អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វេទិកា​កំពូល​អង្គការ​ប្រទេស​និយាយ​ភាសា​បារាំង​ចាប់​បើក​នៅ​ប្រទេស​សេណេហ្គាល់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​ប្រទេស​និយាយ​ភាសា​បារាំង ឡា ​ហ្វ្រង់កូហ្វូនី លើក​ទី​១៥ ​កំពុង​តែ​ចាប់ផ្តើម​ធ្វើ​ឡើង​ នៅ​ទីក្រុង​ដាកកា ​ប្រទេស​ សេណេហ្គាល់។ វេទិកា​កំពូល​ដែល​បាន​ចាប់​ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី២៩​​វិច្ឆិកា​ នេះ ​នឹង​ធ្វើ​ការ​ពិភាក្សា​គ្នា​លើ​ប្រធាន​បទ​ជា​ច្រើន​ ទាក់ទិន​ទៅនឹង​ការ​លើក​កំពស់​សិទ្ធិ​ស្រី្ត ​និង​ការ​ផ្តល់​ឱកាស​ឲ្យ​យុវជន ​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ដោយ​គុណភាព​ខ្ពស់ ​ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​ និង​អត្រា​អត់​ការងារ​ធ្វើ។ ប៉ុន្តែ​ចំណុច​មួយ​ទៀត​ដែល​សំខាន់​ដែរ​នោះ ​គឺ​ការ​ជ្រើសរើស​ប្រធាន​ថ្មី​​ របស់​អង្គការ​កំពូល​មួយ​នេះ។

រូបថត មហាគ្រួសារ Francophonie នៅទីក្រុង​ដាកកា ប្រទេស​សេណេហ្គាល់ ថ្ងៃទី ២៩ វិចិ្ឆកា ២០១៤
រូបថត មហាគ្រួសារ Francophonie នៅទីក្រុង​ដាកកា ប្រទេស​សេណេហ្គាល់ ថ្ងៃទី ២៩ វិចិ្ឆកា ២០១៤ AFP PHOTO/STR
ផ្សាយពាណិជ្ជកម្ម

អង្គការ​ប្រទេស​និយាយ​ភាសា​បារាំង ​ដែល​គ្រប់​គ្នា​ហៅ​ថា La Francophonie គឺ​ជា​អង្គការ​ដែល​បង្រួប​បង្រួម​ប្រទេស​ជា​ច្រើន​ នៅ​លើ​ពិភពលោក​យើង​នេះ ដែល​មាន​អ្នក​និយាយ​ភាសា​បារាំង។ អង្គការ​នេះ​មាន​សមាជិក​ពេញ​សិទ្ធិ​ ចំនួន​៥៧ ​ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ។ ក្រៅ​ពី​សមាជិក​ទាំង​៥៧​នេះ មាន​ប្រទេស​២០​ទៀត​ ដែល​ជា​សមាជិក​សង្កេតការណ៍ ដូច​ជា​ប្រទេស​ថៃ​ជា​ដើម។ ចំណុច​រួម​របស់​ប្រទេស​សមាជិក​ទាំង​អស់ គឺ​តាម​បណ្តា​ប្រទេស​ទាំង​នោះ មាន​អ្នក​ប្រើប្រាស់​ភាសា​បារាំង​ច្រើន។ យោង​តាម​តួលេខ​ផ្លូវការ ​សរុប​ទាំងអស់​ មាន​អ្នក​និយាយ​ភាសា​បារាំង​មិន​តិច​ជាង ២៧៤លាន​នាក់​ទេ ហើយ​ដែល​ភាគ​ច្រើន​ គឺ​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក។

បេសកកម្ម​របស់ La Francophonie​ មាន​ច្រើន​ចំណុច ​តែ​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ បេសកកម្ម​ទាំង​នោះ​រួម​មាន ​ការ​លើក​កំពស់ និង​ផ្សព្វផ្សាយ​ភាសា​បារាំង ​ព្រម​ទាំង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​វប្បធម៌​គ្នា​ទៅវិញ​ទៅមក​ តាម​ប្រទេស​សមាជិក ​ការ​លើក​កំពស់​សន្តិភាព ​និង​ការ​ការពារ​សិទ្ធិ​មនុស្ស ​ពង្រឹង​វិស័យ​អប់រំ ជា​ពិសេស ​នៅ​ថ្នាក់​ឧត្តម​សិក្សា​ និង​ការ​ស្រាវជ្រាវ​ផ្សេងៗ ​និង​ជា​ចុង​ក្រោយ​ គឺ​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​ ដោយ​យោង​ទៅ​លើ​ការ​ការពារ​បរិស្ថាន ​ធនធាន​ធម្មជាតិ និង​បិតិកភណ្ឌ​វប្បធម៌ ​ជាដើម។

វិស័យ​អប់រំ ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​វិស័យ​ចំបង ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ព្រមទាំង​អំពើ​ហិង្សា​ក្នុង​សង្គម។ ​ចំណុច​ទាំងនេះ​ វា​នឹង​អនុញ្ញាត​ឲ្យ​មាន ការ​កសាង​និតិរដ្ឋ​ប្រកប​ដោយ​សន្តិភាព​ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ ​ការងារ​ដែល La Francophonie បាន​ធ្វើ​កន្លង​មក​ក្នុង​វិស័យ​អប់រំ​នេះ​ មាន​ច្រើន​ណាស់ ដោយ​បាន​លើក​គម្រោង​សហ​ប្រតិបត្តិការ​ ជាមួយ​ប្រទេស​សមាជិក ​ជួយ​បណ្តុះ​បណ្តាល​យុវជន ​ជា​ពិសេស​ ក្នុង​ថា្នក់​ឧត្តមសិក្សា។ មាន​និសិ្សត​ខ្មែរ​យើង​ច្រើន​រយនាក់​ ដែល​បាន​ទទួល​អាហាររូបករណ៍​ពី​អង្គការ​នេះ ដើម្បី​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស។

ជំនួប​កំពូល​លើក​ទី​១៥ ក្រោម​សំពាធ​បញ្ហា​ធំៗ​៤៖
 
ការគោរពសិទ្ធិស្រី្ត
ជំនួប​កំពូល​លើក​ទី​១៥​នេះ មាន​ប្រធានបទ​សំខាន់ ចំនួន​៣ ទីមួយ​គឺ​ការ​លើក​កំពស់​ការ​គោរព​សិទ្ធិស្រ្តី ជា​ពិសេស​នៅ​តាម​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក ដែល​ស្ត្រី​តែងតែ​ទទួល​រង​នូវ​ការ​ធ្វើបាប​ពី​សង្គម​ ក៏​ដូច​ជា​គ្រួសារ។ ជា​ទូទៅ​នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ​ទាំង​នោះ ​ស្រី្ត​តែងតែ​ត្រូវ​គេ​រំលោភ​បំពាន ​មិន​អនុញ្ញាត​ឲ្យ​បាន​រៀន​វែង​ឆ្ងាយ ​ហើយ​ចាប់​បង្ខំ​ឲ្យ​មាន​គ្រួសារ​ ​តាំង​ពី​នៅ​ក្មេង។

យុវជន វបតិ្តអត់ការងារធ្វើ ហិង្សា និង​វិបត្តិ​នយោបាយនៅអាហ្វ្រិក
 
ចំណុច​ទី​ពីរ ​គឺ​ទាក់ទង​ទៅ​នឹង​វិបត្តិ​អត់​ការងារ​ធ្វើ​របស់​យុវជន។ បញ្ហា​នេះ ​វា​វិល​ត្រឡប់​ទៅ​ដល់​ការងារ​ចម្បង​របស់ ​La Francophonie គឺ​វិស័យ​អប់រំ។ ការ​អប់រំ​ដែល​មាន​គុណភាព នឹង​អនុញ្ញាត​ឲ្យ​យុវជន មាន​ការ​យល់​ដឹង អាច​ឈោង​ចាប់​ជំនាញ​វិជ្ជាជីវៈ​មួយ​ច្បាស់​លាល់​ ហើយ​ត្រូវ​ទៅ​តាម​ទីផ្សារ​ការងារ។ ប្រទេស​សមាជិក​ទាំង​អស់ នឹង​ចែក​រំលែក​បទពិសោធន៍​គ្នា​នៅ​ក្នុង​វេទិកា​នេះ។

អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​នោះ ដូច​យើង​បាន​ដឹង​ស្រាប់អំពីស្ថានភាព នៅ ទ្វីប អាហ្វ្រិក បច្ចុប្បន្ន​  ដែល​មាន​អំពើ​ហិង្សា​ស្ទើរ​គ្រប់​ទី​កន្លែង ជា​ពិសេស​ បង្ក​ឡើង​ដោយ​ពួក​ឧទ្ទាម​អ៊ីស្លាម​ជីហាត​ជ្រុល​និយម។ ពួក​នេះ​វា បាន​អូសទាញ​យុវជន​ ដែល​តែល​តោល ​គ្មាន​ការងារ​ធ្វើ​ យក​ទៅ​បំពាក់​បំប៉ន ​ពង្វក់​ឲ្យ​ប្រើ​ប្រាស់​អំពើ​ហិង្សា។ ចង់ ​លប់​បំ​បាត់ អំពើ​ហិង្សា​ទាំងនេះ ​ទាល់​តែ​យើង​តំរង់​ផ្លូវ​យុវជន​ថ្មី​ជំនាន់​ក្រោយ​ ពី​ឥឡូវ​ទៅ។ ប្រទេស​សមាជិក​ទាំង​អស់ នឹង​ពិភាក្សា​គ្នា​លើ​សេចក្តី​សម្រេច​ចិត្ត​ ទាំង​៩​ចំណុច ទាក់​ទិន​ទៅ​ហ្នឹង​វិបត្តិ ​នៅ​ប្រទេស​ម៉ាលី​ ប្រទេស​អាហ្វ្រិកក​ណ្តាល  និង​ប្រទេស​បួគីណាហ្វាសូ។

មេរោគអេបូឡា
បញ្ហា​ទី​បី​ដែល​សំខាន់​ដែរ​គឺ ការ​ប្រឈមមុខ​នឹង​មេរោគ​អេបូឡា​(EBOLA)។ មេរោគ​ដ៏​កាច សាហាវ​នេះ​ កំពុង​តែ​យាយី​អាយុ​ជីវិត របស់​ប្រជាជន​នៅ​ទ្វីប​អាហ្វ្រិក ភាគ​ខាង​កើត។ ប្រទេស​បារាំង និង​ដែល​ជា​ដើម​គំនិត​ដំបូង​របស់​អង្គការ​នេះ​ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​កម្ចាត់​មេរោគ​អេបូឡា ព្រោះ​ថា​បារាំង​មាន​សមត្ថភាព​វិជ្ជសាស្រ្ត និង​ការ​ស្រាវជ្រាវ​ឱសថសាស្រ្ត​ ស្ទើរ​តែ​លើស​គេ​ទាំង​អស់។

នរណា នឹង​ក្លាយ​ជា​ប្រធាន​ថ្មី?
ប៉ុន្តែ ទន្ទឹម​គ្នា​នេះ ប្រធាន​បទ ដែល​គេ​កំពុងតែ​តាមដាន​មែនទែន​នោះ គឺ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ជ្រើសរើស​ប្រធាន​ថ្មី​របស់​អង្គការ​ប្រទេស​និយាយ​ភាសា​បារាំង La Francophonie។ គ្រប់​គ្នា​ចង់​ដឹង​ណាស់​ថា អ្នក​ណា​ នឹង​មក​ជំនួស​កន្លែង​លោក អាប់ឌូ ឌីយូស (Abdou Diouf) ដែល​ជា​ប្រធាន​អង្គការ​នេះ​ តាំង​ពី​ឆ្នាំ​២០០៣​មក។

បេក្ខជន​មាន​បីរូប។ កាណាដា ក៏​ដូច​ជា​តំបន់​កេបិក (Québec) បាន​ស្នើរ​បេក្ខភាព​លោក​ស្រី មីកាអែល ហ្សង់​(Michaëlle Jean) ជា​ជនជាតិ​កាណាដា ដើម​កំណើត​ហៃទី។ លោកស្រី មីកាអែល​ហ្សង់ បាន​ទាំង​ធ្វើ​ដំណើរ​ មក​ដល់​កម្ពុជា​យើង ​ឡាវ ​និង​វៀតណាម​ផង​ដែរ ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​សមាជិក​ទាំង​បី​នេះ។ បេក្ខជន​ទី​ពីរ​គឺ​លោក ហ្សង់ ក្លូដ ដឺឡេស្ត្រាក់ (Jean-Claude de l’Estrac) ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​កោះ​ម៉ូរីស។ រដ្ឋាភិបាល​បារាំង​បាន​គាំទ្រ​បេក្ខភាព​ទាំង​ពីរ​រូប​នេះ។ បេក្ខជន​ទី​បី គឺ​លោក ព្យ៉ែរ ប៊ុយោយ៉ា (Pierre Buyuya) ដែល​ជា​អតីត​ប្រធានាធិបតី​ របស់​ប្រទេស​ប៊ុយរុនឌី។ មាន​ការ​មិន​ពេញ​ចិត្ត​ខ្លះ​ពី​បណ្តា​ប្រទេស​សមាជិក​ផ្សេងទៀត​ លើ​រូប​លោក ប៊ុយោយ៉ា ព្រោះ​ថា​គាត់​បាន​កាន់​កាប់​តំណែង​ជា​ប្រធានាធិបតី​ពីរ​លើក ហើយ​លើក​ណា​ក៏​ដោយសា​តែ​បាន​ប្រើ​កម្លាំង​យោធា​ដែរ។

សូម​បញ្ជាក់​ថា​ក្រៅ​ពី​បារំាង​ ដែល​បាន​ផ្គត់ផ្គង់​ប្រាក់​ដល់​អង្គការ​ La Francophonie​នេះ កាណាដា និង​កេបិក ជា​ប្រទេស​ទីពីរ​ដែល​ផ្តល់​ប្រាក់​ច្រើន​ជាង​គេ។​ ដូច្នេះ កាណាដា​សង្ឃឹម​យ៉ាង​ខ្លាំង ថា លើក​នេះ តំណែង​ប្រធាន​ គួរណាស់​តែ​ផ្តល់​ទៅ​ឲ្យ​កាណាដា។ ទោះ​បី​ជា​យ៉ាងណា មុន​នឹង​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត ​ប្រទេស​ទាំងអស់​ត្រូវ​ពិភាក្សា​គ្នា​សិន​ ដើម្បី​ស្វែងរក​ ការ​ព្រមព្រៀង​រួម​គ្នា ចៀសវៀង​កុំ​អោយ​សម្លេង​ឆ្នោត​ បែក​ខ្ចាត់​ខ្ចាយ ​ធ្វើ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា។

សេណេហ្គាល់​ចំណាយ​លុយ​ដ៏​សម្បើម​ ដើម្បី​លើក​មុខមាត់៖
ការ​រៀប​ចំ​ទទួល​គណៈប្រតិភូ​ សមាជិក​អង្គការ​ប្រទេស​និយាយ​ភាសា​បារាំង គឺ​សេណេហ្គាល់ បាន​ធ្វើ​វា​ធំ​ដំ​សម្បើម​ណាស់ ។ព្រលាន​យន្តហោះ​ជួសជុល​ថ្មី អាគារ​ប្រជុំ​ក៏​ធ្វើ​ថ្មី​ស្រឡាង​តែ​ម្តង។ មាន​ពាក្យ​រិះគន់​ច្រើន​ណាស់ ថា​សេណេហ្គាល់ ចាយ​លុយ​អស់​ច្រើន​ជ្រុល ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​នេះ ទន្ទឹម​ពេល​ដែល​ប្រជាជន​ប្រទេសនេះ​រស់នៅ​ក្នុង​ភាព​ក្រីក្រ។ យោង​តាម​ពត៌មាន គ្រាន់​តែ​ថ្លៃ​សម្ភារៈ​ផ្សេងៗ ​សម្រាប់​ដំនើរ​ការ​ប្រជុំ មាន​ទឹក​ប្រាក់​ប្រហែល​ ១៥​លានអឺរ៉ូ ​ហើយ​ចំណែក​អាគារ​សន្និសីទ​ថ្មី​ទំនើប​នោះ​វិញ ចំណាយ​ប្រាក់​សាងសង់​ដល់​ទៅ ៧៦លាន​អឺរ៉ូ​ឯណោះ ។ ពាក្យ​រិះគន់​គេ​ថា គ្រាន់​តែ​មក​ប្រជុំ​គ្នា​ថត​រូប​ជុំ​គ្នា​សោះ​ ចំណាយ​ប្រាក់​ច្រើន​ជ្រុល។ គេ​រិះគន់ La Francophonie ទៀត​ថា​គួរ​ណា​តែ គិត​គូ​ពី​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ប្រទេស​សមាជិក​ក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ