អានតួអត្ថបទ
កម្ពុជា​-ថៃ

អន្តរជាតិ​ថ្កោលទោស​ថៃ​អំពី​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម

មន្ត្រី​តំណាង​រដ្ឋាភិបាល​ថៃ​បាន​សារភាព​នៅក្នុង​កិច្ចប្រជុំ​មួយ​នា​ទីក្រុង​ហ្សឺណែវ​ថា ទាហាន​ថៃ​ពិតជា​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​មែន ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​នឹង​ទាហាន​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​កាលដើម​ខែ​កុម្ភៈ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នោះ។ មិន​ថា​ថៃ​និយាយ​ការពារ​ខ្លួន​យ៉ាង​ណា​នោះ​ទេ សម្ព័ន្ធ​អ្នក​ប្រឆាំង​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​បាន​ថ្កោលទោស​យោធា​ថៃ​យ៉ាងខ្លាំង។

©RFI-ដឺលុច
ផ្សាយពាណិជ្ជកម្ម
02:08

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

សម្ព័ន្ធអ្នក​ប្រឆាំង​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ប្រទេស​ថៃ​ដែល​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​នៅក្នុង​ការ​ប៉ះទង្គិច​ដោយ​អាវុធ​ជាមួយ​កងទ័ព​កម្ពុជា កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ។ សេចក្តី​បន្ទោស​ជា​សាធារណៈ តាមរយៈ​សេចក្តី​ថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើ​ឡើង ដោយ​ក្រុម​សម្ព័ន្ធ​ប្រឆាំង​គ្រាប់បែក​ចង្គោម​CMC (Cluster Munition Coalition) ពី​ទីក្រុង​ហ្សឺណែវ បន្ទាប់​ពី​អគ្គរាជទូត​ថៃ​ប្រចាំ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​បាន​សារភាព នៅក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី​៥​មេសា​ថា ទាហាន​ថៃ​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ដោយ​គោលការណ៍​ចាំបាច់​នៅក្នុង​ទិសដៅ​ការពារ​ខ្លួន។

            សេចក្តីថ្លែងការណ៍​របស់​ក្រុមសម្ព័ន្ធ​អ្នកប្រឆាំង​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​បាន​សរសេរ​ថា បើទោះជា​ប្រទេស​ថៃ​មិនទាន់​ជា​សមាជិក​នៃ​អនុសញ្ញា​ប្រឆាំង​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម​ក៏​ដោយ ប៉ុន្តែ​វា​គឺ​ជា​ការគួរ​អោយ​ព្រួយបារម្ភ នៅពេល​ដែល​ប្រទេស​ថៃ​នៅ​តែ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម ដែល​សហគម​អន្តរជាតិ​បាន​ចូលរួម​ហាម​ប្រាម​ហើយ​នោះ។

            CMC​បាន​ថ្លែង​ថា នេះ​គឺ​ជា​លើក​ដំបូង​ហើយ ដែល​មាន​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម​នៅក្នុង​ពិភពលោក តាំងពី​អនុសញ្ញា​ស្តី​ពី​ការ​ប្រឆាំង​ការប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ចូលជា​ធរមាន​នៅឆ្នាំ​២០០៨។ ទន្ទឹមគ្នា​នេះ CMC​បាន​ជំរុញ​អោយ​កម្ពុជា និង​ថៃ​ប្តេជ្ញា​ជា​បន្ទាន់​ថា​នឹង​មិន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ទៅ​ថ្ងៃ​អនាគត ហើយ​យល់ព្រម​រៀបចំ​ខ្លួន​ចូលជា​សមាជិក​នៃ​អនុសញ្ញា​ស្តី​ពី​ការ​ប្រឆាំង​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម។

            គួរបញ្ជាក់ថា រដ្ឋាភិបាល​រាជធានី​បាងកក​មិនអាច​ឆ្លើយ​អ្វី​ផ្ទុយ​ពី​ការ​រកឃើញ​របស់​ក្រុម​សម្ព័ន្ធ​អ្នក​ប្រឆាំង​គ្រាប់បែក​ចង្កោម​នោះទេ។ ពោល​គឺ ក្រោយ​ពី​ការ​ផ្ទុះអាវុធ​ដាក់គ្នា​រវាង​កងទ័ព​ទាំងពីរ​កាល​ពី​ដើម​ខែ​កុម្ភៈ​នោះ ភ្នាក់ងារ​របស់​CMC​បាន​ចុះ​ស៊ើប​អង្កេត​ផ្ទាល់​នៅ​ក្នុង​សមភូមិ​ចំនួន​២​ដង នៅ​ក្នុង​ខែ​កុម្ភៈ និង​ខែ​មេសា​នេះ ហើយ​បាន​រក​ឃើញ​ភស្តុតាង​នៃ​គ្រាប់បែក​ចង្កោម​ដែល​មិន​ទាន់​ផ្ទុះ​ច្រើន​ប្រភេទ។ សម្ព័ន្ធ​អ្នក​ប្រឆាំង​គ្រាប់បែក​ចង្កោម​បាន​អំពាវនាវ​ផង​ដែរ អោយ​ប្រទេស​ថៃ​ផ្តល់​ព័ត៌មាន​បន្ថែម​មក​ខាង​កម្ពុជា ដើម្បី​ជា​ជំនួយ​ក្នុង​ប្រតិបត្តិការ​សម្អាត​តំបន់​ជាច្រើន​នៅ​លើ​ទឹកដី​កម្ពុជា​ដែល​ទទួល​រង​ការបាញ់​គ្រាប់បែក​ចង្កោម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ