អានតួអត្ថបទ
កម្ពុជា​-ថៃ

ការ​ផ្ទុះ​អាវុធ​ដោយ​កាំភ្លើង​ធំ​ នៅព្រំដែន​​តំបន់​ព្រះ​វិហារ

ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​បាន​ចាប់​ផ្តើម​ឡើង​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​ រសៀល​ថ្ងៃ​ទី​៤​កុម្ភៈ​នេះ​នៅ​ឯ​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ជា​ចំណុច​ក្តៅ ​មួយ​ក្នុង​សមរភូមិ​ជួរ​មុខ​នៃ​ប្រទេស​ទាំង​ពីរ។ ការ​ផ្ទុះ​អាវុធ​នេះ​បាន​កើត​ឡើង​ជួន​ចំ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​ កម្ពុជា​និង​ថៃ​បាន​ជួប​គ្នា​នៅ​ថ្ងៃ​នេះ​នៅ​ខេត្ត​សៀមរាប​ដើម្បី​ចូល​រួម​ កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​ថៃ​លើក​ទី៧។​ កិច្ច​ប្រជុំ​មិន​បាន​ពិភាក្សា​​ដោះស្រាយ​អំពី​ភាព​តានតឹង​នៅ​តាម​ព្រំដែន​ ទេ។ បន្ទាប់​ពី​ការ​ផ្ទុះ​អាវុធ​ជាង​២​ម៉ោង​ ស្ថានការណ៍​ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ដោយសារ​ភាគី​ថៃ​សុំ​ចរចា។

ទាហានខ្មែរ​ការពារ​ប្រាសាទ​ព្រះវិហារ
ទាហានខ្មែរ​ការពារ​ប្រាសាទ​ព្រះវិហារ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
05:06

​​ព័ត៌មាន​លម្អិតតាម​ទូរស័ព្ទ​ រាយការណ៍​ពីទីក្រុង​ភ្នំពេញ​

អាវុធ​ចាប់ផ្តើម​ផ្ទុះ​នៅ​តំបន់​សំបុក​ឃ្មុំ​ក្នុង​តំបន់​ព្រះវិហារ​កាលពី​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​៤​កុម្ភៈ​នេះ។ ប្រភព​ពី​ព្រះវិហារ​ឱ្យ​ដឹង​ថា​ការ​ផ្ទុះ​អាវុធ​ឆ្លើយឆ្លង​គ្នា​មាន​ទាំង​អាវុធ​ធុន​តូច​ និង​ធុន​ធំ​ដែល​ធ្វើឱ្យ​មាន​ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់​ពេញ​ផ្ទៃ​មេឃ។

ការផ្ទុះអាវុធ​បណ្តាល​មក​ពី​ភាគី​ថៃ​ជា​អ្នក​បង្ក​ដោយ​ពួកគេ​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ​ចូល​មក​តំបន់​សំបុក​ឃ្មុំ និង​ភ្នំទ្រព្យ​តាំងពី​ព្រឹក​ថ្ងៃ​ទី​៤​កុម្ភៈ​នេះ​ហើយ​ភាគី​កម្ពុជា​ក៏​បាន​ព្យាយាម​រារាំង​ម្តង​ហើយ​ម្តង​ទៀត​តែ​ពួកគេ​មិន​ស្តាប់​នៅតែ​បន្ត​ឈូស​ចូល​ក្នុង​ទឹកដី​ខ្មែរ​ដដែល។ នៅទីបំផុត កងទ័ព​កម្ពុជា​បាន​គូស​ខ្សែ​បន្ទាត់​ប្រាប់​ទាហាន​ថៃ​ថា ​ប្រសិន​បើ​ពួកគេ​ចូល​ យើង​នឹង​ប្រើ​សិទ្ធិ​ការពារ​ខ្លួន។ យ៉ាងណា​ក៏ដោយ ​ក៏​ទាហាន​ថៃ​នៅ​តែ​បន្ត​រុល​ចូល​រហូត​ដល់​មាន​ការ​បាញ់​គំរាម​គ្នា​ទៅ​វិញ​ទៅ​មក​ផង ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ប្រើប្រាស់​សិទ្ធិ​ការពារ​ទឹកដី​របស់​ខ្លួន។

នៅ​ចុង​ក្រោយ​នេះ ​ការ​ផ្ទុះអាវុធ​បាន​ឈាន​ដល់​ការ​ប្រើប្រាស់​កាំភ្លើង​ធំ​ផ្លោង​ដាក់​គ្នា។ ​ថៃ​បាន​ផ្លោង​ដាក់​វត្ត​កែវសិក្ខាគីរីស្វារៈ​ និង​ប្រាសាទ​របស់​ខ្មែរ​ ប៉ុន្តែ​នៅមិន​ទាន់​មាន​សេចក្តី​រាយការណ៍​អំពី​ការ​ខូចខាត​យ៉ាងណា​នៅ​ឡើយ​ទេ។ ​បន្ទាប់​ពី​ការ​ផ្ទុះ​អាវុធ​បាន​ប្រហែល​មួយ​ម៉ោង ​ភាគី​ថៃ​បាន​សុំ​បញ្ឈប់​ការ​បាញ់ គ្នា​ហើយ​សុំ​ចរចា​វិញ​ ប៉ុន្តែ ​ស្នូរ​អាវុធ​នៅ​តែ​បន្ត​ផ្ទុះ​ជា​បន្ត​បន្ទាប់។ ​សភាពការណ៍​បាន​ច្របូក​ច្របល់ យ៉ាង​ខ្លាំង។ ​សេចក្តី​រាយការណ៍​ឱ្យ​ដឹង​ថា​ ជនជាតិ​ថៃ​៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ភាគី​ទាំងពីរ​បាន​ទទួល​របួស​និង​ស្លាប់​មួយ​ចំនួន។

ទី​បំផុត​នៅ​វេលា​ម៉ោង​ ៥​និង​៤៨​នាទី​ ស្នូរ​អាវុធ​បាន​ស្ងប់ស្ងាត់​ទៅវិញ​ ដោយ​ភាគី​ថៃ​បាន​ស្នើ​សុំ​ចរចា ហើយ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សុខចិត្ត​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំងពីរ​ជួប​ចរចា​គ្នា។ ​គេ​នៅ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៃ​ការចរចា​នៅ​ឡើយ​ទេ។ ​យ៉ាងណា​ក៏ដោយ​កម្ពុជា​អះអាង​ថា​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ល្ងាច​ថ្ងៃ​នេះ ​លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​អះអាង ថា​កម្ពុជា​នឹង​សរសេរ​លិខិត​មួយ​នៅ​ល្ងាច​នេះ​ ដើម្បី​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​ អំពី​ចេតនា​បង្កហេតុ​របស់​ថៃ​ក្នុង​ការរំលោភ​បំពាន​ចូល​ក្នុង​ទឹកដី​កម្ពុជា។​ លិខិត​​នេះ​នឹង​ដាក់​ជូន​ក្រុម​ប្រឹក្សា​សន្តិសុខ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​ស្អែក​ទី​៥​កុម្ភៈ។ លោក​ ហោ ណាំហុង ​បាន​បាន​អះអាង​ថា ថៃ​បាន​រំលោភ​ចូល​ទឹកដី​ខ្មែរ​ចម្ងាយ ៥០០ ម៉ែត្រ​ពី​ជណ្តើរ​ទី​១​នៃ​ប្រាសាទ​ព្រះវិហារ។

គួរ​កត់​សម្គាល់​ថា ​ការ​ផ្ទុះ​អាវុធ​នេះ​បាន​កើត​ឡើង​ខណៈដែល​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​និង​ថៃ​បាន​ជួប គ្នា​នៅ​ថ្ងៃនេះ​នៅ​ឯ​សៀមរាប​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​ថៃ​ដែល​បាន​បើក​ប្រជុំ​រយៈពេល​២​ថ្ងៃ​នៅ​ខេត្ត​សៀមរាប។

តុល្យការ​បណ្តោះ​អាសន្ន​ចុងក្រោយ​នៅ​ល្ងាច​ថ្ងៃ​ទី​៤​កុម្ភៈ​ដែល​ទទួល​បាន​ពី​ប្រភព​យោធា មាន​ទាហាន​កម្ពុជា​ម្នាក់​បាន​ស្លាប់ ​និង​៥​នាក់​រង​របួស។ ​ ក្រៅពី​នោះ ​ក៏មាន​ឆេះ​រ៉ឡូ​កិន​ថ្ម ​មួយ​គ្រឿង និង​អេស្កាវ៉ាទ័រ​មួយ​គ្រឿង​របស់​កង​វិស្វកម្ម​ដែល​ធ្វើ​ផ្លូវ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ។ កម្ពុជា​បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ ​BM 21 ​អស់​២០​កញ្ច្រែង។ ​ប្រភព​ដដែល​ឱ្យ​ដឹង​ថា ​ទាហាន​ថៃ​ស្លាប់​៧​នាក់​ក្នុង​នោះ​៤​នាក់​នៅ​ភ្នំ​ទ្រព្យ​ និង​៣​នាក់​នៅ​ក្បែរ​ផ្ទះក្រហម​ និង​រង​របួស​មួយ​ចំនួន​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ