អានតួអត្ថបទ
ទីបេ

Lobsang​​ Sangay​ អ្នក​បន្ត​ស្នង​នយោបាយ​ពី​សម្តេច​សង្ឃ​ Dalai Lama​

លោក Lobsang Sangay អ្នកច្បាប់ ​ទីបេ​​អាយុ​​៤៣​​ឆ្នាំ​ ទើប​​បាន​​ធ្វើ​​សច្ចា​ប្រណិធាន​​ជា​នាយក​រដ្ឋមន្ត្រី​​ថ្មី​​នៃ​រដ្ឋាភិបាល ​​ទីបេ​​​និរទេស​និង​​ជា​​អ្នក​​បន្តស្នង​នយោបាយ​ជា​ផ្លូវការ​​ពី​​សម្តេច​​ សង្ឃ​ ដាឡៃឡាម៉ា​​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៨​សីហា​២០១១​នេះ។​ ពិធី​​នេះ​ ត្រូវ​​បាន​ប្រារព្ធ​ធ្វើ​​ឡើង​​ក្រោម​​អធិបតីភាព​​​របស់​​សម្តេច​សង្ឃ​ដា​ឡៃឡាម៉ា​​នៅ​​​វិហារ​ Tsuglagkhang ​​ក្នុង​ Dharamsala ទីក្រុង​​មួយ​​របស់​​ឥណ្ឌា​​នៅ​​ប៉ែក​ខាង​ជើង​ប្រទេស​និង​ដែល​ជា​​ទីតាំង​​នៃ​​​រដ្ឋាភិបាល​​​និរទេស​​ទីបេ​ដែរ។​

សម្តេច​សង្ឃ​ Dala​i Lama​ (ស្តាំ) ឱប​​​លោក​​ Lobsang​ Sangay​  នាយករដ្ឋមន្ត្រី​ថ្មី​នៃ​រដ្ឋាភិបាល​ទីបេ​និរទេស​បន្ទាប់​ពីពិធីសច្ចាប្រណិធានហើយនៅវិហារ​ Tsuglakhang នៅ Dharamsala ថ្ងៃទី៨សីហា២០១១។
សម្តេច​សង្ឃ​ Dala​i Lama​ (ស្តាំ) ឱប​​​លោក​​ Lobsang​ Sangay​ នាយករដ្ឋមន្ត្រី​ថ្មី​នៃ​រដ្ឋាភិបាល​ទីបេ​និរទេស​បន្ទាប់​ពីពិធីសច្ចាប្រណិធានហើយនៅវិហារ​ Tsuglakhang នៅ Dharamsala ថ្ងៃទី៨សីហា២០១១។ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

 

លោក Lobsang Sangay ដែល​ជា​បណ្ឌិត​ខាង​ច្បាប់​អន្តរជាតិ ចេញ​ពី​មហា​វិទ្យាល័យ​នីតិសាស្ត្រ​​នៃ​សាកល​វិទ្យាល័យ Harvard សហរដ្ឋអាមេរិក​និង​​ឯកទេស​ខាង​ទីបេ ត្រូវ​បាន​ប្រជាជន​ទីបេ​ក្នុង​ពិភពលោក​បោះឆ្នោត​ជ្រើសរើស​តាំងពី​ថ្ងៃ​ទី​២៧​មេសា​២០១១​ម្ល៉េះ ជា​​នាយក​រដ្ឋមន្រ្តី​ថ្មី​នៃ​រដ្ឋាភិបាល​និរទេស​ទីបេ។

ការ​បោះឆ្នោត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយពី​សេចក្តី​សំរេចចិត្ត​របស់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា ដែល​មាន​ព្រះជន្ម​៧៦​វស្សា ​ប្រកាស​លះបង់​ចោល​តួនាទី​ជា​ផ្លូវការ​របស់​ខ្លួន ជា​មេ​ដឹកនាំ​នយោបាយ​​របស់​ទីបេ​និរទេស​កាលពី​ថ្ងៃ​ទី​១០​មីនា​កន្លង​ផុត​ទៅ​នេះ ដើម្បី ផ្ទេរ​ការ​ទទួល​ខុស​​ត្រូវ​​​ទាំង​អស់​ឲ្យដល់​នាយក​រដ្ឋមន្ត្រី​ទីបេ​ថ្មី​តែ​ដាឡៃឡាម៉ា​នៅ​រក្សា​តួនាទី​ជា​ប្រមុខ​ដឹកនាំ​សាសនា​​​ទីបេ​ដដែល។

នៅ​ឱកាស​សច្ចា​ប្រណិធាន​ធ្វើ​ឡើង​នៅ​ទីក្រុង Dharamsala ដែល​ជា​ទីតាំង​​របស់​រដ្ឋាភិបាល​​ទីបេ​និរទេស​នៅ​ប៉ែក​ខាង​ជើង​​ឥណ្ឌា​ លោក Lobsang Sangay  មាន​ចេតនា​ចង់​កំចាត់​ឲ្យ​អស់​ការ​ព្រួយបារម្ភ​ខ្លាំង​របស់​ប្រជាជន​ទីបេ ស្តីពី​ ការ​បន្ត​ប្រយុទ្ធតស៊ូ ដើម្បី​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​ទៅ​អនាគត។ ការ​ប្រយុទ្ធ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​ទីបេ​នេះ ដែល​តំណាង​ដោយ​ដាឡៃឡាម៉ា តែ​មួយ​អង្គ​គត់ ចាប់​តាំងពី លោក​បាន​និមន្ត​ចាកចេញ​ពី​ទីក្រុង​ Lhassa ទឹកដី​​កំណើត​របស់​ខ្លួន​នៅ​ឆ្នាំ​១៩៥៩ បន្ទាប់ពី ពលរដ្ឋ​ទីបេ បាន​ងើប​បះបោរ​ប្រឆាំង​នឹង​ការ​ក្តោបក្តាប់​ទឹកដី​ទីបេ​ពី​រដ្ឋអំណាច​ចិន។

Lobsang Sangay បាន​សន្យា​ថា« នឹង​បន្ត​ការ​ប្រយុទ្ធ​តស៊ូ លុះត្រា តែ ទីបេ រក​ឃើញ​យុត្តិធម៌​ឡើង​វិញ " ដោយ​អះអាង​បន្ថែម​ទៀត​ថា «  យើង តស៊ូ ​ដើម្បី​ប្រឆាំង​ទល់​នឹង​នយោបាយ​ដាច់​ខាត​​នៃ​របប​ចិន​នៅ​ទីបេ​ប្រឆាំង​នឹង​បណ្តា​អ្នក​ដែល​បដិសេធមិន​ព្រម​ទទួល​ស្គាល់​សិទ្ធិ​សេរី​ភាព​​ យុត្តិធម៌ សេចក្តី​ថ្លៃថ្នូរ និង អត្តសញ្ញាណ​របស់​ជនជាតិ​ទីបេ។

Lobsang Sangay អ្នក​ជំនាញការ​ខាង​ច្បាប់​នេះ ​ដែល​កើត​នៅ​តំបន់​ផលិត​តែ​មួយ​នៅ​​ប៉ែក​ឦសាន​ប្រទេស​ឥណ្ឌា ពុំ​ធ្លាប់​រស់​នៅ​តំបន់​ទីបេ និង​​ក៏​ពុំ​ធ្លាប់​អញ្ជើញ​ទៅ​កាន់​តំបន់​ទីបេ ដូច​អ្នក​​ដឹកនាំ​សាសនា​ទីបេ​ជំនាន់​មុន ដែល​​ក្តាប់​បានជីវភាព​នយោបាយ​តស៊ូ​របស់​ទីបេ ទេ។

រដ្ឋាភិបាល​និរទេស​ទីបេ មក​ទល់​ពេល​នេះ ពុំទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល​បរទេស​​ណា​​មួយ​នៅ​ឡើយ​ទេ។ ចំណែក​ចិន​វិញ​នៅ​តែ​បដិសេធ​ជានិច្ច មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​និរទេស​ទីបេ ហើយ​ធម្មានុរូបភាព​នៃ​រដ្ឋាភិបាល​នេះ អាច​នឹង​មាន​ភាព​ស្រពេច​ស្រពិល​ នៅ​ចំពោះ​​មុខ​ក្រសែ​ភ្នែ​ក​របស់​ប្រជាជន​ទីបេ បើសិន​ជា​ពុំ​មាន​ការ​គាំទ្រ​ពី​សំណាក់​​​សម្តេច​សង្ឃ​ដាឡៃឡាម៉ាទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ