អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​និង​ថៃ​បន្ត​ជជែក​អំពី​ការ​ដកទ័ព​នៅ​ព្រំដែន​ព្រះវិហារ

ក្រុម​ការងារ​ចម្រុះ​ភាគី​កម្ពុជា​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​នេះ ​ដើម្បី​បន្ត​ជជែក​អំពី​ការ​ដក​កងទ័ព​ចេញ​ពី​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ ក្រុម​ការងារ​នេះ​ដឹក​នាំ​ដោយ​លោក​នាង ផាត រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​។ លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែននៅ​ថ្ងៃ​នេះ​ក៏​បាន​ថ្លែង​អោយ​តម្លៃចំពោះ​សន្តិភាព​នៅ​តាម​តំបន់​ព្រំដែន​ផងដែរ ដើម្បី​ការ​អភិវឌ្ឍ និងវិបុល​ភាព​របស់​ពលរដ្ឋ​ដែល​រស់នៅ​តាម​ព្រំដែននោះ។

ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា
ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា RFI/Delux Leang
ផ្សាយពាណិជ្ជកម្ម

ក្រុម​ការងារ​ចម្រុះ​កម្ពុជា​ថៃ​បាន​ផ្តើម​ជួប​គ្នា​លើ​កទី​៣​នៅ​ថ្ងៃ​នេះ​ នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​បន្ត​ជជែក​អំពី​ផែនការ​ដក​កងទ័ព​បណ្តោះ​អាសន្ន​ចេញ​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះ​វិហារ។ ក្រុម​ការងារ​ភាគី​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​នាយឧត្តមសេនីយ៍ ​នាង ផាត​បាន​ចាក​ចេញ​ពី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៧​​ធ្នូ​នេះហើយ​ ដើម្បី​ចូលរួម​ក្នុង​ការ​កិច្ច​ប្រជុំ​រយៈ​ពេល​២​ថ្ងៃ​នោះ។

ការ​ងារ​ដោះមីន និង​ការ​ជជែក​អំពី​យន្តការ​នៃ​ការ​អញ្ជើញ​អ្នក​សង្កេតការណ៍​អោយ​ត្រួត​ពិនិត្យ​តំបន់​ដែល​ត្រូវ​ដក​កងទ័ព​បណ្តោះអាសន្ន​​នោះ គឺ​ជារបៀបវារៈ​សំខាន់​នៃ​កិច្ច​ប្រជុំ​លើកទី​៣​នៃ​ក្រុម​ការងារចម្រុះ​កម្ពុជា​ថៃ​នេះ។ នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​លោក​នាង ផាត​នៅ​ក្នុង​សន្និសីទ​កាសែត ​នៅ​ឯ​អាកាសយាន្ត​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុនលោក​ដឹកនាំ​ប្រតិភូ​ចាកចេញ​ពី​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

លោក​នាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​ត្រូវ​ជជែក​ព្រមព្រៀងគ្នា​ក្នុង​ការ​ដោះមីន​នៅ​ក្នុង​តំបន់​អាទិភាព​ដែល​ត្រូវ​ដកកងទ័ព​បណ្តោះអាសន្ន​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​តែ​ប៉ុណ្ណោះ។ គឺ​មិន​មែន​ជា​ការ​ដោះមីន​នៅ​គ្រប់​កន្លែង​តាម​ព្រំដែន​នៅ​ឡើយ​ទេ។

ការ​ជជែក​ជា​ទ្វេភាគី​អំពី​ការ​កែ​សម្រួល​កងទ័ព​ចេញ​ពី​តំបន់​ព្រំដែនប្រាសាទព្រះវិហារ​រវាង​ក្រសួង​ការពារជាតិ​ទាំងពីរ​បាន​ស៊ីពេល​យ៉ាងយូរ និង​ទៅ​មុខ​យ៉ាងយឺត​បំផុត តាម​នីតិវិធី​នោះ។ ប៉ុន្តែ ពេល​ខ្លះ​ការ​ដក​កងទ័ព​ដែល​ធ្វើ​ឡើង​តាម​ឆន្ទៈនោះ វា​បាន​ប្រព្រឹត្តទៅយ៉ាងងាយ និង​លឿន​បំផុត​ទៅវិញ។ ឧទាហរណ៍​ដូចជា​នៅ​ពាក់​កណ្តាល​ខែ​កក្កដា​ នៅ​ពេល​កម្ពុជា​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កម្ពុជា​បាន​ប្រកាស​ជា​ឯកតោ​ភាគី​កែ​សម្រួល​កងទ័ព​របស់​ខ្លួន​ចំនួន​៤៨៦​នាក់​ចេញពី​តំបន់​ប្រសាទ​ព្រះវិហារ។

ប៉ុន្តែ ទោះយ៉ាងណា​ក៏ដោយ លោក​នាង ផាត​ ដែល​ជា​ប្រធាន​ក្រុម​ការងារ​ចម្រុះ​ បាន​ពន្យល់​ថា ការ​ជួប​គ្នា​​រវាង​ក្រុម​ការងារ​កម្ពុជាថៃ​ស្តី​ពី​ការអនុវត្ត​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​គឺ​ជា​សញ្ញាល្អមួយ​ដែល​បង្ហាញ​អំពី​សុឆន្ទៈ​នៃ​រដ្ឋាភិបាល​ជិតខាង​ទាំង​ពីរ កម្ពុជា​ថៃ ក្នុងការ​ជំរុញ និង​លើក​ស្ទួយ​ព្រំដែន​សន្តិភាព។

ទាក់ទង​នឹង​ប្រធានបទ​ព្រំដែនសន្តិភាព​នេះ លោក​នាយករដ្ឋមន្ត្រី​ដែល​បាន​ទៅសម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តកោះកុង​ក្បែ​រព្រំដែនដែន​ថៃ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក៏​បាន​ថ្លែង​ផ្តល់​សារៈសំខាន់​ចំពោះ​ព្រំដែន​សន្តិភាពនេះ​ផងដែរ។ ចំពោះ​លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ព្រំដែន​សន្តិភាព​នេះ​ហើយ ដែល​បង្កើត​អោយ​មាន​វិបុល​ភាព​ចំពោះ​ជីវភាព​ប្រជាជន​ទាំងពីរ ហើយ​បាន​ទាក់ទាញ​វិនិយោគិន​បរទេស​អោយ​មក​បោះទុន​នៅ​ទីនោះ​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ