អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន​រង​គ្រោះ​ភេរវកម្ម​ ដែល​មិន​មែន​ជា​ស្នាដៃ​ពួក​តាលីបង់ ?

ក្នុង​ចន្លោះ​តែ​បួន​នាទី​ពី​គ្នា​ប៉ុណ្ណោះ ​ មាន​គ្រាប់​បែក​ពីរ​ បាន​ផ្ទុះ​ឡើង​ ទាំង​កណ្តាល​អធ្រាត្រ​ នៅ​ក្រុង​ប៉េស្ហាវ៉ា ភាគ​ពាយ័ព្យ​ប្រទេស​ប៉ាគីស្ថាន។ គ្រាប់​បែក​ទី​ពីរ​មាន​កម្លាំង​ខ្លាំង​ជាង​គ្រាប់​ទី​មួយ​ឆ្ងាយ​ណាស់។ ជា​តុល្យការ​បណ្តោះ​អាសន្ន មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៣៩​នាក់ និង​របួស ជាង​៩០​ នាក់។ ខុស​ពី​លើក​មុនៗ ​​ពួក​តាលីបង់​នៅ​ប៉ាគីស្ថាន​បាន​ប្រកាស​ច្រាន​ចោល​ថា​មិន​មែន​ជា​ស្នាដៃ​របស់​ពួក​គេ​ទេ។ ប៉ុន្តែ​ភេរវកម្ម​នេះ​បាន​ប្រព្រឹត្ត​ទៅ​​ប៉ុន្មាន​ម៉ោង​ក្រោយ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​នៅ​ប៉ាគីស្ថាន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយមប៉ុណ្ណោះ។

ទិដ្ឋភាព​នៅ​កន្លែង​កើត​ហេតុ​ក្រោយ​ការ​ផ្ទុះ​គ្រាប់​បែក ពីរ​គ្រាប់ នា​ក្រុង​ Peshawar ប្រទេស​ប៉ាគីស្ថាន
ទិដ្ឋភាព​នៅ​កន្លែង​កើត​ហេតុ​ក្រោយ​ការ​ផ្ទុះ​គ្រាប់​បែក ពីរ​គ្រាប់ នា​ក្រុង​ Peshawar ប្រទេស​ប៉ាគីស្ថាន REUTERS/Fayaz Aziz
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ភេរវកម្ម​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​​ច្រើន​បំផុត គិត​ចាប់​តាំង​ពី​ មេបណ្តាញ​ភេរវនិយម​អាល់កៃដា​ អ៊ូសាម៉ា បិនឡាដិន ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​កង​កុម្ម៉ង់ដូ​ពិសេស​អាមេរិក កាលពី​​ថ្ងៃ​ទី​២​ខែ​ឧសភា​មក។

នៅ​វេលា​ម៉ោង ១១​កន្លះ​ អធ្រាត្រ​យប់​មិញ​​នេះ គ្រាប់​បែកទី​មួយ​ បាន​ផ្ទុះ​ឡើង​ក្នុង​បន្ទប់​ទឹក​នៃ​សណ្ឋាគារ​មួយ។ គ្រាន់​តែ​ក្រុម​សង្គ្រោះ ប៉ូលិស​ និងអ្នក​តាមដាន​ព័ត៌មាន​បាន​ជួប​ជុំ​គ្នា​ភ្លាម អត្តឃាត​ជន​ជិះ​ម៉ូតូ​កាត់កន្លែង​កើត​ហេតុ បាន​ចុច​បំផ្ទុះ​​គ្រាប់​បែក​ទីពីរ​​ ដែល​មាន​កម្លាំង​ខ្លាំង​ជាង​​គ្រាប់​ដំបូង។ ក្នុង​ចំណោម​ជន​រងគ្រោះ​ដល់​ជីវិត មាន​ពី​រនាក់​​ជា​អ្នក​កាសែត​ធ្វើ​ការ​ឲ្យ​សារព័ត៌មាន​ប៉ាគីស្ថាន​ជា​ភាសាអង់គ្លេស Today និង​ The News។

​ពួក​តាលីបង់នៅ​ប៉ាគីស្ថាន ដែល​បាន​សន្យា​​ធ្វើ​ការ​សងសឹក​ជូស​ បិនឡាដិន បាន​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ​ មិន​ទទួល​ស្គាល់​អំពើ​ភេរវកម្ម​លើក​នេះ​ទេ។ អ្នក​នាំ​ពាក្យ​របស់​តាលីបង់ បាន​គូសបញ្ជាក់​តាម​ទូរស័ព្ទ​ទៅ​កាន់ទី​​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា “តាលីបង់​មាន​គោលការណ៍​ច្បាស់​លាស់​ណាស់ គឺ​ធ្វើ​ភេរវកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល យោធា និង​ក្រុម​អ្នក​គាំទ្រ ហើយ​មិន​ធ្វើឡើយ​​ភេរវកម្ម​ប្រឆាំង​នឹង​ជន​ស៊ីវិល​ស្លូត​ត្រង់”។

ប៉ុន្តែ​​អ្វី​ដែល​មិន​អាច​ប្រកែក​បាន​ គឺ​​ភេរវកម្ម​នេះ​បាន​ផ្ទុះ​ឡើង​នៅ​​ក្រោយ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ អាមីត កាហ្សៃ នៅ​ក្រុង​អ៊ីស្លាម៉ាបាដ​ ដើម្បី​ស្វែង​រក​​សហប្រតិបត្តិការ​​ជាមួយ​ប៉ាគីស្ថាន​ក្នុង​ការ​បោស​សម្អាត​ពួក​ភេរវជន​នៅ​តាម​តំបន់​កុលសម្ព័ន្ធ​ជាប់​​ព្រំ​ប្រទល់​គ្នា។

​ជា​សរុប ពួក​តាលីបង់នៅ​ប៉ាគីស្ថាន និង​បក្ស​ពួក ​បាន​​សម្លាប់​ជីវិត​មនុស្ស​អស់ ជាង​៤០០០​នាក់ តាមរយៈ​​ភេរវកម្ម​ផ្សេងៗ​ គិត​ចាប់​ពី​ឆ្នាំ​២០០៧​មក ឆ្នាំ​ដែល​រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​វិហារ​អ៊ីស្លាម​នៅ​ក្រុង​អ៊ីស្លាម៉ាបាដ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ