អានតួអត្ថបទ
ស៊ូដង់

លោក​ប្រធានាធិបតី​ស៊ូដង់ ​សុំឲ្យ​រុស្ស៊ី​ជួយ​ការពារ​ប្រទេស​ខ្លួន​ផង​ កុំឲ្យ​អាមេរិក​ធ្វើបាប​

លោកប្រធានធិបតី ស៊ូដង់ អូម៉ា អែល​បេឆៀរ ដែលបានមានវត្តមាន ក្នុងជំនួបកំពូលដែលដឹកនាំដោយលោកប្រធានាធិបតីរុស្ស៊ី នៅឯទីក្រុងសុតឈី កាលពីថ្ងៃព្រហស្បតិ៍ទី ២៣ វិច្ឆិកា ម្សិលមិញ បានថ្លែង នៅចំពោះមុខលោកពូទីន​​ ថា សូមឲ្យរុស្ស៊ី ជួយការពារប្រទេសរបស់លោកផង កុំឲ្យសហរដ្ឋអាមេរិក ធ្វើបាបខ្លាំងពេក។ អស់ពីសុំឲ្យ​រុស្ស៊ីជួយ លោកប្រធានាធិបតីស៊ូដង់ បានឆ្លៀតនិយាយសរសើរ យ៉ាងវែងអន្លាយ ពីនយោបាយ​ការបរទេស ដ៏ល្អឥតខ្ចោះ របស់លោក ពូទីន។ សូមបញ្ជាក់ថា ប្រធានាធិបតី​​ស៊ូដង់រូបនេះ ត្រូវបានតុលាការក្រុងឡាអេ ចេញសាលក្រមចាប់ខ្លួន​២ដង​ហើយ ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងប្រឆាំងមនុស្សជាតិ។

លោកពូទីន ​ចាប់ដៃ ​ជាមួយ​លោក​ ​Omar​ El-Béchir ​ប្រធានាធិបតី​ស៊ូដង់ ​នៅថ្ងៃទី​២៣ វិ​ច្ឆិកា ២០១៧​
លោកពូទីន ​ចាប់ដៃ ​ជាមួយ​លោក​ ​Omar​ El-Béchir ​ប្រធានាធិបតី​ស៊ូដង់ ​នៅថ្ងៃទី​២៣ វិ​ច្ឆិកា ២០១៧​ REUTERS
ផ្សាយពាណិជ្ជកម្ម

"ខ្ញុំជឿថា អ្វីដែលបានកើតមានឡើងនៅស្រុកខ្ញុំ កន្លងមកនេះ គឺដោយសារតែនយោបាយរបស់ពួកអាមេរិក។ ដូច្នេះហើយ យើងត្រូវការ ឲ្យមានគេជួយការពារប្រទេសពួកយើង ដើម្បីទប់ទល់ នឹងនយោបាយក្អេងក្អាងរបស់អាមេរិក"។ នេះគឺជាសម្តីរបស់លោក Omar El-Béchir ប្រធានាធិបតីស៊ូដង់​ នៅនិវេសនដ្ឋា របស់លោកពូទីន នៅឯទីក្រុង សុតឈី ជាប់មាត់សមុទ្រខ្មៅ។

លោក Omar El-Béchir បានឆ្លៀតបន្ថែមថា "រដ្ឋាភិបាលលោក ចង់រឹតបន្តិងចំណងសហប្រតិបត្តិការ ក្នុងវិស័យកងទ័ព ​ជាមួយមហាមិត្តរុស្ស៊ី ឧទាហរណ៍ ដូចជាដើម្បីបំពាក់អាវុធ និងសម្ភារៈថ្មីៗ ទំនើបៗ ឲ្យដល់កងទ័ពស៊ូដង់ ព្រោះថាអាវុធដែលស៊ូដង់ មានរាល់ថ្ងៃនេះ គឺជាផលិតផលរបស់រុស្ស៊ី ស្រាប់ទៅហើយ"

បន្ទាប់ពីសម្តីលន់តួ សុំជ្រកក្រោមម្លប់រុស្ស៊ី  លោកប្រធានាធិតីស៊ូដង់ បាននិយាយសរសើរ នយោបាយការបរទេសរុស្ស៊ីថា ជានយោបាយដ៏ល្អ ដោយបានជួយដោះស្រាយបញ្ហាជាច្រើន នៅដើមបូព៌ា ឧទាហរណ៍បញ្ហាសង្រ្គាមនៅស៊ីរីជាដើម។ លោកបេឆៀរ បន្តថា "បើគ្មានរុស្ស៊ី ម្លេះស៊ីរី មិនដឹងជាក្លាយទៅស្អីទេ"។ លោកបានឆ្លៀត បន្ថែមថា "ប្រទេសស៊ូដង់របស់លោក មិនគាំទ្រនយោបាយដើរជ្រៀតជ្រែកគេឯង របស់អាមេរិក"

គួរបញ្ជាក់ថា ប្រទេសស៊ូដង់ ត្រូវបានសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ច តាំងតែពីឆ្នាំ១៩៩៧ម្លេះ។ ក៏ប៉ុន្តែ កាលពីខែតុលាកន្លងទៅថ្មីៗនេះ លោកដូណាល់ ត្រាំ បានសម្រេច លប់ចោលទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ ពីស៊ូដង់។ តែយ៉ាងណា ស៊ូដង់ នៅតែជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អាមេរិក ថាជាប្រទេសគាំទ្រ និងឃុបឃិត ជាមួយបណ្តាញភេរវកម្មដដែល។

លោកប្រធានាធិបតីស៊ូដង់ Omar El-Béchir ជាមេអតីតទាហាន បានមកកាន់តំណែងនេះ នៅឆ្នាំ១៩៨៩ ពោលគឺ២៨ឆ្នាំមកហើយ។ សង្រ្គាម នៅតំបន់ដាកហ្វួរ នៅរវាងឆ្នាំ២០០៣  ក្រោមការដឹកនាំរបស់ប្រធានាធិបតីរូបនេះ បានសម្លាប់ប្រជាជនស្លូតត្រង់ ប្រមាណជាង៣៣ម៉ឺននាក់ នេះបើយោងតាមតួលេខ របស់អង្គការសហប្រជាជាតិ។ លោក Omar El-Béchir នេះត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេ ប្រកាសសាលក្រមចំនួន២លើក នៅឆ្នាំ២០០៩ និង ២០១០ ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ប៉ុន្តែ លោក Omar El-Béchir មិនបានប្រគល់ខ្លួន ទៅឲ្យតុលាការទេ ហើយបន្តសំងំលាក់ខ្លួនក្នុងស្រុក និងធ្វើដំណើរទៅតាមប្រទេសមួយចំនួន ដែលមិនសហការជាមួយតុលាការក្រុងឡាអេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ