អានតួអត្ថបទ
កម្ពុជា​-ថៃ

អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​ផ្សារ​រុងក្លឿ​មក​កម្ពុជា​វិញ

ពលរដ្ឋ​ខ្មែរ​អាជីវករ​លក់​ដូរ​២២​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ដល់​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​កាល​ពី​រសៀល​ម៉ោង​៣​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ប្រមូល​ និង​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​សាទរ​ការ​ប្រើប្រាស់​វិធានការ​ច្បាប់​របស់​អាជ្ញាធរ​ថៃ​ដែល​ចៀសវាង​ការ​ប្រើប្រាស់​អាវុធ​ដូច​ករណី​មួយ​ចំនួន​មក​លើ​ពលរដ្ឋ​ខ្មែរ។

ច្រក​ចេញ​ចូល​អន្តរជាតិ​នៅ​ប៉ោយប៉ែត ​(ព្រំដែន​​កម្ពុជា​-ថៃ​)
ច្រក​ចេញ​ចូល​អន្តរជាតិ​នៅ​ប៉ោយប៉ែត ​(ព្រំដែន​​កម្ពុជា​-ថៃ​) RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

 

ក្រុម​អាជីវករ​អ្នក​លក់ដូរ​ជនជាតិ​កម្ពុជា​ចំនួន​២២​នាក់​ដែល​ក្នុង​នោះ​មាន​ស្ត្រី​២​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ដោះលែង​អោយ​មាន​សេរីភាព និង​បញ្ជូន​មក​កម្ពុជា​វិញ​ហើយ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​តាំង​ពី​ថ្ងៃ​សៅរ៍​ទី​១០​កញ្ញា។ ពលរដ្ឋ​ខ្មែរ​២២​នាក់​បាន​មក​ដល់​កម្ពុជា​វិញ​តាម​ច្រក​ប៉ោយប៉ែត​កាល​ពី​ម៉ោង​៣​រសៀល​ថ្ងៃ​ចន្ទ​ទី១២​កញ្ញា​នេះ។

កាល​ព្រឹក​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ​អាជ្ញាធរ​បាន​ធ្វើ​ប្រតិបត្តិការ​ប្រមូល​ពលរដ្ឋ​ខ្មែរ​ដែល​ចេញចូល​ប្រកប​របរ​រកស៊ី​នៅ​ផ្សារ​រុងក្លឿ​លើ​ទឹកដី​ថៃ​ហើយ​ដែល​គ្មាន​ក្រដាស​ស្នាម​ស្រប​ច្បាប់។

នៅព្រឹកថ្ងៃសៅរ៍នោះ វេលា​ម៉ោង​១០​ព្រឹក អាជ្ញាធរ​ថៃ​ក៏​បាន​ចាប់​ប្រមូល​ពលរដ្ឋ​ខ្មែរ​ប្រមាណ​២០​នាក់​ដូចគ្នា​ដែល​ភាគច្រើន​គឺ​ជាកុមារ​ ហើយ​បាន​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ​ភា្លម។ នៅ​ម៉ោង​១២​និង​៤០​នាទី ប៉ូលិស​ថៃ​ក៏​ចាប់​ប្រមូល​អាជីវករ​លក់ដូរ​២២​នាក់ផ្សេង​ទៀត​ដែល​ប៉ូលិស​ថៃ​អះអាង​ថា​គ្មាន​លិខិត​អនុញ្ញាត​ឆ្លងកាត់​ព្រំដែន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ​លោក​ កុយ គួង​ បាន​រៀបរាប់​ អោយ​ដឹង​ថា ក្រោយ​ពី​មាន​អន្តរាគមន៍​ពី​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ អាជ្ញាធរ​ថៃ​បាន​សម្រេច​ដោះលែង​ពលរដ្ឋ​ខ្មែរ​ទាំង​២២​នាក់​អោយ​មាន​សេរីភាព​វិញ​នៅថ្ងៃនេះ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ដដែល អត្ថាធិប្បាយ​ថា កម្ពុជា​ចង់​បាន​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​យ៉ាងនេះ​ជាមួយ​អាជ្ញាធរ​ថៃ នៅគ្រប់​ករណី​របស់​ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​យល់ថា​មាន​បញ្ហា​ផ្ទុយ​ពី​ច្បាប់​របស់​ខ្លួន​នោះ។ លោក​កុយ គួង​ កំពុង​ថ្លែង​យោង​ទៅ​ករណី​មុនៗ​ដែល​ទាហាន​ព្រំដែន​ថៃ​បើក​ការ​បាញ់​ប្រហារ​មក​ពលរដ្ឋ​ខ្មែរ​ដែល​ជាទូទៅ​តែង​ឆ្លង​ចូល​ដោយ​អចេតនា​ទៅ​ក្នុង​ទឹកដី​ថៃ នៅពេល​ដែល​ពួកគេ​គ្រាន់​តែ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅតាម​ព្រំដែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ