អានតួអត្ថបទ
អេហ្ស៊ីប

ហិង្សា​រវាង​សហគមន៍​សាសនា​បាន​បណ្តាល​ឲ្យ​មាន​ជន​រងគ្រោះ​ជា​ច្រើន​

ការ​ប្រឈមមុខ​ដាក់​គ្នា​ដ៏​កាច​សាហាវ​បំផុត​រវាង​សហគមន៍​គ្រិស្តសាសនា coptes ​និង​សហគមន៍​អ៊ីស្លាម បាន​កើត​ឡើង​​កាលពី​យប់​ថ្ងៃ​សៅរ៍​៧ ឧសភា​ម្សិលមិញ​នៅ​ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង គែរ​ប្រទេស​អេហ្ស៊ីប។ ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម បាន​វាយប្រហារ​ទៅ​លើ​វិហារ គ្រិស្តសាសនា​​អេហ្ស៊ីប​មួយ ជាហេតុ​​បណ្តាល​ឲ្យ​មាន​​មនុស្ស​ស្លាប់​យ៉ាង​ តិច​៩​នាក់​និង​របួស​ជន​ជាង ១០០​នាក់​ផ្សេង​ទៀត។ យោង​តាម​ការ​អះអាង​របស់​ពួក​អ៊ីស្លាម -ការ​វាយប្រហារ​របស់​ពួក​គេ គឺ​ដើម្បី រំដោះ ស្រ្តី​ម្នាក់​​ដែល​ត្រូវ​បាន​គេ​ឃុំឃាំង ​បន្ទាប់ពី​នារី​នេះ មាន​បំណង​ចង់​ចូល​មក​កាន់​សាសនា​អ៊ីស្លាម​វិញ។

កង​កម្លាំង​សន្តិសុខ​អេហ្ស៊ីប​​ដាក់ពង្រាយ​នៅសង្កាត់ដ៏កុះករ​មួយនៃទីក្រុងគែរ​ ជាទីដែលមានការប្រឈមមុខដាក់គ្នា​ រវាងសហគមន៍​គ្រិស្តសាសនា coptes និងអ៊ីស្លាម​ថ្ងៃ​ទី៨​ឧសភា នេះ។
កង​កម្លាំង​សន្តិសុខ​អេហ្ស៊ីប​​ដាក់ពង្រាយ​នៅសង្កាត់ដ៏កុះករ​មួយនៃទីក្រុងគែរ​ ជាទីដែលមានការប្រឈមមុខដាក់គ្នា​ រវាងសហគមន៍​គ្រិស្តសាសនា coptes និងអ៊ីស្លាម​ថ្ងៃ​ទី៨​ឧសភា នេះ។ Reuters/Asmaa Waguih
ផ្សាយពាណិជ្ជកម្ម

ភាព​តានតឹង នៅ​តែ​គ្រប​ដណ្តប់​ជុំវិញ វិហារ​គ្រិស្តសាសនា Mar Mina ជានិច្ច។ កងទ័ព​អេហ្ស៊ីប នៅតែ​បន្ត​បាញ់​ឡើង​លើ​ និង​​ប្រើ​គ្រាប់បោក​ចេញ​ផ្សែង​បង្ហូរ​ទឹកភែ្នក ដើម្បី​វាយ​បំបែក ពួក​អ៊ីស្លាម​ជ្រុលនិយម​ឲ្យ​ចាក​ចេញ​ឆ្ងាយ​ពី វិហារ​គ្រិស្ត​សាសនា​អេហ្ស៊ីប។

មិនតែ​ប៉ុណ្ណោះ ក្រសួង​ការពារ​ជាតិ​អេហ្ស៊ីប បាន​បញ្ជូន​កងទ័ព​ជើង​គោក​មួយ​អង្គភាព​ អម​ដោយ​រថក្រោះ​ជា​ច្រើន​គ្រឿង​ផង ក៏ព្រម​ទាំង​ប៉េអិម​ទៀត​ផង ដើម្បី​ធ្វើ​ប្រតិបត្តិការ​កំចាត់​​​ការ​វាយលុក​របស់​ពួក​អ៊ីស្លាម​ជ្រុលនិយម​ទៅលើ​វិហារ​គ្រិស្តសាសនា​អេហ្ស៊ីប។

យោង​តាម​សាក្សី អន្តរាគមន៍​ដ៏​យឺត​ពេល​របស់​យោធា​អេហ្ស៊ីប​នេះ បាន​ធ្វើ ឲ្យ​មាន​អំពើ​ហិង្សា​កាន់តែ​ខ្លាំង​ឡើង។ ឧបករណ៍​សំរាប់​វាយ​ប្រហារ​មាន​ដូច​ជា ពូថៅ កាំបិត ដំបង​ធំ គ្រឿង​ដុត​បញ្ឆេះ(Cocktail Molotov) និង កាំភ្លើង​ទៀត​ផង ត្រូវ​បាន​ប្រើប្រាស់​​ដោយ​​ពួក​អ៊ីស្លាម​ឈ្លាន​ពាន​​និង​ពួក​អ្នក​ការពារ​វិហារ ជា​ច្រើន​ពាន់​នាក់។ អគារ​មួយ​របស់​វិហារ​គ្រិស្តសាសនា​បាន​ឆេះ​ទ្រលោម ក៏ព្រមទាំង ហាង​លក់​ទំនិញ​និង លំនៅឋាន​ជា​ច្រើន​ខ្នង​របស់​សហគមន៍​គ្រិស្តសាសនា​។

ដោយឡែក វិហារ​គ្រិស្តសាសនា​កាតូលិក​មួយ​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ដូច​គ្នា​នេះ​ ក៏​​បាន​ទទួល​រង​ការ​វាយប្រហារ​ដោយ​គ្រឿង​ដុត​បញ្ឆេះ​ដែរ។  ឧប្បត្តិហេតុ​ហិង្សា​នេះ បាន​​ចាប់​ផ្ទុះ​ឡើង​ដោយហេតុ​តែ​​ពាក្យ​ចចាម​អារ៉ាម​មួយ​ បាន​លេច​ឮ​ថា វិហារ​គ្រិស្តសាសនា​អេហ្ស៊ីប​នៅ​ក្រុង Imbaba ដែល​ស្ថិត​នៅ​ជិត​ទីក្រុង​គែរ​នេះ បានចាប់ឃុំឃាំងស្រ្តី​កាន់​​គ្រិស្តសាសនា​​មួយ​រូប​តាំង​ពី​៧​ខែ​មក​ហើយ ដោយហេតុ​តែ​ស្រ្តី​រូប​នេះ​​មាន​បំណង​ចង់​ប្តូរ​​មក​កាន់​​សាសនា​​អ៊ីស្លាម​វិញ។

ពាក្យ​ចចាមអារ៉ាម​នេះ បាន​លេច​ឮ​សុស​សាយ​ខ្លាំង​ឡើងៗ តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម មីក្រូ​របស់​វិហារ​អ៊ីស្លាម​ជា​ច្រើន ​​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ប៉ែក​ខាង​លិច​ទីក្រុង​គែរ- សង្កាត់​ដែល មាន​សំណង់​អនាធិបតេយ្យ​ដ៏​ច្រើន​ និង​ដែល​ត្រូវ​គេ​ប្រសិទ្ធនាម​ឲ្យ​ថា  « សាធារណរដ្ឋ​អ៊ីស្លាម »​ Imbaba៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ