អានតួអត្ថបទ
លីប៊ី

កាដាហ្វី​ស្វែងរក​ច្រកចេញ ​ អ. ស. ប.​ ស្វែងរក​សេចក្តី​សម្រេច​ចិត្ត​

ក្នុង​ខណៈពេល​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើការ​ ប្រឈមមុខ​ទល់នឹង​ការ​វាយ​ប្រយុទ្ធគ្នា​យ៉ាង​សាហាវ​នៅ​ប្រទេស​លីប៊ី​ ​ មេដឹកនាំ​ផ្តាច់ការ​មូអាម៉ារ​កាដាហ្វី​ឯណេះ​ក៏​កំពុង​តែ​ខិតខំ​រិះរក​ ច្រកចេញ​ដើម្បី​គេច​យក​រួចខ្លួន។​ វិបត្តិ​នយោបាយ​និង​ការបះបោរ​ដ៏​ហិង្សា​នៅ​លីប៊ី​នេះ​បាន​បណ្តាល​ឲ្យ​មាន​ មនុស្ស​ស្លាប់​រាប់​ពាន់​ឬ​រាប់​ម៉ឺននាក់​ និង​មាន​អ្នក​ភៀសខ្លួន​ប្រមាណ​មួយលាន​នាក់។

មេដឹកនាំ​​ផ្តាច់ការ​​លីប៊ី​​មូអាម៉ា​​រកាដាហ្វី​
មេដឹកនាំ​​ផ្តាច់ការ​​លីប៊ី​​មូអាម៉ា​​រកាដាហ្វី​ ©​ BBCNews
ផ្សាយពាណិជ្ជកម្ម

05:51

បទវិភាគរបស់​ សៀក សារិន

បើយោងតាម​ទូរទស្សន៍​Al Djazira និង​សារព័ត៌មាន​ជា​ភាសា​អារ៉ាប់​ កាដាហ្វី​បាន​ស្នើ​ទៅ​ពួក​អ្នក​បះបោរ​លីប៊ី​ឲ្យ​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​សមាជ​ប្រជាជន​ដែល​មាន​លក្ខណៈ​ជា​សភា​នៅ​លីប៊ី​ដើម្បី​ពិនិត្យ​មើល​ពី​លក្ខខណ្ឌ​នៃ​ការចាកចេញ​ពី​មុខ​តំណែង​របស់​ខ្លួន​ហើយ​ភ្ជាប់​មក​ជាមួយ​នូវ​ការធានា​ដល់​សុវត្ថភាព​របស់​ខ្លួន​និង​គ្រួសារ​ផងទៀត។

 
ទូរទស្សន៍​Al Djazira​បាន​បញ្ជាក់​ទៀតថា​ ​ សំណើ​របស់​កាដាហ្វី​នេះ​បាន​ធ្វើ​ទៅកាន់​ “ក្រុមប្រឹក្សា​ជាតិ”​ របស់​បក្ស​ប្រឆាំង​លីប៊ី​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​បេនហ្កាហ្ស៊ី​ ​ គឺ​“ក្រុមប្រឹក្សា​ជាតិ”​នេះ​ហើយ​ដែល​តំណាង​តំបន់​ភាគច្រើន​ដែល​ឋិតនៅ​ក្រោម​ការ​ត្រួតត្រា​នៃ​ពួក​អ្នក​បះបោរ​នៅ​ប៉ែក​ខាងកើត​នៃ​ប្រទេស។

រីឯ​សារព័ត៌មាន​Achark Al Aousat ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុងដ្រឹ៍​ ហើយនិង​សារព័ត៌មាន​al Bayan ដែលមាន​ទីតាំង​នៅ​ប្រទេស​អារ៉ាប់​រួម​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ មេដឹកនាំ​របប​ផ្តាច់ការ​លីប៊ី​កំពុង​ខិតខំ​រិះរក​ធ្វើការ​សម្រុះ​សម្រួល។

ចំណែកឯ​ប្រភព​ស្និទ្ធ​នឹង​“ក្រុមប្រឹក្សា​ជាតិ”​របស់​បក្ស​ប្រឆាំង​លីប៊ី​បាន​បញ្ជាក់​ប្រាប់ថា​ ​ “កាដាហ្វី​បាន​ស្នើ​យល់ព្រម​ប្រគល់​អំណាច​ឲ្យ​ទៅ​ប្រធាន​សភា​លីប៊ី​ហើយ​ចាកចេញ​ពី​ប្រទេស​ ​ លុះត្រាណា​តែ​គេ​យល់ព្រម​ឲ្យ​ខ្លួន​មាន​ច្រក​ចេញ​ឲ្យ​បាន​សមរម្យ​ហើយ​និង​យល់ព្រម​ធានា​ឲ្យ​យក​ប្រាក់​មួយ​ចំនួន​តាម​ខ្លួន​ផងទៀត។

ក៏​ប៉ុន្តែ​ ​ “ក្រុមប្រឹក្សា​ជាតិ”​ពុំ​យល់ព្រម​តាម​ការស្នើ​របស់​កាដាហ្វី​ឡើយ​ ​ ដោយគេ​យល់ថា​ ធ្វើយ៉ាងនេះ​ជា​ការ​ប្រមាថ​មើលងាយ​ដល់​ប្រជាពលរដ្ឋ​លីប៊ី​រាប់​ម៉ឺននាក់​ដែល​ទទួល​រងគ្រោះ​នឹង​អំពើ​ផ្តាច់ការ​និង​អំពើ​ហិង្សា​របស់​កាដាហ្វី។

សំណើ​សម្រុះ​សម្រួល​របស់​មូអាម៉ារ​កាដាហ្វី​នេះ​ធ្លាក់​ចំពេល​ដែល​កងកម្លាំង​របស់​កាដាហ្វី​បាន​ធ្វើការ​វាយលុក​តបត​នៅ​តំបន់​ឈូង​សមុទ្រ​Syrte ដើម្បី​វាយ​ដណ្តើម​យក​ទីក្រុង​Ras Lanouf។​ ទីក្រុង​Ras Lanouf​គឺជា​កំពង់ផែ​ប្រេងកាត​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រទេស​លីប៊ី។

កាលពី​ថ្ងៃចន្ទ​ទី៧​មីនា​ម្សិលមិញ​ ​ កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​កាដាហ្វី​បាន​យក​យន្តហោះ​ទៅ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​Ras Lanouf​ដល់ទៅ​បីលើក។​ ប្រជាជន​ស៊ីវិល​លីប៊ី​មួយ​ចំនួន​នៅ​ឯ​ទីក្រុង​Misrata និងនៅ​ទីក្រុង​Zaouïah វិញ​ បាន​ឋិត​នៅ​ក្នុង​ការ​ឡោម​ព័ទ្ធ​របស់​កង​កម្លាំង​ស្មោះស្ម័គ្រ​នឹង​កាដាហ្វី​ដែល​ជា​មូលហេតុ​បណ្តាល​ឲ្យ​គេ​ខ្លាច​ក្រែង​មាន​ឧបទ្ទវហេតុ​និង​គ្រោះ​ថ្នាក់​ដ៏ធំ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ។

ប្រទេស​បារាំង​និង​ប្រទេស​អង់គ្លេស​ដែល​ជា​មហាអំណាច​អឺរ៉ុប​ឋិត​នៅ​ជិត​ប្រទេស​លីប៊ី​បាន​ប្រកាស​ឲ្យ​ដឹងថា​ ​ ពួកគេ​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ទទួល​ឲ្យបាន​ពី​អ ស ប នូវ​ការ​បង្កើត​ឲ្យ​មាន​ “តំបន់​ហាមឃាត់​ពុំ​ឲ្យ​មាន​ការ​ហោះហើរ​មួយ​នៅលើ​ដែនដី​លីប៊ី”​ ដើម្បី​ខាឃាំង​កុំ​ឲ្យ​កងកម្លាំង​អាកាស​របស់​កាដាហ្វី​អាច​ទៅ​ទម្លាក់​គ្រាប់បែក​លើ​ប្រជាជន​បះបោរ​លីប៊ី។

មន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស​បាន​ថ្លែង​ឲ្យ​ដឹងថា​ ​ គេបាន​ខ្នះខ្នែង​សហការ​ជាមួយ​សមភាគី​ដើម្បី​ទទួល​ឲ្យ​បាន​នូវ​សេចក្តី​សម្រេច​ចិត្ត​ដើម្បី​បង្កើត​ឲ្យ​បាន​នូវ​ តំបន់​ហាមឃាត់​ពុំ​ឲ្យ​មាន​ការ​ហោះហើរ​មួយ​នៅលើ​ដែនដី​លីប៊ី”​ ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ក្នុង​តំបន់​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​គោរព​ច្បាប់​អន្តរជាតិ។​ ប្រទេស​បារាំង​គាំទ្រ​គោល​ជំហរ​របស់​ប្រទេស​អង់គ្លេស​នេះ។

មុន​នឹង​មាន​សេចក្តី​សម្រេច​ចិត្ត​ពី​អ ស ប ​ បក្ស​សម្ព័ន្ធ​អូតង់​បាន​កេណ្ឌ​ប្រមូល​ជា​ស្រេច​នូវ​យន្តហោះ​យកការណ៍​ “AWACS”​ របស់ខ្លួន​ដើម្បី​ធ្វើការ​ឃ្លាំយាម​ទាំងយប់​ទាំងថ្ងៃ។​ នេះជា​ប្រកាស​ឲ្យ​ដឹង​ដោយ​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​បក្សសម្ព័ន្ធ​អូតង់។

ទាំង​សហគមន៍​អន្តរជាតិ​ ទាំង​អង្គការ​សហប្រជាជាតិ​ពុំ​អាច​ឈរ​ឱបដៃ​មើល​មេដឹកនាំ​ផ្តាច់ការ​មូអាម៉ារ​កាដាហ្វី​វាយប្រហារ​យ៉ាង​សាហាវ​ទៅលើ​ប្រជាជន​លីប៊ី​ស្លូតត្រង់​យ៉ាងនេះ​បានឡើយ។​ កងកម្លាំង​យោធា​នៃ​បក្ស​សម្ព័ន្ធ​អូតង់​បាន​ត្រៀម​លក្ខណៈ​ជាស្រេច​នឹង​ចូល​ធ្វើ​អន្តរាគមន៍​យ៉ាង​ឆាប់រហ័ស។

រីឯ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​វិញ​សង្ឃឹមថា​ នៅ​ចំពោះ​មុខ​សម្ពាធ​ដ៏​សែន​ខ្លាំងក្លា​បែបនេះ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ ​ សហការី​របស់​កាដាហ្វី​ច្បាស់​ជា​បន្ទន់​និង​ប្តូរ​ប្រែ​ឥរិយាបថ​របស់​ខ្លួន។​ លោក​អូបាម៉ា​បាន​បញ្ជាក់​បន្ថែម​ទៀតថា៖​ “សហការី​របស់​កាដាហ្វី​ត្រូវតែ​មាន​ការ​ទទួល​ខុសត្រូវ​នៅ​ចំពោះមុខ​ទង្វើ​របស់​ខ្លួន​ ហើយនិង​ក្នុង​ការ​ជ្រើស​យក​មាគ៌ា​សម្រាប់​អនាគត​របស់​ខ្លួន”​។

គួរកត់​សម្គាល់ថា​ ​ ពាក្យសំដី​ចុងក្រោយ​ប៉ុន្មាន​ម៉ាត់​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​នេះ​ប្រៀប​បាន​ទៅនឹង​សម្ពាធ​មួយ​ដ៏​មាន​ប្រសិទ្ធិភាព​ទៅលើ​ទាហាន​​លីប៊ី​ចុងក្រោយ​ដែល​នៅ​ស្មោះស្ម័គ្រ​នឹង​មេដឹកនាំ​ផ្តាច់ការ​លីប៊ី​មូអាម៉ារ​កាដាហ្វី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ