ប្រជាជនទុយនីស៊ីនៅតែកេណ្ឌប្រមូលគ្នីគ្នាធ្វើបាតុកម្ម
ការសន្យារបស់លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះអាសន្ន ពុំបានធ្វើឲ្យប្រជាជនទុយនីស៊ីមានជំនឿទុកចិត្តឡើយ ពួកគេនៅតែកេណ្ឌប្រមូលគ្នីគ្នាជានិច្ចដើម្បីធ្វើបាតុកម្ម។ នៅថ្ងៃអាទិត្យទី២៣មករានេះ គេឃើញមានបាតុករមួយពាន់ប្លាយនាក់មកពីប៉ែកខាងត្បូងនិងប៉ែកកណ្តាល នៃប្រទេសទុយនីស៊ីបាននាំគ្នាមកទាមទាររដ្ឋាភិបាលបណ្តោះអាសន្នរំលាយ ខ្លួនចេញ។ ចំណែកឯប្រធាននៃគណៈកម្មការកំណែទម្រង់នយោបាយនិងអង្កេត ទៅលើអំពើពុករលួយបានសន្យាថា គេនឹងស្វែងរកយុត្តិធម៌និងធ្វើការបំភ្លឺទៅលើរាល់ទង្វើល្មើសច្បាប់ និងអំពើពុករលួយដែលប្រព្រឹត្តដោយរបបផ្តាច់ការបិន អាលី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បទវិភាគរបស់ សៀក សារិន
គណៈកម្មការកំណែទម្រង់នយោបាយនិងអង្កេតទៅលើអំពើពុករលួយពុំធ្វើការកែទម្រង់ទៅលើរដ្ឋធម្មនុញ្ញទុយនីស៊ីភ្លាមៗទេ។ គេបានឲ្យអាទិភាពចម្បងទៅលើការរៀបចំមូលដ្ឋានសម្រាប់ធ្វើការបោះឆ្នោតឲ្យមានលក្ខណៈត្រឹមត្រូវយុត្តិធម៌ក្នុងរយៈពេល៦ខែខាងមុខនេះ។ នេះជាការថ្លែងគូសបញ្ជាក់របស់លោកYahya Benachour ប្រធាននៃគណៈកម្មការកំណែទម្រង់នយោបាយនិងអង្កេតទៅលើអំពើពុករលួយ។
អ្វីដែលសំខាន់បំផុតគឺរៀបចំឲ្យមានការបោះឆ្នោតសេរីដើម្បីធានាឲ្យមានលក្ខណៈត្រឹមត្រូវយុត្តិធម៌និងមានការចូលរួមពីសំណាក់រាល់គណបក្សនយោបាយនិងពីសំណាក់រាល់ប្រជាជនទុយនីស៊ី។
អ្វីដែលបានមកធ្វើឲ្យប្រព័ន្ធគ្រប់គ្រងប្រទេសនៃរបបបិន អាលី ស្គាល់ភាពច្របូកច្របល់ហិនហោចបែបនេះគឺបណ្តាលមកពីមានទង្វើអវិជ្ជមាននិងការអនុវត្តន៍តាមមាគ៌ានយោបាយនៃ ”គណបក្សនយោបាយតែមួយគត់” នៃរបបគ្រប់គ្រងផ្តាច់ការរបស់បិន អាលី។ បានសេចក្តីថា មានការច្របាច់បញ្ចូលគ្នារវាង ”គណបក្សនយោបាយ” ជាមួយនឹង ”រដ្ឋ” ដែលជាមូលហេតុបង្កបង្កើតឲ្យមានភាពច្របូកច្របល់រកមុខរកបាតពុំឃើញ បានសេចក្តីថា “ហិបប្រាក់របស់រដ្ឋ” ក៏ជា “ហិបប្រាក់របស់"គណបក្សនយោបាយកាន់អំណាច” ។ ទ្រព្យសម្បត្តិនិងបុគ្គលិកបម្រើ”រដ្ឋ” ក៏ជាទ្រព្យសម្បត្តិនិងបុគ្គលិករបស់"គណបក្សនយោបាយកាន់អំណាច”។ នេះជាទង្វើល្មើសច្បាប់មួយដ៏មហាធ្ងន់ធ្ងរ។
នៅក្នុងរដ្ឋធម្មនុញ្ញទុយនីស៊ីនៃឆ្នាំ១៩៥៩បានចែងថា “នៅខណៈពេលដែលគណបក្សនយោបាយមួយបានក្លាយទៅជាគណបក្សក្តោបក្តាប់អំណាចគ្រប់គ្រងប្រទេស ពោលគឺក្តោបក្តាប់បានទាំងនីតិប្រតិបត្តិ ក្តោបក្តាប់បានទាំងនីតិបញ្ញត្តិ គណបក្សនោះអាចធ្វើអ្វីៗបានស្របច្បាប់ទាំងអស់” ដែលទាំងនេះបានជំរុញឲ្យគណបក្សនយោបាយកាន់អំណាចបកស្រាយយល់ថា គេអាចធ្វើអ្វីៗបានទាំងអស់ហើយស្របច្បាប់ទៀត ដែលបន្តិចម្តងៗបានធ្វើឲ្យរបបគ្រប់គ្រងក្លាយទៅជារបបផ្តាច់ការ។ គេត្រូវតែមានការប្រុងប្រយ័ត្នឲ្យមែនទែនក្នុងការបកស្រាយអត្ថបទច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះ វាពុំមែនជាកំហុសរបស់រដ្ឋធម្មនុញ្ញទុយនីស៊ីនៃឆ្នាំ១៩៥៩ឡើយ។ ក៏ប៉ុន្តែ វាជាកំហុសរបស់អ្នកបកស្រាយ រដ្ឋធម្មនុញ្ញទុយនីស៊ីនៃឆ្នាំ១៩៥៩យកមកប្រើ។
គួរកត់សម្គាល់ថា ធ្វើការបំភ្លឺនិងអង្កេតទៅលើរបបផ្តាច់ការបិន អាលីគឺជាកម្មវត្ថុចម្បងនៃគណៈកម្មការកំណែទម្រង់នយោបាយនិងអង្កេតទៅលើអំពើពុករលួយដែលលោកប្រធាននៃគណៈកម្មការបានទទួលការគាំទ្រទាំងស្រុងពីសំណាក់លោកនាយករដ្ឋមន្ត្រីMohamed Ghannouchi។
សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ទី២២មករាមានបាតុករទុយនីស៊ីរាប់ពាន់នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មដើម្បីសម្តែងបង្ហាញកំហឹងរបស់គេ ដោយបានទាមទារឲ្យសមាជិកណានៃរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលធ្លាប់បានធ្វើការបម្រើរបបផ្តាច់ការបិន អាលីឲ្យលាចាកចេញពីមុខតំណែង។ ហើយនៅពេលនោះក៏ជាលើកទីមួយដែរ ដែលគេបានឃើញមាននគរបាលទុយនីស៊ីមួយចំនួនបាននាំគ្នាចុះថ្នល់រួបរួមធ្វើបាតុកម្មជាមួយប្រជាជនទុយនីស៊ី។ ហើយនគរបាលចុះថ្នល់រួបរួមធ្វើបាតុកម្មជាមួយប្រជាជនទុយនីស៊ីទាំងនោះមានចំនួនដល់ទៅរាប់រយនាក់ មានទាំងចងក្រណាត់ពណ៌ក្រហមនៅនឹងដើមដៃជាសញ្ញាផង។
ជាបឋម នគរបាលទុយនីស៊ីដែលបាននាំគ្នាធ្វើបាតុកម្មទាំងនោះចង់សម្ដែងបង្ហាញឲ្យឃើញនូវមុខមាត់ពិតប្រាកដរបស់ពួកគេ។ ពួកគេបានធ្វើការសុំទោសចំពោះកំហុសនិងអំពើហិង្សាដែលពួកគេបានប្រព្រឹត្តទៅលើបាតុករទុយនីស៊ីនារយៈប៉ុន្មានសប្តាហ៍កន្លងទៅនេះ ដោយបានអះអាងថាពួកគេគ្រាន់តែជាឧបករណ៍ហើយបានទទួលបញ្ជាពីអ្នកដឹកនាំនៃរបបផ្តាច់ការបិន អាលីតែប៉ុណ្ណោះ។ នេះ ពិតជាគួរឲ្យអស្ចារ្យនិងគួរឲ្យយកមកពិចារណាពេកក្រៃ។
បើពិតជាដូច្នេះមែន ចុះហេតុដូចម្តេចក៏ពុំព្រមយកតម្រាប់តាមយោធាទុយនីស៊ីដែលបានប្រកែកពុំព្រមបាញ់សម្លាប់ប្រជាជនទុយនីស៊ីស្លូតត្រង់!!!
ប្រជាជនទុយនីស៊ីស្លូតត្រង់ដែលបាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មដោយសន្តិវិធីដើម្បីទាមទារ “សិទ្ធិសេរីភាព” និងដើម្បីការពារ “សេចក្តីថ្លៃថ្នូរ” របស់គេតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ