អានតួអត្ថបទ
កម្ពុជា

ថៃ​ព្រម​បើក​ច្រក​អានសេះ​វិញ ទាហាន​ថ្មើរ​ជើង​កម្ពុជា​ធ្វើ​សមយុទ្ធ

នៅ​រសៀល​ថ្ងៃ​ពុធ​នេះ យោធាថៃ​បាន​បើក​ច្រក​អានសេះ​នៅ​ខាងកើតប្រាសាទ​ព្រះវិហារ​វិញហើយ បន្ទាប់​ពី​ពួកគេ​បាន​សម្រេច​បិទ​ច្រកនេះ​ជា​ឯកតោកាល​ពី​ថ្ងៃ​ម្សិលមិញ។​ការ​បើកច្រក​​ធ្វើ​ឡើង​ក្រោយ​ការ​សម្របសម្រួលគ្នា​រវាង​​អាជ្ញាធរកម្ពុជា និង​ថៃ។ នេះ​ជាព្រឹត្តិការណ៍​តានតឹង​​ដ៏កម្រ​មួយ​នៅ​តំបន់ព្រំដែន ខណៈរដ្ឋាភិបាល​កម្ពុជា​​ និង​រដ្ឋាភិបាលថៃ​របស់​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់​បាន​ព្យាយាម​ធ្វើ​អោយ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់យ៉ាងយូរ​នោះ។

ប្រាសាទ​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ ©បូណា
ផ្សាយពាណិជ្ជកម្ម

សមត្ថកិច្ច​ព្រំដែន​ថៃ​បាន​យល់​ព្រម​បើក​ច្រក​អានសេះ​ក្នុង​ខេត្ត​ព្រះវិហារ​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ពុធ​ទី​២៦​ធ្នូ​នេះ ក្រោយ​ការ​ចរចារ​រវាង​អាជ្ញាធរ​កម្ពុជា និង​ថៃ​នោះ។ យោងតាម​សារព័ត៌មាន​ក្នុង​ស្រុក ភាគី​ថៃ​ដែល​​មិន​សប្បាយ​ចិត្ត​នឹង​សមត្ថកិច្ច​កម្ពុជា​​ដែល​លើកស្លាកទីស្នាក់ការ​មួយ ដែល​អាជ្ញាធរ​កម្ពុជា​អះអាងថា​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​ក៏ដោយនោះ បាន​បិទ​ច្រក​អានសេះ​នេះ ជា​ឯកតោភាគី​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ច្រក​អានសេះស្ថិតនៅ​ចំងាយ​ប្រមាណ​៤០​គីឡូម៉ែតខាងកើត​ប្រសាទ​ព្រះវិហារ។

វិទ្យុ​បារាំង​អន្តរជាតិ​មិន​អាចទាក់ទង​លោកគ្រួច សម្បត្តិ​ដែល​ជាប្រធានច្រកអាន សេះ​ដើម្បី​បញ្ជាក់អំពី​ស្ថានភាពទូទៅ​នៅ​ច្រក​ព្រំដែន​អានសេះនោះទេ។ ប៉ុន្តែ​យោងតាម​ប្រភពព័ត៌មាន​របស់​គេហទំព័រ CEN សមត្ថកិច្ច​ព្រំដែន​ថៃ​បាន​អះអាង​ថា ទីកន្លែង​ដែល​ភាគី​កម្ពុជា​លើ​ស្លាក​ស្នាក់ការ​មួយ​នោះ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ជម្លោះ។ តែ​ថា អាជ្ញាធរ​កម្ពុជា​បញ្ជាក់ច្បាស់ថា ទីតាំង​ស្នាក់ការ​នោះគឺ​ស្ថិត​នៅ​ក្នុ​ងទឹកដី​កម្ពុជា​យ៉ាងពិតប្រាកដ។

នេះ​គឺ​ជា​ឧប្បតិហេតុ​ដ៏កម្រមួយ​ដែល​កើតមាន​នៅ​តំបន់​ព្រំដែន បន្ទាប់​ពីភាគី​ទាំងពីរ​បាន​រក្សាភាព​ស្ងប់ស្ងាត់​យ៉ាងយូរ​។ ពិសេសក្រោយ​ប្រទេសថៃ​ស្ថិត​នៅក្រោម​ការ​ដឹកនាំរបស់​លោកស្រី​​នាយករដ្ឋមន្ត្រី​យីងឡាក់ ស៊ីណាវ៉ាត់ ដែល​ជា​ប្អូនស្រី​របស់​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់។

បើទោះជា​ស្ថានភាព​ស្ងប់ស្ងាត់​ល្អ​ក៏ដោយ ក៏ប៉ុន្តែ​ការ​ហ្វឹកហាត់ពង្រឹង​សមត្ថភាព​យោធា​កម្ពុជា​ដើម្បី ការពារបូរណភាពទឹកដី​នោះ មិន​បាន​អាក់ខានឡើយ។ កាលពីថ្ងៃ​អង្គារម្សិលមិញ​លោក​នាយ​ឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ​បានទស្សនកិច្ច​ការ​ធ្វើ​លំហាត់​យុទ្ធដំណើរ​របស់អង្គភាពកងពលតូចអន្តរាគមន៏លេខ៤ លេខ៥ និង កងពលតូច​លេខ​៤២។ នៅ​ចំពោះ​មុខ​យោធា​កម្ពុជា លោក​គន់ គីម​នៅ​តែ​បញ្ជាក់​ឡើង​វិញ​អោយ​ពួកគេ​ចងចាំ និង​គោរព​បទបញ្ជា​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​មិន​ចង់ឃើញ​កម្ពុជា​បាត់បង់​ដី​មួយ​មីល្លីម៉ែត្រ​ឡើយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ