មេបក្សប្រឆាំងជាប់ឆ្នោតប្រធានាធិបតីជាលើកទីមួយក្នុងប្រវត្តិប្រជាធិបតេយ្យក្មេងខ្ចីនីហ្សេរីយ៉ា
ពលរដ្ឋនីហ្សេរីយ៉ា រង់ចាំសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីជាប់ឆ្នោតថ្មី តាំងពីល្ងាចម្សិលមិញម្ល៉េះ ប៉ុន្តែលោក ម៉ុហាម៉ាឌូ ប៊ូហារី (Muhammadu Buhari) បានសម្រេចចិត្តរង់ចាំ ស្តាប់លទ្ធផលផ្លូវការប្រកាសដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតសិន មុននឹងចេញមុខធ្វើសុន្ទរកថា នៅព្រឹកថ្ងៃពុធទី ១ មេសា ២០១៥នេះ។ បើតាមលទ្ធផល លោក ម៉ុហាម៉ាឌូ ប៊ូហារី បេក្ខជនមកពីបក្សប្រឆាំង បានទទួលសំឡេងគាំទ្រ៥៣,៩៥% ទល់នឹងប្រធានាធិបតីផុតអាណត្តិ៤៤,៩៦%។ ជោគជ័យរបស់លោក លោក ម៉ុហាម៉ាឌូ ប៊ូហារី គឺជារបត់ថ្មីជាប្រវត្តិសាស្ត្ររបស់នីហ្សេរីយ៉ា ដែលតាំងពីបានឯករាជ្យនៅឆ្នាំ ១៩៦០មក បានស្គាល់រដ្ឋប្រហារយោធាដល់ទៅ៦ដង និងដែលដឹកនាំដោយបក្សតែមួយ តាំងពីរបបផ្តាច់ការយោធាបានដួលរំលំទៅ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ម៉ូហាម៉ាឌូ ប៊ូហារី ជានរណា ?
កើតនៅឆ្នាំ១៩៤២ នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា លោក ម៉ូហាម៉ាឌូ ប៊ូហារី កាន់ស៊ុបសាសនាអ៊ីស្លាម និងជាកូនពៅនៅក្នុងគ្រូសារដែល មានបងប្អូនដល់ទៅ២៣នាក់។ រៀបការពីរដង និងមានកូនទាំងអស់១០នាក់។
លោក ម៉ូហាម៉ាឌូ ប៊ូហារី មិនមែនជាឥស្សរជននយោបាយថ្មីថ្មោង របស់នីហ្សេរីយ៉ាទេ។ លោក ធ្លាប់ជារដ្ឋមន្ត្រីក្រសួងថាមពលប្រេង និងពិសេស ជាអតីតឧត្តមសេនីយ៍ ធ្លាប់ចូលប្រលូកក្នុងយោធាតាំងពីអាយុ១៩ឆ្នាំ បន្ទាប់មកបានទៅបំពាក់បំប៉នផ្នែកយោធានៅអង់គ្លេស រហូតបានក្លាយជាបុគ្គលសំខាន់ម្នាក់ ចូលរួមចំណែកធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៦៦។
នៅឆ្នាំ១៩៨៣ គឺរូបលោកផ្ទាល់តែម្តងដែលជាអ្នកដឹកនាំធ្វើរដ្ឋប្រហារទម្លាក់ប្រមុខរដ្ឋយោធា ដើម្បីឡើងកាន់អំណាចដោយខ្លួនឯង។ ប៉ុន្តែបានត្រឹមតែ២០ខែ (នៅឆ្នាំ១៩៨៥) ឧត្តមសេនីយម្នាក់ទៀត ជាមិត្តរួមជំនាន់ក៏ធ្វើរដ្ឋប្រហារទម្លាក់លោកម្តង។ តាំងពីពេលនោះមក លោក ម៉ូហាម៉ាឌូ ប៊ូហារី បានបាត់ខ្លួនពីឆាកនយោបាយនីហ្សេរីយ៉ាអស់រយៈពេលប្រមាណជា២០ឆ្នាំ។
ក្រោយរបបផ្តាច់ការដួលរលំទៅ នីហ្សេរីយ៉ា បានស្គាល់គន្លងលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ១៩៩៩មក លោក ម៉ូហាម៉ាឌូ ប៊ូហារី បានត្រលប់មកធ្វើនយោបាយវិញ និងបានចូលរួមបោះឆ្នោតប្រធានាធិបតីដល់ទៅបីលើក នៅឆ្នាំ២០០៣ - ២០០៧ និង២០១១។ ប៉ុន្តែអតីតប្រមុខរដ្ឋយោធានីហ្សេរីយ៉ា តែចាញ់ឆ្នោតជារៀងរហូត។ លោកតែងចាត់ទុកខ្លួនថាជាជនរងគ្រោះ អំពីភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត ប៉ុន្តែការទាមទារទៅតុលាការមិនដែលបានសម្រេចទេ។
ទើបតែនៅលើកនេះ ក្នុងនាមជាប្រមុខបក្សប្រឆាំង ដែលលោកបានបង្រួបបង្រួមគ្នាជាធ្លុងមួយ ក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សតាមរយៈការបោះឆ្នោតផ្ទៃក្នុង លោក ម៉ូហាម៉ាឌូ ប៊ូហារី មានជំនឿទុកចិត្តលើជោគជ័យតាំងពីក្នុងពេលកំពុងឃោសនា។
យុទ្ធសាស្ត្ររបស់លោក ប៊ូហារី
មិនសូវចេះនិយាយស្តី មិនពូកែខាងទំនាក់ទំនង តែជាមនុស្សសាច់ការ កាចហ្មត់ចត់ មានសមត្ថភាព និងមិនចេះក្អេងក្អាង គ្រប់គ្នាបាននឹងឃើញដល់ លោក ម៉ូហាម៉ាឌូ ប៊ូហារី អតីតមេដឹកនាំធ្វើរដ្ឋប្រហារបានបង្ហាញ ខ្លួនជាអ្នកផ្តាច់ខ្លួនមកប្រកាន់យកលទ្ធិប្រជាធិបតេយ្យ និងបានសន្យាបោសសម្អាត ជំងឺស៊ីរ៉ូងផ្ទៃក្នុងមួយដែលធ្វើឱ្យមហាអំណាចសេដ្ឋកិច្ចទីមួយរបស់អាហ្វ្រិករងគ្រោះខ្លាំង គឺកម្ចាត់អំពើពុករលួយ។ អំពើពុករលួយដែលគេឃើញមានកាន់តែច្រើនឡើងៗ នៅក្នុងបក្សកាន់អំណាច ជាពិសេសសំណុំរឿងពុករលួយក្នុងវិស័យប្រេង ដែលជាប្រភពធនធានធម្មជាតិដ៏សំខាន់មួយរបស់ប្រទេស។ ធនធានប្រមាណជា១០% ត្រូវបានគេបង្វែរដាន។
ថ្វីបើនៅក្នុងពេលឃោសនាបោះឆ្នោត គណបក្ស ប្រជាធិបតេយ្យប្រជាជន កំពុងកាន់អំណាចបានវាយប្រហារ លោក ម៉ូហាម៉ាឌូ ប៊ូហារី ថាជាបេក្ខជនអ៊ីស្លាម ដ៏គ្រោះថ្នាក់ អាចនាំនីហ្សេរីយ៉ាឱ្យធ្លាក់ក្នុងច្បាប់អ៊ីស្លាមCharia តែបេក្ខជនបក្សប្រឆាំងរូបនេះ អាចវាយបកតបវិញអំពីអសមត្ថភាពរបស់បក្សកាន់អំណាចនៅចំពោះមុខភាពហិង្សារបស់ពួកអ៊ីស្លាមជ្រុលនិយមបូកូអារ៉ាម។ រូបលោកផ្ទាល់ ក៏វិះតែនឹងបាត់បង់ជីវិត ក្នុងអំពើភេរវកម្មអត្តឃាត កាលពីខែកក្កដា ឆ្នាំ២០១៤។ ការប្រយុទ្ធប្រឆាំងនឹងពួកបូកូអារាម បានក្លាយជាចំណុចខ្លាំងរបស់លោកប៊ូហារី ព្រោះលោកធ្លាប់ជាអតីតឧត្តមសេនីយ៍។
លើផ្នែកយុទ្ធសាស្ត្រវិញ លោកបានលុបចោលយ៉ាងស្អាតស្រលះរូបភាពជាអ្នកប្រកាន់សាសនាឬកុលសម្ពន្ធ ដោយបានជ្រើសរើស លោក យេមី អូស៊ីនបាហ្សូ ជាអ្នកកាន់សាសនាគ្រិស្ត ប្រសូតចេញកុលសម្ព័ន្ធនៅភាគខាងត្បូងនីហ្សេរីយ៉ានិងប្រកបទៅដោយបទពិសោធន៍ការងារ ជាតិនិងនៅលើឆាកអន្តរជាតិ ជាដៃគូដឹកនាំប្រទេស ក្នុងនាមជាបេក្ខជនអនុប្រធានាធិបតីនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតតែម្តង។
ជាចុងក្រោយ គឺការបែកបាក់របស់គណបក្សកាន់អំណាច ! អតីតប្រធានាធិបតីនីហ្សេរីយ៉ា នៃគណបក្សប្រជាធិបតេយ្យប្រជាជនកំពុងកាន់អំណាច ជាមួយគ្នានឹងប្រធានាធិបតីផុតអាណត្តិលោកហ្សូណាតាន់ជាបេក្ខជន បានសម្រេចដើរចេញពីបក្ស មកចងសម្ព័ន្ធភាពជាមួយលោក ម៉ូហាម៉ាឌូ ប៊ូហារី។
ក្តីសង្ឃឹមរបស់ពលរដ្ឋនីហ្សេរីយ៉ា
នៅក្នុងអតីតកាល ជាពិសេសក្នុងរយៈពេលដែល នីហ្សេរីយ៉ា កំពុងស្ថិតក្រោមការដឹកនាំសឹក លោក ម៉ូហាម៉ាឌូ ប៊ូហារី ក៏ជាប់ឈ្មោះជាមេដឹកនាំផ្តាច់ការ ធ្វើរដ្ឋប្រហារដណ្តើមអំណាចដែរ។ លើសពីនេះទៅ នៅពេលកាន់អំណាចរយៈពេល ២០ខែនោះ លោក ម៉ូហាម៉ាឌូ ប៊ូហារី បានប្រើអនុវត្តច្បាប់យ៉ាងតឹងរឹង ដោយឈរលើគោលការណ៍មួយ គ្រប់គ្នាត្រូវគោរពវិន័យ។ ការវាយដំ ឬទណ្ឌកម្មត្រូវបានដាក់ដោយគ្មានត្រាប្រណី ! ការកាត់ទោសប្រហារជីវិត ត្រូវធ្វើឡើងជាសាធារណៈ ផងចំពោះជនប្រព្រឹត្តការជួញដូរគ្រឿងញៀន ... និងត្រូវបានទទួលស្គាល់ជាស្រេចអំពីស្នាដៃប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោក ម៉ូហាម៉ាឌូ ប៊ូហារី ទំនងជាប្រធានាធិបតីម្នាក់ក្នុងចំណោមប្រមុខដឹកនាំប្រទេសដែលគ្មានពាក់ព័ន្ធនឹងសំណុំរឿងពុករលួយក្នុងក្រុមហ៊ុនប្រេង។ ចំណុចនេះហើយដែលធ្វើគ្រប់គ្នាមានទំនុក និងអាចផ្ញើក្តីសង្ឃឹមបាន។
បើនិយាយជាលក្ខណៈទូទៅ ទូលំទូលាយថ្នាក់ជាតិវិញ ថ្វីបើការក្នុងពេលឃោសនានិងបោះឆ្នោត ពួកបូកូអារ៉ាម បានបង្កអសន្តិសុខនិងសម្លាប់ជីវិតមនុស្សអស់ជាង១០នាក់មែន ប៉ុន្តែការបោះឆ្នោតនេះ បានប្រព្រឹត្តដោយរលូន និងដោយតម្លាភាពគួរឱ្យកោតសរសើរ។ កាលពីបួនឆ្នាំមុន បរាជ័យរបស់លោក ប៊ូហារី នៅចំពោះមុខ លោកប្រធានាធិបតីផុតអាណត្តិ Goodluck Jonathan ពេលនោះក្រុមសហគមន៍អ៊ីស្លាមបានផ្ទុះកំហឹង បង្កឱ្យមានអំពើហិង្សាបង្ហូរឈាម ស្លាប់មនុស្សប្រមាណ៨០០នាក់។ ប៉ុន្តែនៅថ្ងៃនេះ ប្រធានាធិបតីផុតអាណត្តិ បានទទួលស្គាល់ បរាជ័យរបស់ខ្លួន សរសើរអំពីជោគជ័យរបស់គូប្រជែង និងអំពាវនាវពលរដ្ឋឱ្យស្ងប់ស្ងាត់ទទួលស្គាល់លទ្ធផលឆ្នោត។ កាយវិការនេះ បញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យកំពុងចាក់ឬសចាក់គល់ក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេនៅអាហ្វ្រិកហើយ។ សង្ឃឹមថានីហ្សេរីយ៉ាស្ថិតលើគន្លងនេះយូរអង្វែងតទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ