អានតួអត្ថបទ
កម្ពុជា​-ថៃ

លោក អ៊ឹង គឹមថៃ ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលា​ដំបូង​ថៃ

លោក ​អ៊ឹង គឹមថៃ​ បាន​សម្រេច​ចិត្ត​ប្តឹង​ឧទ្ធរណ៍ ប្រឆាំង​សាលក្រម​សាលា​ដំបូង​ថៃ​ខេត្ត​ស៊ីសាកេត​ ដែល​បាន​ផ្តន្ទាទោស​លោក​ដាក់​ពន្ធនាគារ​២​ឆ្នាំ​៣​ខែ​ ពី​បទ​សង្ស័យ​ធ្វើ​ចារកម្ម​ក្នុង​ទឹកដី​ថៃ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​ កុយ គួង ​បាន​បញ្ជាក់​ថា មេធាវី​របស់​លោក​ អ៊ឹង គឹមថៃ​ នឹង​រៀបចំ​ឯកសារ​បណ្តឹង​នេះ ដាក់​ទៅ​សាលា​ឧទ្ធរណ៍​នៅ​សប្តាហ៍​ក្រោយ។

លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា
លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

លោក​ អ៊ឹង គឹមថៃ​ ដែល​តុលាការ​ថៃ​ផ្តន្ទា​ទោស​អោយ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​៣​ខែ​ ពី​បទ​សង្ស័យ​ធ្វើ​ចារកិច្ច​នោះ បាន​សម្រេច​ប្តឹង​ឧទ្ធរណ៍​ជំទាស់​សាលក្រម​តុលាការ​ដំបូង​ថៃ​ហើយ។

ក្រុម​គ្រួសារ​លោក​ អ៊ឹង គឹមថៃ និង​លោក អ៊ឹង គឹមថៃ​ ខ្លួន​ឯង​ផ្ទាល់​ រួមទាំង​មេធាវី និង​មន្ត្រី​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​បាន​ពិភាក្សា​ អំពី​ការ​ដាក់​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក​ កុយ គួង​ បាន​ប្រាប់​អោយ​ដឹង​ថា ការ​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ទៅ​សាលា​ឧទ្ធរណ៍​នោះ​ប្រហែល​នឹង​អាច​ប្រព្រឹត្ត​ទៅ​នៅ​សប្តាហ៍​ក្រោយ​នេះ។

ប្រភព​ពី​មន្ត្រី​ការបរទេស​ដដែល​បាន​អោយ​ដឹង​ថា បើទោះជា​មាន​ការ​ផ្តន្ទាទោស​ទៅ​លើ​លោក​ អ៊ឹង គឹមថៃ​ យ៉ាង​នេះ​ក៏​ដោយ ក៏​កម្ពុជា​មិន​បាន​យល់​ស្រប​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាកា​ថៃ ហើយ​កម្ពុជា​គ្មាន​ភាព​ចាំបាច់​ណា​មួយ​ត្រូវ​បញ្ជូន​លោក ​អ៊ឹង គឹមថៃ ឬ​ជន​ណា​​ទៅ​ធ្វើ​ចារកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​ឡើយ។

តុលាការ​ថៃ​ខេត្ត​ស៊ីសាកេត​បាន​ផ្តន្ទាទោស​លោក​ អ៊ឹង គឹមថៃ​ កាល​ពី​ថ្ងៃ​ទី​៦​កញ្ញា​ដោយ​ចោទ​ប្រកាន់​លោក​ អ៊ឹង គឹមថៃ​ ពី​បទ​សង្ស័យ​ធ្វើ​ចារកម្ម។ ការ​កាត់ទោស​លោក​ អ៊ឹង គឹមថៃ ​ធ្វើ​ឡើង​ចំ​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថៃ​នៅ​ចិញ្ចឹម​ចិត្ត​មក​ពិភាក្សា​ជាមួយ​កម្ពុជា​ ដើម្បី​ស្វែងរក​ការ​ដោះលែង​ជនជាតិ​ថៃ​ពីរ​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ