អានតួអត្ថបទ
កម្ពុជា​-ថៃ

តុលាការថៃ ផ្តន្ទាទោស​បុរស​កម្ពុជា​ម្នាក់ ដាក់​ពន្ធនាគារ ២​ ឆ្នាំ​៣​ខែ ពី​បទ​រួម​ដំណើរ​ជាមួយ​ចារបុរស

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៦​កញ្ញា​នេះ តុលាការ​ខេត្ត​ស៊ីសាកេត របស់​ប្រទេស​ថៃ បាន​សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​លើ​បុរស​កម្ពុជា​ម្នាក់​ឈ្មោះ អ៊ឹង គឹម​ថៃ ពី​បទ​រួម​ដំណើរ​ជាមួយ​ចារបុរស ចូល​ក្នុង​បន្ទាយ​យោធា លើ​ទឹកដី​ថៃ។ ក៏​ប៉ុន្តែ​បុរស​ជាប់ចោទ និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ច្រានចោល​ការចោទ​ប្រកាន់។​

ខេត្ត​ស៊ីសាកេត​ថៃ (ពណ៌​ក្រហម)
ខេត្ត​ស៊ីសាកេត​ថៃ (ពណ៌​ក្រហម) © wikipedia
ផ្សាយពាណិជ្ជកម្ម

ការផ្តន្ទាទោស​បុរសកម្ពុជា​ដូច្នេះ បាន​ធ្វើឡើង បន្ទាប់​ពី​តុលាការ​ថៃ បានបើក​សវនាការ​រយៈពេល ៤៥ នាទី ចាប់ពី​ម៉ោង ១០ ព្រឹក ថ្ងៃទី​៦​កញ្ញា ឆ្នាំ​២០១១។​

 
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​លើកឡើង​ថា តុលាការ​ថៃ​បាន​សម្រេច​ផ្តន្ទាទោស​លោក អ៊ឹង គឹម​ថៃ ពី​បទ​រួម​ដំណើរ​ជាមួយ​ចារ​បុរស​ម្នាក់​ដ៏​សំខាន់ ឈ្មោះ យ៉ា ពៅ ដោយសារតែ​អាជ្ញាធរ​ថៃ​រកឃើញ​នូវ​ផែនទី នៅ​ក្នុង​ឡាន ដែល​លោក អ៊ឹង គឹមថៃ បាន​ធ្វើ​ដំណើរ​ជាមួយ។ ក៏​ប៉ុន្តែ​លោក​អ៊ឹង​គឹមថៃ បាន​បដិសេធ​ចំពោះ​ការចោទ​ប្រកាន់ ហើយ​រដ្ឋាភិបាល​កម្ពុជា មិន​ដែល​បាន​ដឹង ឬ​បាន​ស្គាល់​ឈ្មោះ យ៉ា ពៅ ជា​នរណា​ទេ។​

លោក កុយ គួង បាន​គូសបញ្ជាក់​ថា កន្លងមក រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ហើយ​ថា យើង​គ្មាន​ភាពចាំបាច់​ណា​មួយ ដែល​បញ្ជូន​លោក អ៊ឹង គឹមថៃ ធ្វើ​ជា​ចារបុរស​​នៅលើ​ទឹកដី​ថៃ​នោះទេ។ ចំណែក​លោក អ៊ឹង គឹមថៃ ក៏​បាន​បដិសេធ​ហើយ​បដិសេធ​ទៀត​លើ​រឿងនេះ។

​យ៉ាងណា​ក៏​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ខេត្ត​ស៊ីសាកេត កំពុង​រង់ចាំ​ជួយ​ខាង​ផ្លូវច្បាប់ ដោយ​ជួយ​រក​មេធាវី​ប្តឹង​ឧទ្ធរណ៍ ប្រសិន​បើ​លោក អ៊ឹង គឹមថៃ និង​ក្រុម​គ្រួសារ ដែល​បាន​ចូលរួម​សវនាការ នៅ​ព្រឹក​មិញ សម្រេច​ប្តឹង​តវ៉ា។​

​មាន​អាយុ ៤៦ ឆ្នាំ លោក អ៊ឹង គឹមថៃ ជា​អ្នក​រកស៊ី និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្តាល ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១១ ជាមួយនឹង​បុរស​ថៃ​កាត់​មូស្លីម​ម្នាក់ និង​វៀតណាម​ម្នាក់ទៀត។ ក្រោយ​ការចាប់ខ្លួន​នោះ តុលាការ​ថៃ បាន​បើក​សវនាការ​២​លើក​ជា​បន្តបន្ទាប់ ប៉ុន្តែ​ត្រូវ​លើក​ពេល​ទៅវិញ ដោយសារតែ​គ្មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់។​

​តាម​មន្ត្រី​ការទូត​កម្ពុជា នៅក្នុង​សវនាការ មេធាវី ៤ រូប ដែល​ការពា​រលោក អ៊ឹង គឹមថៃ រួមទាំង​រូប​លោក អ៊ឹង គឹមថៃ បាន​ច្រានចោល​ការចោទប្រកាន់ និង​ចាត់ទុកថា រាល់​ភស្តុតាង​ទាំង​ប៉ុន្មាន សម្រាប់​ដាក់​បន្ទុក​នោះ គឺជា​ការ​ប្រឌិត​របស់​អាជ្ញាធរ​ថៃ ព្រោះ​ថា លោក​អ៊ឹង គឹមថៃ បាន​ឆ្លង​ដែន ចូល​ទឹកដី​ថៃ ដោយ​ស្របច្បាប់ និង​ក្នុងនាម​ជា​អ្នកជំនួញ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ