អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​លោកអូបាម៉ា​ចង់​បាន​អ្វី​ពី​ជំនួប​កំពូល​អាមេរិក អាហ្វ្រិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីថ្ងៃ​អង្គារ​ទី ៥ និង​ទី ៦​សីហា ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​បើក​ទ្វារ​ទទួល​ប្រមុខរដ្ឋ និង​មេដឹកនាំ​របស់​ប្រទេស​ជាង​៥០​មក​ពី ទ្វីបអាហ្វ្រិក។ នៅក្នុង​ជំនួប​កំពូល​អាមេរិក-អាហ្វ្រិក បញ្ហា​សុខភាព សង្គម សេដ្ឋកិច្ច សន្តិសុខ និង​អភិបាលកិច្ច​នៅ​អាហ្វ្រិក​ជា​ប្រធាន​បទ​ដែល​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​លើក​ទៅ​ជជែក​ជាមួយ​មេដឹកនាំ​អាហ្រ្វិក។ ប្រជាជន​អាហ្វ្រិក​ធ្លាប់​អស់​សង្ឃឹម​ដោយសារ​នយោបាយ​បែរខ្នង​របស់​លោកអូបាម៉ា ​​កាលពី​ក្នុង​អាណត្តិ​ទីមួយ។ តើ​អាមេរិក​របស់​លោក​អូបាម៉ា​នៅ​តែ​បែរខ្នងដាក់​អាហ្វ្រិក​តទៅទៀត​ដែរឬទេ? 

ប្រធានាធិបតី​អាមេរិក​ជួប​សន្ទនា​ជាមួយ​ប្រធាន​សហគ្រិន​វ័យក្មេង​របស់​អាហ្វ្រិក​កាលពី​ចុងខែ​មិថុនា ក្នុង​ប្រទេស​អាមេរិក
ប្រធានាធិបតី​អាមេរិក​ជួប​សន្ទនា​ជាមួយ​ប្រធាន​សហគ្រិន​វ័យក្មេង​របស់​អាហ្វ្រិក​កាលពី​ចុងខែ​មិថុនា ក្នុង​ប្រទេស​អាមេរិក youngafricanleaders.state.gov
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំកំពូល​អាមេរិក​-អាហ្រ្វិក​​នៅក្នុង​ទឹកដី​អាមេរិក ធ្វើ​ឡើង​ជា​លើក​ទីមួយ ​មិនធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្រ្ត​ទំនាក់ទំនង​អាមេរិក និង​អាហ្វ្រិក។ កិច្ចប្រជុំកំពូល​ដែល​មាន​ថ្នាក់ដឹកនាំ​កំពូល​របស់​បណ្តាប្រទេស​អាហ្វ្រិក​ជាង​៥០​ចូលរួម ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​រៀបចំ​យ៉ាង​ម៉ត់ចត់​បំផុត​ ទៅតាម​ការសន្យា​របស់​លោកអូបាម៉ា ដែល​ធ្លាប់​បាន​ប្រកាស​ឡើង នៅក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​នៅក្នុង​ប្រទេស​អាហ្រ្វិក​បី កាលពី​ខែ​មិថុនា ឆ្នាំមុន។

 
នៅក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក-អាហ្វ្រិក ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ថា ខ្លួន​បើកទ្វារ​ចំហរ​ទទួល​គ្រប់មេដឹកនាំ​អាហ្វ្រិក លើកលែង​តែ​មេដឹកនាំ​ប្រទេស​ដែល​គ្មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក ឬ​ត្រូវ​ព្យួរ​ចេញពី​សមាជិកភាព​របស់​សហព័ន្ធ​អាហ្រ្វិក។ មេដឹកនាំ​អវត្តមាន​នៅក្នុង​ជំនួបកំពូល​អាមេរិក-អាហ្វ្រិក​មាន​ មេដឹកនាំ​ស៊ូដង់ លោក​អូម៉ា អែល បាស្ហៀរ ដែល​កំពុង​ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​​តាមរក​ចាប់ខ្លួន​​ មេដឹកនាំ​ប្រទេស​ហ្សីមបាវ៉េ រូប៊ែរ មូហ្គាបេ​​ ដែល​អាមេរិក​ដាក់​ទណ្ឌកម្មមិន​ឲ្យ​ជាន់​ដី​អាមេរិកចាប់តាំង​ពី​ឆ្នាំ ២០០១។ ចំណែក​មេដឹកនាំ​​ថ្មី​របស់​អេហ្ស៊ីប​ដែល​ឡើង​កាន់អំណាច​តាម​រយៈ​រដ្ឋប្រហារក៏​នឹង​​​​គ្មាន​មុខ​នៅក្នុង​ជំនួប​កំពូល​ដែល​អាមេរិក​រៀបចំ​ដែរ។ តាម​អ្នកនាំពាក្យ​របស់​សេតវិមាន ការដែល​មេដឹកនាំ​របស់​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន​អវត្តមាន ក៏ដោយសារ​តែ​រដ្ឋាភិបាល​អាមេរិក​មិន​ចង់​លើកទឹកចិត្តដល់​មេដឹកនាំ​ប្រទេស​ណា​ដែល​រំលោភ​ កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​អាច​ពន្យារ​ការកាន់អំណាច​របស់ខ្លួន តាម​របៀប​ផ្តាច់ការ។

ជំនួប​កំពូល​អាមេរិក អាហ្វ្រិក​នឹង​បើក​ធ្វើ​ឡើង​ជាមួយ​ប្រធានបទ​សុខភាព ដោយ​ផ្តោត​សំខាន់​លើ​ការរីករាតត្បាត​នៃ​មេរោគ​អេបូឡា ដែល​ពេលនេះ កំពុងក្លាយ​ជា​ក្តីបារម្ភ​សម្រាប់​សុខភាព​ពិភពលោក​ទាំងមូល។ បន្ទាប់មក គឺ​បញ្ហា​សេដ្ឋកិច្ច និង​សន្តិសុខ នៅ​អាមេរិក ដែល​លោកប្រធានាធិបតី​អាមេរិក​ត្រូវ​លើក​មក​និយាយ​ជាមួយ មេដឹកនាំ​អាហ្វ្រិក។ នៅក្នុង​ជំនួប​កំពូល​អាមេរិក-អាហ្វ្រិក គឺ​លោក​ប្រធានាធិបតី​អាមេរិក​ដែល​ជា​អ្នកកាច់ចង្កូត មាន​មតិ​និយាយ​ច្រើន​ជាងគេ ឬអាចនិយាយ​បែបម្យ៉ាង គឺ​ លោក​អូបាម៉ា​​នឹង​ធ្វើ​ជា​គ្រូ​ ជា​វាគ្មិន​អន្តរាគមន៍​ និយាយ​ទៅកាន់​​មេដឹកនាំ​​អាហ្វ្រិក ដែល​ប្រកាន់​ខ្លួន​ដូចជា​កូនសិស្ស​ដែល​រង់ចាំ​ស្តាប់​យោបល់ ការពន្យល់ ឲ្យ​ដំបូន្មាន​ពី​គ្រូបង្រៀន។ វា​ជារឿង​ធម្មតា ព្រោះថា អាមេរិក​ជាមហាអំណាច ដែល​ប្រទេស​អាហ្វ្រិក​ក្រីក្រ ជាច្រើន​​ត្រូវ​ខ្លបខ្លាច និង​​ត្រូវ​ប្រកាន់​ឥរិយាបទ​ទន់ភ្លន់​ដើម្បី​អាច​​ទទួល​ជំនួយ​ពី​អាមេរិក។

ជាផ្លូវការ អាមេរិក​បាន​ប្រកាស​ក្តែងៗ​ថា នឹង​ចាត់ទុក អាហ្វ្រិក​ជា​ដៃគូ​ពាណិជ្ជកម្ម​​ស្មើភាព គឺ​គ្មាន​អ្នកណា​ជា​ធំ ឬ​តូច ប៉ុន្តែ ត្រូវ​បាន​ទទួល​ប្រយោជន៍​ស្មើៗគ្នា។ អាមេរិក​មើល​ឃើញ​សក្តានុពល​សេដ្ឋកិច្ច​របស់​អាហ្វ្រិក​ដែល​ជាប់លេខ​ពីរ​បន្ទាប់ពី​អាស៊ី។ តាំងពី​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រធានសហគ្រាស​អាហ្រ្វិក​វ័យ​ក្មេង កាលពី​ដើម​សប្តាហ៍ លោក​អូបាម៉ា​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អាហ្វ្រិក​ងើប​ឡើង និង​ហ៊ាន​តវ៉ា​ទាមទារ​យក​​​ប្រយោជន៍​ពី​ការវិនិយោគ​បរទេស។ ប្រធានាធិបតី​អាមេរិក​ទំនង​ចង់​និយាយ​យោង​ដល់​ប្រទេស​ចិន ដែល​ប្រជាជន​អាហ្វ្រិក​ជាច្រើន​បាន​រិះគន់​​ថា បោះទុន​វិនិយោគ​នៅ​ទឹកដី​អាហ្វ្រិក ប៉ុន្តែ មិន​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ក្នុង​ស្រុក។

បើ​និយាយ​ពី​ការបោះទុន​វិនិយោគ​ក្នុង​ទឹកដីអាហ្វ្រិក ​អាមេរិកស្ថិតនៅ​ដាច់ឆ្ងាយ ក្រោយ​សហភាពអឺរ៉ុប និង​ចិន ដែល​ការដោះដូរ​ពាណិជ្ជកម្ម​ចិន អាហ្វ្រិក​មាន​ដល់​ទៅ ១០០​ពាន់​លាន​ដុល្លារ។ ប្រាកដណាស់​ថា អាមេរិក​មិន​អាច​ប្រជែង​ជាមួយ​ប្រទេស​ចិន​ភ្លាមៗ ប៉ុន្តែ ការពង្រឹង​ទំនាក់ទំនង​ ពាណិជ្ជកម្ម ដោយ​ប្រមូល​មេដឹកនាំ​អាហ្រ្វិក​ឲ្យ​ជួបជុំគ្នា​នៅក្នុង​ទឹកដីអាមេរិក លោក​ប្រធានាធិបតី​អាមេរិក​ចង់​យក​ទឹកដី អាហ្វ្រិក​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន កុំ​ឲ្យ​ចេះ​តែ​រីកធំ។ ចង់ ឬ​មិន​ចង់ ការលើកឡើង​ពី​លទ្ធិប្រជាធិបតេយ្យ និង​ដោះដូរ​ពាណិជ្ជកម្ម​ដោយ​ស្មើភាព នឹង​អាច​លើក​ទឹកចិត្ត​ដល់​មេដឹកនាំ​អាហ្វ្រិក និង​មេដឹកនាំ​សហគ្រិន​ពិចារណា ថ្លឹងថ្លែង ដក​ទំនុក​ចិត្ត​ពី​ក្រុម​ហ៊ុន​ចិន ដែល​កំពុង​ចាប់​មាន​កេរ្តិ៍ឈ្មោះ​មិន​សូវ​ល្អ​នៅ​អាហ្វ្រិក។

ក្រៅតែ​ពី​សេដ្ឋកិច្ច អាមេរិក​យក​ចិត្ត​ទុកដាក់​និយាយ​ផងដែរ​ពី​បញ្ហា​សន្តិសុខ ការរីកធំធាត់​នៃ​ក្រុម​ភេរវកម្ម​​នៅអាហ្វ្រិក ជាពិសេស ការវាយលុក​របស់​ក្រុម​អ៊ីស្លាមជ្រុលនិយម​សូម៉ាលី​ទៅក្នុង​ប្រទេស​កេនយ៉ា ដែល​ជាទឹកដី​កំណើត​របស់​ឪពុក​លោកអូបាម៉ា។

មួយឆ្នាំក្រោយ​​ជាន់​ទឹកដី​អាហ្រ្វិក ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា ដែល​មាន​ឪពុក​ជា​ជនជាតិ​កេនយ៉ា​បាន​សន្យា​រៀបចំ​ជំនួប​កំពូល​អាមេរិក អាហ្វ្រិក។ ការទន្ទឹង​រង់ចាំ​របស់​បណ្តា​ប្រទេស​អាហ្វ្រិក​ពី​មេដឹកនាំ​របស់​ប្រទេស​មហាអំណាច​ដូចជា​អាមេរិកនៅ​​មាន​កំរិត​ខ្ពស់។ ប៉ុន្តែ ប្រជាជន​អាហ្វ្រិក​នឹង​អាច​ខក​ចិត្ត​ជាថ្មី ព្រោះថា នៅក្នុង​ជំនួប​កំពូល​លើកនេះ គេ​​គ្រាន់តែ​ពិភាក្សា និង​យ៉ាងហោច មាន​ត្រឹម​ការ​ណែនាំ​ក្រុម​វិនិយោគ​អាមេរិក​ឲ្យ​ស្គាល់​មេដឹកនាំ​​​ ឬ​មេសហគ្រិន​អាហ្រ្វិក​។ ប៉ុន្តែ នឹង​គ្មាន​កិច្ចព្រមព្រៀង ឬ​ជំនួប​ទ្វេភាគី ដែល​លោក​អូបាម៉ា​នឹង​ធ្វើ​ជាមួយ​មេដឹកនាំ​បណ្តាប្រទេស​អាហ្វ្រិក​ឡើយ៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ