អានតួអត្ថបទ
បារាំង-អាហ្វ្រិក

ប្រជាធិបតេយ្យ​នៅ​អាហ្វ្រិក កម្មវត្ថុ​នៃ​ដំណើររ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង

លោក​ហ្រ្វង់ស័រ ហូឡង់ ​ប្រធានាធិបតី​បារាំង ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​រយៈ​ពេល​ពីរ​ថ្ងៃ។ ចាប់​ផ្តើម​ពី​ប្រទេស​បេណាំង ​ដែល​លោក​បាន​អញ្ជើញ​ទៅ​ដល់ ​កាល​ពី​យប់​ថ្ងៃ​ពុធ ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ​លោក​ប្រធានាធិបតី​បារាំង ​និង​បន្ត​ដំណើរ​ នៅ​ថ្ងៃ​ស្អែក ​ទៅ​ប្រទេស ​កាមេរូន​ និង​ប្រទេស​អង់ហ្គោឡា។ ក្រៅ​ពី​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ និង​បើក​ឱកាស​វិនិយោគ​ដល់​សហគ្រាស​បារាំង ​នៅ​តាម​ប្រទេស​ទាំង​នេះ​ កម្មវត្ថុ​ចំបង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ​គឺ​ផ្តោត​សំខាន់​ ទៅ​លើ​ការ​លើក​កំពស់​ ការ​គោរព​លទ្ធិ​ប្រធិបតេយ្យ ​ដែល​ស្តែង​ចេញ​តាម​រយៈ​ ការ​ផ្លាស់ប្តូរ​អំណាច ​និង​អ្នក​ដឹក​នាំ ​មិនមែន​ជា​មនុស្ស​ដដែលៗ ​ដែល​ដឹក​នាំ​ប្រទេស​ ពី​២០ ​ឬ​៣០​ ឆ្នាំ​នោះ​ទេ។

លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីបារាំង ពេលអញ្ជើញ​ទៅ​ដល់ព្រលាន​យន្តហោះ​​ក្រុង កូតូនូ​ ដោយ​​មាន​​លោក​​ប្រធានា​ធិបតី​បេណាំង​ដើរ​ពី​ក្រោយ
លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីបារាំង ពេលអញ្ជើញ​ទៅ​ដល់ព្រលាន​យន្តហោះ​​ក្រុង កូតូនូ​ ដោយ​​មាន​​លោក​​ប្រធានា​ធិបតី​បេណាំង​ដើរ​ពី​ក្រោយ REUTERS/Charles Placide Tossou
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​បារាំង ​បាន​សម្រេច​ជ្រើសរើស​យក​ប្រទេស​បេណាំង ​គឺ​ដោយសារ​ថា ​បេណាំង​ជា​ប្រទេស​គំរូ ​ក្នុង​ការ​គោរព​លិទ្ធិ​ប្រជា​ធិបតេយ្យ ​ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត​ នៅ​អាហ្វ្រិក។ លោក ប្រធានាធិបតី​បារាំង ​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង ​កូតូនូ​ រដ្ឋធានី​ប្រទេស​បេណាំង ​នៅ​យប់​ថ្ងៃ​ពុធ​ វេលា​ម៉ោង ១២​យប់ ​ដោយ​មាន​លោក ​ប្រធានាធិបតី​បេណាំង ​តូម៉ាស បូ​នីយាយី ​ចាំ​ទទួល​។

 
បេណាំង​ ប្រទេស​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​គំរូ​នៅ​អាហ្វ្រិក៖
ដំណើរ​ទស្សនកិច្ច​របស់​លោក ​ហ្វ្រង់ស័រ ហូឡង់​លើក​នេះ ​គឺ​ដើម្បី​បញ្ជាក់​ពី​គោល​ជំហរ​របស់​បារាំង ​ក្នុង​ការ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ជំរុញ​ឲ្យ​ប្រទេស​នៅ​អាហ្វ្រិក​ ​នាំ​គ្នា​គោរព​ ព្រោះ​ថា​តែ​កាល​ណា​គ្មាន​លទ្ធិ​ប្រជា​ធិបតេយ្យ ​ទ្វីប​អាហ្វ្រិក​នៅតែ​ក្រីក្រ​ជា​ដរាប។ ហេតុ​អ្វី​បាន​ថា បេណាំង​ជា​ប្រទេស​គំរូ​ដែល​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ? គឺ​ដោយសារ​ ជាង​២០​ឆ្នាំ​មក​ហើយ ​បេណាំង​ដែល​ជា​ប្រទេស​តូច​មួយ​ នៅ​អាហ្វ្រិក​ បាន​ផ្លាស់​ប្តូរ​គណបក្ស​នយោបាយ​​ដឹក​នាំ​ប្រទេស ​ដល់​ទៅ​បីដង។ ដែល​នេះ​គឺ​ជា​រឿង​កម្រ​ណាស់ ​នៅ​ទ្វីប​អាហ្វ្រិក។

មេ​ដឹក​នាំ​ភាគ​ច្រើន​នៅ​អាហ្វ្រិក​ មួយៗ​ នំា​គ្នា​ធ្វើ​ការ​ផ្លាស់ប្តូរ​រដ្ឋ​ធម្មនុញ្ញ​ នៅ​ប្រទេស​ខ្លួន​ ដើម្បី​បាន​បន្ត​កាន់​តំណែង​ត​ទៅ​ទៀត ​ដែល​អ្នកខ្លះ​កាន់​ដំណែង​ ២០​ឆ្នាំ ​៣០​ឆ្នាំ​ ក៏​មាន​ដែរ។ ការ​ដែល​គ្មាន​ការ​ផ្លាស់​ប្តូរ​អំណាច​ ផ្លាស់ប្តូរ​អ្នក​ដឹកនាំ​នេះ​ហើយ ​ដែល​ជា​ជម្ងឺ ​ដែល​ធ្វើឲ្យ​ទ្វីប​អាហ្វ្រិក​ នៅ​តែ​ក្រីក្រ ​និង​មាន​អំពើ​ពុក​រលួយ​ចាក់​ឬស ​គាស់​មិន​ចេញ។ លោក​ហ្វ្រង់ស័រ​ ហូឡង់ ​ពេញ​ចិត្ត ​និង​កោត​សរសើ​សេចក្តី​ក្លាហាន​ របស់​ប្រធានាធិបតី​បេណាំង ​ដែល​គាត់​បាន​សន្យា​ជា​ឱឡាឬក​ថា ​លោក​នឹង​មិន ​ឈរ​ឈ្មោះ​នៅ​អាណត្តិ​ទី​បី ​ដែល​នឹង​បោះឆ្នោត​ នៅ​ខែ​មេសា ​ឆ្នាំ​ក្រោយ​នេះ​ទេ។

លោក ប្រធានាធិបតីបារាំង ក្នុងពេល​ពិភាក្សា​ជាមួយ​ប្រធានាធីបតី​បេណាំង
លោក ប្រធានាធិបតីបារាំង ក្នុងពេល​ពិភាក្សា​ជាមួយ​ប្រធានាធីបតី​បេណាំង REUTERS/Charles Placide Tossou

 
នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ទី​២ ​កក្កដា ​នេះ​ដែរ ​លោក ប្រធានាធិបតី​បារាំង ​និង​ធ្វើ​សន្ទរកថា​មួយ​ នៅ​ចំពោះ​មុខ​សមាជិក​សភា​បេណាំង ​ដែល​សន្ទរកថា ​នេះ​សំដៅ​ជារួម​ទៅ​ដល់​ប្រទេស​អាហ្វ្រិក​ទាំង​អស់ ​ឲ្យ​ផ្តល់​អាទិភាព​ដល់​ការ​គោរព​លិទ្ធិ​ប្រជាធិបតេយ្យ ​សិទ្ធិ​សេរីភាព​នយោបាយ​ របស់​អ្នក​នយោបាយ​ផ្សេង​ទៀត ក៏​ដូច​ជា​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​អ្នក​ដឹកនាំ​ ដោយ​ការ​បោះឆ្នោត​សេរី​ពហុបក្ស ​មិនមែន ​បក្ស​តែ​មួយ​កាន់​អំណាច ​តែ​ម្នាក់​ឯង ​ហើយ​​ធ្វើការ​កាត់កង​រដ្ឋ​ធម្មនុញ្ញ ​តាម​តែ​ចិត្ត​នោះ​ទេ។
 
បើ​សន្ទរកថា​របស់​លោក​ប្រធានាធិបតី​ហូឡង់ ​ផ្តោត​ទៅ​លើ​ការ​អំពាវនាវ​ឲ្យ​មេ​ដឹកនាំ​នៅ​អាហ្វ្រិក​ឈប់​ក្រាញ​អំណាច​ តើ​ហេតុអ្វី​បាន​លោក​ហ្វ្រង់ស័រ​ហូឡង់ ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាមេរូន​ ​ទៅវិញ? ព្រោះ​ថា​បើ​និយាយ​ពី​ប្រធានាធិបតី​ក្រាញ​អំណាញ ​គឺ​ប្រធានាធិបតី​កាមេរូន​នេះ​តែ​ម្តង ​ដែល​ជា​ឧទាហរណ៍ ​ដែល​កាន់​អំណាច​ ៣៣​ឆ្នាំ​មក​ហើយ។ ឃើញ​ថា​វា​ផ្ទុយ​គ្នា​ទាំង​ស្រុង។
 
អ្វីដែល​ត្រូវ​ធ្វើ​បន្ទាន់​គឺ​កម្ទេច​ក្រុម​បូកូហារ៉ាម៖
តាម​ការ​ពិត ​វា​មាន​មូលហេតុ​ផ្សេង ​ដែល​ជំរុញ ​ឲ្យ​លោក​ហូឡង់ ​ទៅ​កាមេរូន ​ព្រោះ​ថា​មុន​នឹង​ទៅ លោក​ហូឡង់ ​ក៏​រៀង​ស្ទាក់ស្ទើរ​ដែរ។ មូលហេតុ​ទីមួយ​គឺ​ បារាំង​ ផ្តល់​អាទិភាព​ដល់​តួនាទី​របស់​កាមេរូន ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​បូកូ​ហារ៉ាម ​ដែល​មាន​ទីតាំង​នៅ​នីហ្សេរីយ៉ា ​ជាប់​នឹង​កាមេរូន។ កាមេរូន បាន​បញ្ជូន​យោធា​ខ្លួន ​ប្រមាណ​ជា​៧រយ​នាក់ ​ដើម្បី​ត្រៀម​ទប់ទល់​ ជាមួយ​ក្រុម​បូកូហារ៉ាម​ នៅ​តាម​ព្រំដែន ​ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​ នៅ​ឡើយ​ទេ។

បារាំង​គិត​ថា ​បញ្ហា​នយោបាយ​ ត្រូវ​ទុក​មួយ​ឡែក​សិន។ អ្វី​ដែល​ចាំបាច់​គឺ​ពេល​នេះ ​ត្រូវ​ធ្វើ​យ៉ាង​ណា​កម្ទេច​ក្រុម​បូកូហារ៉ាម ​ឲ្យ​បាន​សិន ​ចាំគិត​ទៀត។ ដ៏រាប​ណា​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ដ៏​សាហាវ​នេះ ​នៅ​តែ​បន្ត​យាយី​សន្តិសុខ​តំបន់ ​នោះ​មាន​ន័យ​ថា​ស្ថិរភាព​សេដ្ឋកិច្ច​ និង​នយោបាយ ​ ក៏​ជួប​បញ្ហា​ ទៅ​តាម​នោះ​ដែរ។ ក្នុង​ន័យ​នេះ ​បារាំង​ចង់​សម្តែង​ប្រាប់​កាមេរូន​ថា ​ក្នុង​បញ្ហា​ប្រយុទ្ធ​នឹង​ក្រុម​បូកូហារ៉ាម​ បារាំង​គាំទ្រ ​និង​នៅ​ពី​ក្រោយ​ កាមេរូន​ជានិច្ច។

មូលហេតុ​ទីពីរ ​គឺ​អាច​ទាក់ទិន​នឹង​អ្នក​ទោស​នយោបាយ​សំខាន់ៗ​ មួយ​ចំនួន​ ដែល​រដ្ឋាភិបាល​កាមេរូន ​ចាប់​ដាក់​គុក ​ដោយ​ចោទ​ពី​បទ​ល្មើស​ផ្សេងៗ។ តែ​តាម​ការ​ពិត ​បទ​ល្មើស​ទាំង​នោះ ​ត្រូវ​គេ​ដឹង​យ៉ាង​ច្បាស់ ​គឺ​គ្រាន់​តែ​ជា​លេស ​ដែល​គេ​យក​មក​លាប ​ដើម្បី​ខ្ទប់​សម្លេង​ប្រឆាំង​តែ​ប៉ុណ្ណោះ។ ក្នុង​ចំណោម​អ្នក​ទោស​នយោបាយ​ទាំង​នោះ ​មាន​លោកស្រី​មេធាវី​ម្នាក់​ ឈ្មោះ Lydienne Yen Eyoum​ ដែល​ជា​ជនជាតិ​កាមេរូន​ តែ​មាន​សញ្ជាតិ​បារាំង​ដែរ។ លោកស្រី​ត្រូវ​បាន​តុលាការ​កាមេរូន​កាត់ទោស​ឲ្យ​ជាប់​ពន្ធធនាគារ ​២៥​ឆ្នាំ ​ដោយ​ចោទ ពី​បទ​ទទួល​​ប្រាក់​សំណូក​ ខុស​ច្បាប់។ លោក​ហូឡង់​ អាច​នឹង​ឆ្លៀត​ឱកាស​នេះ ​បញ្ចុះ​បញ្ចូល​ ប្រធានាធិបតី​កាមេរូន ​ឲ្យ​ដោះលែង​លោក​ស្រី​មេធាវី​រូបនេះ។

អង់ហ្គោឡា និង​បារាំង ​ក្លាយ​ពី​ដៃ​គូ​លក់​អាវុធ ​មក​ជា​ដៃគូ​សេដ្ឋកិច្ច៖
ដោយ​ឡែក​ កម្មវត្ថុ​នៃ​ទស្សនកិច្ច​នៅ​អង់ហ្គោឡា ​គឺ​មាន​លក្ខណៈ​សេដ្ឋកិច្ច​ច្រើន។ តាម​ពិតទៅ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​ ដែល​បារាំង​និង​អង់ហ្គោឡា ​គ្មាន​ទំនាក់ទនង​នឹង​គ្នា​ទាល់​តែ​សោះ ​ដោយសារ​​តែ​មាន​រឿង​អាស្រូវ​លក់​អាវុធ​ខុស​ច្បាប់​ ទៅ​ឲ្យ​អង់ហ្គោឡា​នៅ​រវាង​ពី​ឆ្នាំ ​៩០​ ដល់​ឆ្នាំ ​៩៥ ​ក្នុង​ពេល​ដែល​អង់ហ្គោឡា ​មាន​សង្គ្រាម​ស៊ីវីល។ ខ្ញុំ​សូម​រំលឹក​ត្រួសៗ​ទៅ​ចុះ ​ថា ​ក្នុង​រឿង​អាស្រូវ​នេះ ​តុលាការ​បារាំង​ បាន​ធ្វើការ​ចោទ​ប្រកាន់​ និង​កាត់ទោស​ជនជាតិ​បារំាំង​ ​និង​ជនជាតិ​អង់ហ្គោឡា​ជា​ច្រើន​នាក់ ​ពី​បទ​ឃប់ឃិត​គ្នា ​ជួញដូរ​អាវុធ ​ពី​ប្រទេស​អតីត​សូវៀត ​យក​ទៅ​លក់​ឲ្យ​ក្រុម​បដិបក្ស ​ដែល​ធ្វើ​សង្គ្រាម​ស៊ីវីល ​នៅ​អង់ហ្គោឡា។ អាវុធ​ទាំង​អស់ ​មាន​កាំភ្លើង​ គ្រាប់​បែក ​គ្រាប់​មីន ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា ​៧៩០​លាន​ដុល្លារ។

កាល​ជំនាន់​នោះ ​ម្នាក់ៗ​ដណ្តើម​គ្នា​ចង់​ដឹកនាំ​អង់ហ្គោឡា ​ដោយសារ​ប្រទេស​នេះ​មាន​ប្រេង។ ប៉ុន្តែ​ឥឡូវ​ប្រេង​កាន់តែ​ខ្សត់​ទៅ​ហើយ ​ទើប​រដ្ឋាភិបាល​អង់ហ្គោឡា​ ចង់​កាច់​ចង្កូត​សេដ្ឋកិច្ច​ ទៅ​រក​ប្រភព​ផ្សេង​ទៀត ​តួយ៉ាង​ដូច​ជា​វិស័យ​ទេសរចណ៍ ​និង​វិស័យ​ថាមពល​ប្រកប​ដោយ​និរន្តរ​ភាព ​ដូច​ជា​ថាមពល​ ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ជាដើម។ ត្រង់​នេះ ​ហើយ​ដែល​អង់ហ្គោឡា ​និង​បារាំង ​បាន​សម្លឹង​ឃើញ​ប្រយោជន៍​ទៅវិញ ​ទៅមក។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​  លោក​ប្រធានាធិបតី​បារាំង​ នឹង​ដឹកនាំ​ប្រធាន​ក្រុមហ៊ុន​បារាំង​ជាង​៥០​នាក់ ​បើក​វេទិកា​សេដ្ឋកិច្ច​ទ្វេរភាគី​ជាមួយ​នឹង​ អង់ហ្គោឡា​នៅ​ទី​ក្រុង ​លូអង់ដា ​រដ្ឋធានី​អង់ហ្គោឡា។ បើ​តាម​ការ​គ្រោងទុក ​នឹង​មាន​ការ​ចុះ​ហត្ថលេខា ​លើ​ការ​បើក​បន្ថែម​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារំាង​ Air France​ ដោយ​ផ្ទាល់​ពី​ក្រុង​បារីស ​ទៅ​ក្រុង ​លូអង់ដា ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍។

លោក Georges Chikoti រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អង់ហ្គោឡា ​បាន​សម្តែង​ការ​ពេញចិត្ត​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង ​ដោយ​លោក​បាន​បញ្ជាក់​ថា ​ទស្សនកិច្ច​នេះ​ វា​ចំ​ពេល​តែ​ម្តង ​ដែល​អង់ហ្គោឡា​ កំពុងតែ​រៀបចំ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ខ្លួន ​មិនឲ្យ​រំពឹង​ទាំង​ស្រុង​ តែ​លើ​វិស័យ​ប្រេង​ឥន្ធនៈ។ ដូច្នេះ ​ក្រុមហ៊ុន​​បារាំង ​តាម​រយៈ​គំនិត​ច្នៃ​ប្រឌិត ​និង​ហ៊ុន​វិនិយោគ​របស់​បារាំង​ អាច​និង​ជំរុញ​សេដ្ឋកិច្ច​អង់ហ្គោឡា ​ឲ្យ​ផ្លាស់ប្តូរ​​មុខមាត់​​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ