា​​​កាល​ពី​ថ្ងៃ ០១​ធ្នូ​​ នៅ​ទីក្រុង Naypyidaw
លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក និងលោក ថេន សេន ប្រធានាធិបតី​ភូមា​​​កាល​ពី​ថ្ងៃ ០១​ធ្នូ​​ នៅ​ទីក្រុង Naypyidaw REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

វា​ជា​កិច្ចព្រមព្រៀង ដែលបាន​ធ្វើឡើង​ក្រោមគំនិត​ផ្តូចផ្តើម​របស់​ រដ្ឋាភិបាល​ភូមា ក្នុងន័យ​ស្វែង​រក​ការផ្សះផ្សាដោយ​សន្តិវិធី​មួយ នេះបើ​តាម​ការអះអាង​បន្ថែម​របស់កាសែត​ជា​ភាសាអង់គ្លេស New Light of Myanmar ។ សំរាប់​អ្នកសង្កេតការណ៍មួយចំនួន​ វាជាសញ្ញានៃនយោបាយ​បើកចំហ​នៃ​​របប “ស៊ីវិលថ្មី”​ មួយ ​អោយ​ក្រុមប្រឆាំង​របស់​ខ្លួន។

គួរ​បញ្ជាក់ថា ចាប់តាំង​ពីទទួល​បានឯករាជ្យ​នៅឆ្នាំ ១៩៤៨ មក ក្រុម​ជនជាតិ​ភាគតិច​ជាច្រើន ដែល​តំណាង​អោយ​មួយ​ភាគបី នៃ​ប្រជាជន​ទូទាំង​ប្រទេស មិនធ្លាប់​មានទំនាក់ទំនង​ល្អ​ជាមួយ​អ្នកកាន់​អំណាច​នោះ​ទេ។ សង្រ្គាម​ស៊ីវិល​រវាង​ពួកគេ​បានអូស​បន្លាយ​ចាប់តាំង​ពីពេលនោះ​មក។

ទើប​តែថ្មីៗ​នេះទេ ដែល​រដ្ឋាភិបាល​ថ្មី​ភូមា មាន​ឈ្មោះ​ថា ស៊ីវិល ក៏​ប៉ុន្តែ​នៅតែ​គ្រប់គ្រង​ដោយ​យោធា​ដដែល​នោះ បាន​សំរេច​បញ្ជូន​រដ្ឋមន្រ្តី​ម្នាក់​របស់ខ្លូន​កាល​ពី​ខែមុន អោយ​ទៅជួប​ចរចា​ជាមួយ​ក្រុមបះបោរ។ ហើយ​គេមើល​ឃើញ​ថា​ ចាប់​តាំង​ពី​របប​សឹក​ផ្តាច់ការ​រលាយ​រូបរាង​បាត់ទៅ នៅ​ខែ​មីនា រដ្ឋាភិបាល​ភូមា​ថ្មី បាន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​ជា​បន្តបន្ទាប់។​

កន្លង​ទៅថ្មី​ៗ​នេះ លោក​ ថេន សេន​ ប្រធានាធិបតី​ប្រទេស​នេះ ក៏បាន​ចុះហត្ថលេខា​យល់ព្រម​លើច្បាប់​មួយ ដែល​អនុញ្ញាតអោយ​ប្រជាជន​ធ្វើ​បាតុកម្ម។​ ច្បាប់​ដែលតម្រូវ​អោយរាយការណ៍​ជូន​អាជ្ញាធរ​៥​ថ្ងៃមុន បាតុកម្ម​នេះ ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ខែមុន។ នៅពេល​មិនទាន់​មាន​ច្បាប់​អនុញ្ញាត ការដង្ហែ​ក្បួន​បាតុកម្ម​មាន​តិចតួច​ណាស់ កន្លង​មក ។ មហា​បាតុកម្ម​ចុងក្រោយ​ដែល​ត្រូវបាន​បង្រ្កាប​យ៉ាងឃោរឃៅ​ដោយ​ក្រុម​យោធា គឺ​ការក្រោកតវ៉ា​របស់​ព្រះសង្ឈ នៅ​ឆ្នាំ​២០០៧។

ការ​ដោះលែង​មេដឹកនាំបក្ស​ប្រឆាំង លោកស្រី អ៊ុង សានសូជី ពីការ​ឃុំឃាំង​នៅក្នុង​គេហដ្ឋាន​របស់​ខ្លូន និងការអនុញ្ញាត​អោយគាត់​បាន​វិលចូល​ទៅក្នុង​ឆាកនយោបាយ​វិញ ក៏​ជា​សញ្ញា​វិជ្ជមាន​មួយដែរ។ ក៏ប៉ុនែ្ត​បើ​ទោះបីជា លោកស្រី ហ៊ីលឡារី គ្លីនតុន​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បានអបអរសាទរ​ចំពោះ​កំណែទម្រង់​​ទាំងនេះ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជាប្រវត្តិសាស្រ្ត​របស់គាត់​នៅភូមា នៅសប្តាហ៍​នេះ​ក៏ដោយ ក៏​សំរាប់​គាត់ វាមិនទាន់​គ្រប់គ្រាន់​ក្នុងការ​ដកចេញ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​មួយនេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ