អានតួអត្ថបទ
កម្ពុជា

សវនាការ​បឋម​របស់​សាលាក្តី​ខ្មែរក្រហម​​​ចាប់​ផ្តើម​នៅ​​ថ្ងៃ​ចន្ទ​២៧​មិថុនា​២០១១​

មុន​ម៉ោង​៩​ព្រឹក រថយន្ត​សាលាក្តី​ខ្មែរក្រហម​បាន​ដឹក​ជន​ជាប់​ចោទ​ទាំង​៤ ពី​មន្ទីរ​ ឃុំឃាំង-​មក​ដល់​បន្ទប់​សវនាការ។ នួន ជា អៀង សារី អៀង ធីរិទ្ធ និង​ខៀវ សំផន បាន​អង្គុយ​នៅ​ជួរ​តុ​តែ​មួយ​នៅ​ពីក្រោយ​សហ​មេធាវី​របស់​ពួក​គេ​រៀងៗ​ខ្លួន។ អ្នក​ទាំង​៤ មើល​ទៅ​មាន​សភាព​ទ្រុឌ​ទ្រោម​ ដោយសារ​ភាព​ជរា ប៉ុន្តែ​ពួក​គេ​មិន​បាន​បង្ហាញ​ភាព​តក់ស្លុត​ចំពោះ​សវនាការ​ឡើយ។

សវនាការ​បឋម​របស់​សាលាក្តីខ្មែរ​ក្រហម​បើក​ទ្វារ​នៅ​ព្រឹ​​កថ្ងៃ​ចន្ទ​២៧​មិថុនា​២០១១​។​
សវនាការ​បឋម​របស់​សាលាក្តីខ្មែរ​ក្រហម​បើក​ទ្វារ​នៅ​ព្រឹ​​កថ្ងៃ​ចន្ទ​២៧​មិថុនា​២០១១​។​ REUTERS/Mark Peters
ផ្សាយពាណិជ្ជកម្ម

វាំងនន​ពណ៌​សបើក​នៅ​ម៉ោង៩ព្រឹក បង្ហាញ​អង្គជំនុំជម្រះ​ដល់​សាធារណ​ជន​​ជិត៥០០​នាក់​ដែល​អង្គុយ​នៅក្នុង​បន្ទប់​សវនាការ។ អតីត​មេដឹកនាំ​ជាន់ខ្ពស់​របប​ខ្មែរក្រហមបាន​អង្គុយ​ក្បែរៗ​គ្នាអម​ដោយ​ជំនួយការ​ច្បាប់​និង​សន្តិសុខ។ នួន ជា អៀង សារី អៀង ធីរិទ្ធ និង​ខៀវ សំផន​អង្គុយ​​នៅពី​ក្រោយ​សហមេធាវី​របស់​ពួកគេ។ នួន ជា​មាន​សហមេធាវី​ដល់​ទៅ​៣​នាក់​ឯណោះ។

សវនាការ​ចាប់ផ្តើម​នៅក្នុង​បន្ទប់​សវនាការ ប៉ុន្តែ​នៅ​ខាងក្រៅ​បន្ទប់​សវនាការ​វិញ ប្រជាពលរដ្ឋ និង​និស្សិត​ជាច្រើន​រយនាក់​ទៀត​កំពុង​តម្រង់ជួរ​នៅ​ខាងក្រៅ​ទីធ្លាសាលាក្តី​នៅឡើយ​ដើម្បី​រង់ចាំ​ចូល​ក្នុង​បន្ទប់​សវនាការ​នៅ​ម៉ោង​បន្ទាប់។ អ្នកកាសែត​ជាតិ និង​អន្តរជាតិ​ជាច្រើន​រយនាក់​រត់ចុះឡើង​ដើម្បី​ផ្តិតរូបភាព ថត​សំឡេង និង​អ្នកខ្លះ​ផ្សាយ​ចេញ​ផ្ទាល់​ព័ត៌មាន​អំពី​ការ​ផ្តើម​បើក​សវនាការ។

នៅក្នុង​បន្ទប់​សវនាការ នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សាចៅក្រម សហព្រះរាជអាជ្ញានិង​
សាធារណ​ជន​​​​​​ផង អតីត​មេដឹកនាំ​របប​ខ្មែរក្រហម​ទាំង​៤​មិន​បាន​បង្ហាញ​ទឹកមុខ​ភ័យ​ព្រួយបារម្ភនិង​តក់​ស្លុត​​​ឡើយ។ ប៉ុន្តែ​ពួកគេ​បាន​បង្ហាញ​សភាព​ទ្រុឌទ្រោម​ផ្នែក​សុខភាព។ ម្នាក់ៗ​សុទ្ធតែ​មាន​ពាក់​អាវក្រាស់​ធំ​ដើម្បី​ការពារ​ភាព​ត្រជាក់។

នួន ជាបាន​ពាក់មួក​អំបោះចាក់​ដើម្បី​ទប់ទល់​ចំហាយ​ម៉ាស៊ីន​ត្រជាក់ ដូច​ស្ត្រី​ទើប​សំរាល​កូន​ហើយ​ ហើយ​ក៏​មាន​ពាក់​វ៉ែនតា​ខ្មៅ​ដើម្បី​ទប់ទល់​ពន្លឺ​ភ្លើង​ផង​ដែរ។ អៀង សារីនិង​អៀង ធីរិទ្ធ​ក្រោក​​ចេញ​ទៅ​បន្ទប់​ទឹក​ញឹកញាប់ ដោយ​មាន​សន្តិសុខ​២ ទៅ​៣​នាក់​គ្រា​ទប់ យោង​រាងកាយ​ពួកគេ កុំ​អោយ​ដួល។ អៀង សារី​អង្គុយ​មិនត្រង់​ខ្លួន​ទេ ហើយ​ផ្អែក​ខ្នងខ្លាំង​ទៅលើ​កៅអី។

ខៀវ សំផន មើល​ទៅហាក់​នៅ​រឹងមាំ​ជាង​មិត្តភក្តិ​៣​នាក់​ទៀត។ ជន​ជាប់​ចោទរូបនេះ អាច​ក្រោក​​​ដើរ​ទៅ​បន្ទប់ទឹក​ដោយ​ខ្លួន​ឯង​បាន ដោយមិនត្រូវការសន្តិសុខជួយគ្រាឡើយ។ ប៉ុន្តែ ខៀវ សំផនដើរមិនស្វាហាប់ប៉ុន្មានទេ។ ខៀវ សំផន​ពាក់​ឧបករណ៍​ស្តាប់​សំឡេង​នៅលើ​ក្បាល​ជានិច្ច។ យូរៗម្តងគេឃើញខៀវ សំផនអោន​និយាយ​ខ្សឹបៗ​ជាមួយ​ស្ត្រី​ជំនួយការច្បាប់ ហើយ​ពេល​ខ្លះខៀវ សំផន​ក៏​និយាយ​លាយ​សំណើច​ផង។ ភាពរឹងមាំ​ផ្នែក​សុខភាព​ជាង​អ្នកដទៃ ធ្វើ​អោយ​ខៀវ សំផន គឺ​ជា​ជនជាប់ចោទ​តែម្នាក់​ដែល​អង្គុយ​ក្នុង​សវនាការរហូត​ដល់ចប់​នៅ​ថ្ងៃ​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ